ដឹង​ពី​ជីវិត​ពិត​របស់​កម្មករ​អូស​រទេះ​បន្លែ​ផ្លែឈើក្នុង​ផ្សារ​នាគ​មាស​-​ផ្សារ​ដើម​គ


រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​បញ្ហា​ជីវភាព​និង​អាកាសធាតុ​រាំង​ស្ងួត ត​ម្រួ​វ​ឱ្យ​ពួក​គាត់​បាន​ចាក​ចេញ
ពី​ស្រុក​កំណើត​មក​ភ្នំពេញ​ ធ្វើ​ជា​កម្មករ​ស៊ី​ឈ្មួ​ល​អូស​រទេះ​បន្លែ​នៅ​ផ្សារ​នាគ​មាស ដោយ​គ្មាន​ទីជម្រក​ពិត​ប្រាកដ​ទេ ស្នាក់​នៅតែ​តាម​សំយាបផ្ទះ​និង​អគារ​ម៉ុង​ឌី​យ៉ា​ល់​ដែល​ទុក​ចោល ដើម្បី​ខិតខំ​រក​លុយ​សន្សំ​ប្រាក់ ទុក​យក​ទៅ​ចិញ្ចឹម​ប្រពន្ធ​កូន ឪពុក​ម្តាយ​ចាស់ជរា ដែល​កំពុង​តែ​ទន្ទឹងរង់ចាំ​នៅ​ឯ​ស្រុក​កំណើត ។ នេះ​ជា​ការ​រៀបរាប់​ពី​ខ្សែ​ជី​វីត​ពិត​របស់​កម្មករ​អូស​រទេះ​បន្លែ និង​ផ្លែ​ឈើ​ជា​ច្រើន​នាក់​ នៅ​ផ្សារ​នាគ​មាស​និង​ផ្សារ​ដើម​គរ ដែល​កំពុង​តែ​ស៊ី​ឈ្មួ​ល​ទាំង​យប់​ទាំង​ថ្ងៃ សូ​ម្បី​តែ​ភ្លៀង​ក៏​មិន​ហ៊ាន​ឈប់​សម្រាក​ដែរ​ដើម្បី​ប្រាក់។

ជួប​ជាមួយ​កម្មករ​ម្នាក់​ឈ្មោះ វ៉ា​ន់ វ៉ុ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​លំនៅ​ភូមិ​ម៉ឺន​ពួក ឃុំ​ជ្រៃ ស្រុក​ស្វាយ
​អ​ន្ទ​រ ខេត្តព្រៃវែង បានឱ្យ​ដឹង​ថា ដោយសារ​តែ​នៅ​ស្រុក​គ្មាន​ភ្លៀង​អត់​ទឹក​ធ្វើស្រែ គាត់​និង​ប្អូនប្រុស​ឈ្មោះ វ៉ា​ន់ ចាន់​ដា​អាយុ​៣២​ឆ្នាំ បាន​ធ្វើ​ដំណើរ​ចាកចោល​ស្រុក​កំ​ណើ​រ​រយៈពេល​ប្រមាណ​២​ខែ មក​ធ្វើ​ជា​កម្មករ​អូស​រទេះ​បន្លែ​និង​ផ្លែ​ឈើ​នៅ​ភ្នំពេញ​នេះ ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ចិញ្ចឹម​ប្រពន្ធ​កូន និង​ឪពុក​ម្តាយ​ចាស់ជរា ។ គាត់​ថា​មិន​ចង់ទៅ​ក្រៅ​ស្រុក​ទេ នៅ​ក្នុងស្រុក​ងាយស្រួល​ទៅ​ផ្ទះ ។

លោក វ៉ា​ន់ វ៉ុ​ន បាន​ត្អួ​ញ​ត្អែ​រថា ការ​ប្រកប​មុខរបរ​ធ្វើ​ជា​កម្មករ​នេះ មានការ​លំបាក​ណាស់ រក​មិន​ស្រូវ​បាន​នោះ​ទេ ដោយ​ឥឡូវនេះ​មាន​អ្នកស្រុក​ជា​ច្រើន បាន​នាំ​គ្នា​មក​ធ្វើ​ជា​កម្មករ​អូស​រទេះ​បន្លែ​និង​ផ្លែ​ឈើ​នេះ ។ ជា​រៀងរាល់ថ្ងៃ គាត់​បាន​រកស៊ី​ស្ទើរតែ​គ្មាន​ថ្ងៃ​សម្រាក​សូ​ម្បី​តែ​ភ្លៀង​ក៏​មិន​សម្រាក​ដែរ ។

គាត់​ថា​ជា​ទូទៅ​ក្រោក​ពី​ម៉ោង​ប្រមាណ​១​ទៅ​២​យប់ ដើម្បី​រក​ម៉ូយ​រហូត​ម៉ោង​ប្រមាណ​៦​ទៅ​៧​ព្រឹក​ឈប់​សម្រាក​ហូប​បាយ ហើយ​ម៉ោង​ប្រមាណ​១០​ព្រឹក ក៏​បាន​បន្ត​ទៀត រហូត​ដល់​ម៉ោង​ប្រមាណ​៥​រសៀល ជួន​កាល​មិន​ហ៊ាន​សម្រាក​នោះ​ទេ ព្រោះ​ខ្លាច​ម៉ូយ​គេ​ខឹង គេ​រក​មិនឃើញ ឬ​យឺតយ៉ាវ ក្នុង​ការ​ចល័ត​បន្លែ ។ នៅ​ក្នុង​ការ​អូស​រទេះ​ម្តង​ៗ​បាន​ប្រមាណ​២​ទៅ​៣​ពាន់​រៀល​ទៅ​តាម​ជិត​ឬ​ឆ្ងាយ ។

កម្មករ​រូប​នោះ​ក៏​បាន​បន្ត​ទៀត​ថា កន្លង​មក នៅ​ក្នុង​មួយ​ថ្ងៃ រកបាន​ប្រមាណ​៥​ទៅ​៦​ម៉ឺន​រៀល តែ​ឥឡូវ​មាន​កម្មករ​ច្រើន ដោយ​ផាត់​ថ្លៃ​បាយ ថ្លៃ​រទេះ ជួល​គេ​២​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ និង​ថ្លៃ​បង្គន់ ងូតទឹក​ជាដើម នៅ​សល់​តែ​ប្រមាណ​២​ទៅ​៣​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ​អត់​មាន​ឈ្មួ​ល​ផ្ទះ​ទេ ។ កម្មករ​រូប​នោះ​បានឱ្យ​ដឹង​ទៀត​ថា គាត់​មក​រកស៊ី​នេះ គ្មាន​ផ្ទះសម្បែង​ស្នាក់​នៅទេ ដេក​តែ​តាម​សំយាបផ្ទះ​និង​ក្រោម​អគារ​របស់​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់​ដែល​ស្ងប់ស្ងាត់ ។

គាត់​ថា ងូតទឹក​១០០០​រៀល​, បត់ជើង​៥០០​រៀល និង​បោក​ខោអាវ​១.៥០០​រៀល ។ បើ​ចំណាយ​ប្រាក់​ជួល​ផ្ទះ​គ្មាន​លទ្ធភាព​ទេ គឺ​រក​អោយ​តែ​ថ្លៃ​ផ្ទះ ពេល​នេះ​ខំ​សន្សំ​ហើយ រយៈពេល​ប្រមាណ​កន្លះ​ខែ​ឬ​១​ខែ ទៅ​ស្រុក​​ម្តង សល់​ប្រាក់​ប្រមាណ​៥០​ទៅ​៦០​ម៉ឺន​រៀល​ដែរ​យក​ទៅ​ផ្ទះ ។ ឈ្មោះ​ភៀន ភា អាយុ​៤៤​ឆ្នាំ ដែល​ជា​កម្មករ​ដូច​គ្នា មាន​លំនៅ​ភូមិ​ក្រាំង​ចំបក់ ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បានឱ្យ​ដឹង​ដូច​គ្នា​ដែរ ។

លោក ភៀន ភា បានឱ្យ​ដឹង​ថា គាត់​មាន​ដីស្រែ​២​ហិ​កតា​ធ្វើស្រែ​មិន​បាន​នោះ​ទេ ដោយសារ​តែ​អត់​ភ្លៀង ។ នៅ​ឆ្នាំ​កន្លង​មក​អត់​ភ្លៀង ស្រូវ​ងាប់​អស់ហើយ​ឆ្នាំ​នេះ​មិន​ទាន់​មានទឹក​គ្រប់គ្រាន់​នៅឡើយ ។ ដោយសា​តែ​អាកាសធាតុ​រាំង​ស្ងួត អ្នក​ភូមិ​របស់​គាត់​ប្រមាណ​១០​នាក់ បាន​ចាកចោល​ស្រុក​កំណើត បោះបង់​ដីស្រែ​នាំ​គ្នា​មក​ធ្វើ​ជា​កម្មករ អូស​រទេះ​បន្លែ​និង​ផ្លែ​ឈើ​នៅ​ផ្សារ​ដើម​គរ​និង​នាគ​មាស ដេក​តាម​សំ​យ៉ាប​ផ្ទះ​គេ​សន្សំ​ប្រាក់​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​គ្រួសារ ។

គួរ​បញ្ជាក់​ថា ផ្សារ​នាគ​មាស និង​ផ្សារ​ដើម​គរ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ​ខណ្ឌ​ទួ​ក​គោក រាជធានី​ភ្នំពេញ ជាទី​ផ្សារ​បន្លែ​និង​ផ្លែ​ឈើ​យ៉ាង​ធំ​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ​និង​វៀតណាម​ព្រមទាំង​តំបន់​នានា​ក្នុង​ប្រ​ទស ហើយ​បាន​ចែកចាយ​ទៅ​តាម​ទីផ្សារ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត នៅ​ទូ​ទាំង​រាជាណាចក្រ​កម្ពុជា ៕ ​(សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ