សាកសពសត្វពស់ដ៏ធំមួយក្បាលត្រូវបានគេរកឃើញក្នុងភ្លើងឆេះព្រៃនៅប្រទេសឥណ្ឌូនេស៊ី នាពេលកន្លងមក ។ ភ្លើងឆេះព្រៃនេះបានបណ្តាលឱ្យមនុស្សជាច្រើនទទួលរងនូវផ្សែងអ័ព្ទយ៉ាងក្រាស់ ហើយសត្វដែលរស់នៅក្នុងព្រៃក៏រងផលប៉ះពាល់យ៉ាងខ្លាំងក្លាផងដែរ ។
សត្វពស់ដែលត្រូវបានគេគិតថា ជាក្រុមគ្រួសារពស់ថ្លាន់មួយចំនួនបានងាប់ដោយសារតែភ្លើងព្រៃនេះផងដែរ ដោយក្នុងនោះមានពស់ថ្លាន់យក្សដ៏កម្រមួយក្បាល បានងាប់នៅក្នុងហេតុការនេះដែលវាមានប្រវែងរហូតដល់ទៅ១០,២០ម៉ែត្រឯណោះ ។
ក្រុមអភិរក្ស CAN Borneo ត្រូវបានគេរាយការណ៍ថា បានបង្ហោះវីដេអូក្នុងពេលដែលប្រជាជនក្នុងតំបន់នោះកំពុងអូសសត្វពស់ដែលងាប់ចេញពីព្រៃដែលឆេះនៅឯ Baamang Tengah ភាគកណ្តាល Kalimantan នៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី ១៣ ខែកញ្ញាមកនេះ ។
គួរបញ្ជាក់ផងដែរថា អគ្គិភ័យដ៏ធំនេះបានលេបត្របាក់ដីព្រៃក្នុងទំហំ៨០០.០០០ អា ហើយបើតាមការរាយការណ៍ គឺកសិករបានដុតបំផ្លាញព្រៃ ដើម្បីយកដីថ្មីសម្រាប់ដាំដុះដំណាំ ។ ដោយសារតែវាជារដូវក្តៅ និងរាំងស្ងួតនៅឆ្នាំនេះបានធ្វើឱ្យការឆេះកាន់តែធ្ងន់ធ្ងរ ។
ទូរទស្សន៍ CNN បានរាយការណ៍ថា អាជ្ញាធរបានចាប់ខ្លួនមនុស្សចំនួន១៨៥នាក់ ដោយត្រូវបានចោទប្រកាន់ពីបទផ្តើមឱ្យមានភ្លើងឆេះព្រៃ ហើយត្រូវបានស៊ើបអង្កេត ៕ កែសម្រួលដោយ ៖ សុឃាក់
ប្រភព ៖nextshark
ចែករំលែកព័តមាននេះ