ការ​ចាកចេញ​របស់​ជនជាតិ​ចិន​មួយ​រយៈ​នេះ​តើ​ប៉ះពាល់​អ្វី​ដែរ​ទេ​ដល់​ការ​វិនិយោគ​នៅកម្ពុជា ?


​រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​បិទ​អាជីវកម្ម​ហ្គេ​ម​អន​ឡាញ​នៅ​កម្ពុជា បាន​ធ្វើ​ឱ្យ​ជនជាតិ​ចិន​មួយ​ចំនួន​ធំ​ដែល​រកស៊ី​តាម​រយៈ​ហ្គេ​ម​អន​ឡាញ​នេះ​សម្រុក​ចាកចេញ​ជា​បន្តបន្ទាប់​ពី​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ជនជាតិ​ចិន​រស់នៅ​ច្រើន​ជាងគេ​នោះ ក៏​ចាកចេញ​ច្រើន និង​មាន​មតិ​លើក​ឡើង​ថា​អាច​នឹង​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ ។

ទន្ទឹម​នឹង​នេះ​ដែរ ក៏​មាន​បងប្អូន​ខ្លះ​បាន​លើក​ឡើង​ថា ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ដែល​ជា​អ្នកលេង​ល្បែង​ហ្គេ​ម​អន​ឡាញ នឹង​ធ្វើ​អោយ​កម្ពុជា​កាន់តែ​មាន​ភាព​ទាក់ទាញ​ដល់​ការ​វិនិយោគ​ត្រឹមត្រូវ​ទៅ​វិញ​ទេ ព្រោះ​ជនជាតិ​ចិន​ដែល​បាន​នឹង​កំពុង​ចាក​ចេញពី​កម្ពុជា​ជា​ច្រើន​នោះ គឺ​ពាក់ព័ន្ធ​តែ​ការ​រកស៊ី​ហ្គេ​ម​អន​ឡាញ​ដែល​ធ្លាប់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ ព្រោះ​វិនិយោគិន​ចិន​ដែល​ត្រឹមត្រូវ​មិន​បាន​ចាក​ចេញពី​កម្ពុជា​នោះ​ទេ ។ តែ​ក៏​មាន​អ្នកវិភាគ​សេដ្ឋកិច្ច​បាន​បញ្ជាក់​ថា​ការ​ចាកចេញ​យ៉ាង​គំហុក​របស់​ជនជាតិ​ចិន​ពី​កម្ពុជា​ក៏​បា​នប​ន្ក​ឲ្យ​មាននូវ​ផល​ប៉ះពាល់​រយៈពេល​ខ្លី នោះ​គឺ​ពាក់ព័ន្ធ​នឹង​ការ​ជួល​ផ្ទះសម្បែង និង​អា​ផា​មិន​ឲ្យ​ជនជាតិ​ចិន​ដែល​រកស៊ី​ខាង​ហ្គេ​ម​អន​ឡាញ​នោះ​ដែរ ។អ​ញ្ចឹ​ង​តើ​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ពី​កម្ពុជា​នៅ​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​មកនេះ អាច​មាន​ផល​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ដែរ​ឬទេ​សម្រាប់​ការ​វិនិយោគ​នៅ​កម្ពុជា?

បើ​តាម​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ពី​កម្ពុជា ក្នុង​រយៈពេល​កន្លង​មកនេះ មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ទិញ​-​លក់​អចលនទ្រព្យ​នៅ​កម្ពុជា​នោះ​ទេ ព្រោះ អ្នក​ដែល​ចាកចេញ​ជា​អ្នកលេង​ល្បែង អ្នកលេង​ហ្គេ​ម មិនមែន​ជា​អ្នក​វិនិយោគ​នោះ​ឡើយ ។ ផ្ទុយ​ទៅ​វិញ មាន​ជនជាតិ​ចិន​មួយ​ចំនួន ចូល​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

​លោក​បាន​និយាយ​បញ្ជាក់​ថា «​ចិន​ដែល​ចេញពី​កម្ពុជា មិន​ប្រាកដ​ថា​គាត់​ត្រលប់​ទៅ​ប្រទេស​គាត់​វិញ​នោះ​ទេ គឺ​គាត់​នឹង​ស្វែងរក​ប្រទេស​ណា​ក្បែរ​ៗ​កម្ពុជា ដើម្បី​ងាយស្រួល​រកស៊ី​របរ​របស់​ពួក​គាត់​ក្នុង​វិស័យ ហ្គេ​ម​អន​ឡាញ​នេះ ។ ហើយ​ការ​ចាកចេញ​របស់​ពួក​គេ​ក្នុង​រយៈពេល​កន្លង​មកនេះ មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ទិញ​-​លក់​អចលនទ្រព្យ​នៅកម្ពុជា​នោះ​ទេ មិនមែន​ជា​អញ​នក​វិនិយោគ​លើ​វិស័យ​សំខាន់​ៗ​នៅ​កម្ពុជា​ឡើយ​» ។ លោក​បាន​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​បាន​គិតគូរ​ច្បាស់លាស់​បញ្ហា​នេះ ហើយ​មិន​ចង់ឱ្យ​មាន​អាជីវកម្ម​ហ្គេ​ម​អន​ឡ​ញ​នៅ​កម្ពុជា​បន្ត​ទៀត​នោះ​ទេ ដូច្នេះ រដ្ឋាភិបាល​ត្រូវ​តែ​ចាត់វិធានការ​ចំពោះ​អាជីវកម្ម​ណា​ដែល​គិត​ថា​មិន​បានឱ្យ​មានការ​អភិវឌ្ឍ​ដោយ​ចីរភាព​ចេញ ។​កម្ពុជា​ចង់បាន​វិនិយោគិន​ណា​ដែល​មក​វិនិយោគ​ពិតប្រាកដ ដូច្នេះ​ការ​ចាកចេញ​របស់​អ្នកលេង​ហ្គេ​ម នឹង​ជំនួស​មក​វិញ នូវ​អ្នក​វិនិយោគ ដោយសារ​តែ​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ប្រៀប​ដូច​ជា​កូនក្រមុំ​មិន​ទាន់​តែងខ្លួន​ឬ​ទើបនឹង​តែងខ្លួន​បាន​តិចតួច ។

លោក ច្រឹ​ក សុខ​នី​ម បាន​មាន​ប្រសាសន៍​បន្ថែម​ថា « យើង​មាន​ទីកន្លែង​ជា​ច្រើន ដែល​ត្រូវ​អោយ​វិនិយោគិន​បរទេស​មក​បណ្ដាក់​វិនិយោគ ដូច​ជា​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​តំបន់​ជា​ច្រើន​ទៀត ដែល​សុទ្ធសឹងតែ​អាច​ផ្ដល់​ឱកាស​វិនិយោគ​ដល់​វិនិយោគិន​ក្នុង​និង​ក្រៅប្រទេស » ។ លោក​បាន​បន្ត​ថា «​យើង​មិន​អាច​បដិសេធ​បាន​ទេពី​ផល​ប៉ះពាល់​ទៅ​លើ​ជនជាតិ​ខ្មែរ ដោយសារ​តែ​ការ​ចាកចេញ​របស់​ជនជាតិ​ចិន ព្រោះ​អាជីវកម្ម​ខ្មែរ​មួយ​ចំនួន​ក៏​កំពុង​រកស៊ី​ជាមួយ​ជនជាតិ ដូច​ជា​ការ​ជួល​ផ្ទះ​អោយ​ជនជាតិ​ចិន​ទាំងនោះ ដូច្នេះ​នៅ​ពេល​ជនជាតិ​ចាកចេញ​ទៅ​វិញ គេ​នឹង​ផ្ដាច់​កុងត្រា​ជួល​ផ្ទះ ពី​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​អោយ​ខ្មែរ​មួយ​ចំនួន​រង​ផល​ប៉ះពាល់ ។ ក្រៅពី​នោះ​ក៏​មាន​អាជីវកម្ម​ផ្សេង​ទៀត​ដូច​ជា សេវា​ដឹក​ជញ្ជូន សេវាកម្ម​កម្សាន្ត ដែល​ផ្ដល់​ជូន​ជនជាតិ​ចិន ក៏​រង​ផល​ប៉ះពាល់​ផង​ដែរ ក៏​ប៉ុន្តែ​ផល​ប៉ះពាល់​នេះ​នឹង​មាន​រយៈពេល​ខ្លី ប៉ុណ្ណោះ » ។

លោក ជា ច័ន្ទ​បរិបូណ៌ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ច​រឹក​របស់​ទេសចរ​ចិន​ទីណា​មាន​ល្បែង និង​ផ្សារ​ទំនើប ពួក​គេ​ចូល​ចិត្ត​ណាស់ ។ បើ​តាម​ការ​ប្រាប់​ពី​អ្នក​រស់នៅ​ប្រទេស​បារាំង ថា​ទេសច​ចិន​ម្នាក់​ៗ​បាន​ចំណាយ​លុយ​យ៉ាងច្រើន​ទិញ​ផលិតផល​ដូច​ជា​ស្រា គ្រឿងសំអាង​ជាដើម ។ ​លោក​បាន​បន្ត​ថា «​នៅ​បារាំង​និយាយ​ថា ពេល​ពួក​គេ​ទៅ​លេង​អឺរ៉ុប ហាង​ល្បី​ៗ​នៅ​ប៉ា​រី​ស រីករាយ​ណាស់​ពេល​ឃើញ​ទេសចរណ៍​ចិន​» ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ វិនិយោគិន និង​ទេសចរ​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ឈរ​លំដាប់​ទី​មួយ និង​នៅ​រក្សា​បាន​លំដាប់​ទី​១​ដដែល គិត​ត្រឹម​ដំណាច់ខែ​កក្កដា ឆ្នាំ​២០១៩​នេះ ខណៈ​រដ្ឋាភិបាល​បាន​ប្រកាស​ស្វាគមន៍​គ្រប់​វិនិយោគិន​មក​ពី គ្រប់​ទិស​ទី​លើ​ពិភពលោក ដើម្បី​ចូល​មក​បណ្ដាក់ទុន​វិនិយោគ ទៅ​លើ​វិស័យ​នានា​តាម​ជំនាញ ។

លោក គី សេរី​វឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច បាន​មាន​ប្រសាសន៍​ថា «​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ពី​កម្ពុ​ជានា​ពេល​នេះ គឺ​ធ្វើ​ឡើង​ដោយ​គំហុក ហើយ​វា​អាច​នឹង​ប៉ះពាល់​ក្នុងរយៈពេល​ខ្លី ជាក់ស្ដែង អ្នក​ធ្វើ​ផ្ទះ​ជួល​ឬ​អគារ​អោយ​ចិន​ដែល​ខ្ចី​លុយ​ពី​ធនាគារ មក​ពង្រីក​ផ្ទះ​ជួល តែ​នៅ​ពេល​ដែល​ចិន​ត្រលប់​ទៅ​វិញ ពេល​នោះ ម្ចាស់ផ្ទះ​ជួល​នឹង​ត្រូវ​បាត់​ចំណូល​មួយ​ចំណែក​ពី​ចិន​» ។ លោក​បន្ត​ថា ទោះជា​ការ​ចាកចេញ​របស់​ចិន​ដោយសារ​តែ​ការ​បិទ​ហ្គេ​ម​អន​ឡាញ ក៏​មាន​ភាព​វិជ្ជមាន​ផង​ដែរ នៅ​ក្នុង​រយៈពេល​វែង ព្រោះ​អ្នក​ដែល​មក​ប្រកប​របរ​ហ្គេ​ម​អន​ឡាញ​មួយ​ចំនួន​ធំ មាន​ឥរិយាបថ​មិនសូវ​ល្អ​ប៉ុន្មាន​ទេ ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​វិនិយោគិន​ដែល​គេ​ល្អ​ៗ ។ ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ដែល​លេង​ហ្គេ​ម​អន​ឡាញ​ទាំងនេះ នឹង​នាំ​មក​វិញ​នូវ​ការ​ទេសចរ​បរទេស វិនិយោគិន ហើយ​រដ្ឋាភិបាល​ក៏​គួរ​ត្រៀម​រៀបចំ​ទទួល​ស្វា​គម​វិនិយោគិន និង​ទេសចរ​បរទេស​ពី​ប្រទេស​ផ្សេង​ទៀត ដែល​គេ​នឹង​មក​កម្ពុជា ។

សូម​បញ្ជាក់​ថា​លោក ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ឱកាស​ប្រជុំ​ជាមួយនឹង​ប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីស្តីការក្រសួង​កាលពី​ថ្ងៃ​ទី ១២ ខែកញ្ញា ឆ្នាំ​២០១៩ កន្លង​ទៅ​ក៏​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​គឺ​មិន​ប៉ះពាល់​ដល់​វិស័យ​ដីធ្លី​និង​អចល​ទ្រព្យ​នៅ​កម្ពុជា​នោះ​ទេ ។ ត្រង់នេះ​លោក ជា សុ​ផា​រ៉ា ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា តម្លៃ​អចល​ទ្រព្យ​គឺ​នៅ​តែ​មាន​ទីផ្សារ​ល្អ​ប្រសើរ ទោះបី​ជនជាតិ​ចិន​ចាកចេញ​ច្រើន​ក៏ដោយ ៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ