បើតាមបុរាណាចារ្យរាជបណ្ឌិតខ្មែរយើងយល់ឃើញថា បានជាពិធីបុណ្យភ្ជុំបិណ្ឌនេះ គេតែងប្រារព្ធឡើងនៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវកាលនេះ ពពួកប្រេតដែលនៅមានកម្មស្រាលអាចមានឱកាសច្រើនក្នុងការស្វែងរក ចំណីអាហារជាងរដូវផ្សេងៗ ព្រោះជារដូវសម្បូរភ្លៀង ហើយអាហាររបស់ពួកប្រេតក៏សម្បូរដូចជា លាមក ភក់ជ្រាំ ស្លេស្ម៍ កំហាក ខ្ទុះ ឈាម សាកសព និងកាកសំណល់អសោចិ៍…មានច្រើននៅក្នុងខែភ្លៀងនេះ ។
បានឮមកថា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃនេះ មានពួកប្រេតជាសាច់ញាតិទាំងប្រាំពីរសណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្ប ដែលស្រេកឃ្លានអាហារអស់កាលជាយូរមកហើយនោះ ត្រូវបានរួចផុតពីការឃុំឃាំងរបស់មច្ចុរាជ អនុញ្ញាតឲ្យមកស្វែងរកសាច់ញាតិ នៅតាមវត្តអារាមផ្សេងៗ ដែលនាំយកចំណីអាហារមកឧទ្ទិសកុសលឲ្យខ្លួន ។
បើតាមសម្ដីចាស់បុរាណយើងនិយាយតៗគ្នាថា ក្នុងរយៈពេល១៥ថ្ងៃ នេះបើពួកប្រេតទាំងអស់នោះ ដើរស្វែងរកញាតិចំនួន៧វត្តនៅតែមិនឃើញទេ ពួកប្រេតទាំងអស់នោះនឹងស្រែកយំកន្ទក់កន្ទេញ ទន្ទ្រាំជើង ព្រោះតែការខកបំណង និងភាពស្រេកឃ្លានក្រហល់ក្រហាយដ៏ក្រៃលែង ហើយពួកប្រេតទាំងនោះ នឹងជេរដាក់បណ្ដាសាដល់សាច់ញាតិ កូនចៅដោយប្រការផ្សេងៗមិនខាន ។
ព្រោះហេតុនេះសាធុជនជាសប្បុរសគួររកពេលវេលាដ៏សមស្របណាមួយដើម្បីធ្វើចង្ហាន់ទៅវត្តអារាមយ៉ាងតិចឱ្យបានមួយវត្តក្នុងរយៈពេល១៥ថ្ងៃនេះចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់សាច់ញាតិដែលបានស្លាប់ទៅហើយនោះ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ