ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​រង​ប៉េ​អឹមស្រុក​សំឡូតដែល​ត្រូវ​មេ​​ខ្លួន​ចាក់​​ភ្នែក​ម្ខាង​…​​ចេញ​មុខ​បំភ្លឺ

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ៖​ បន្ទាប់​ពី​មន្ត្រី​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស លោ​កអេង ហ៊ី ចេញ​សេចក្ដី​ប្រកាស​ព័​ត៌​មាន​ជា​សាធារណៈ កាលពី​ថ្ងៃ​ទី​២០ កញ្ញា អំពី​សំណុំរឿងលោក​ជួប ណូ…

​ខេត្តបាត់ដំបង ៖​ បន្ទាប់​ពី​មន្ត្រី​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស លោ​កអេង ហ៊ី ចេញ​សេចក្ដី​ប្រកាស​ព័​ត៌​មាន​ជា​សាធារណៈ កាលពី​ថ្ងៃ​ទី​២០ កញ្ញា អំពី​សំណុំរឿងលោក​ជួប ណូ មេបញ្ជាការចាក់​ភ្នែក​លោក​ឈឿ​ង សុ​ផាត មេបញ្ជាការ​រង​របស់​ខ្លួន​ស្ទើរ​ខ្វាក់​ភ្នែក​ម្ខាង ហើយ​បាន​ចោទ​ថា លោក​មេ​​បញ្ជា​ការ​រង​រូប​នេះ​ស្រវឹងស្រា ហើយ​ស្ទុះ​ទៅ​វាយ​លោក​មេបញ្ជាការ​របស់​ខ្លួ​ន​នោះ ពេល​នេះ​ លោក​ឈឿ​ង សុ​ផាត បាន​ចេញ​មុខ​បំភ្លឺ​ភ្លាម​ៗ​ ដោយ​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌​មាន​របស់​អ្នកនាំពាក្យ​ផ្ទៃ​ប្រទេស​ ។ សូមរំលឹក​ថា៖ «បាត់​ឌី​ណា​ម៉ូ​ឡាន​បា​កុង»​មេ​ប៉េ​អឹម​ស្រុក​សំឡូត​ ចាក់​ភ្នែក​មេ​ប៉េ​អឹមរង​របស់​​ខ្លួន​​

លោក​ឈឿ​ង សុ​ផាត មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​សំឡូត (​ជន​រង​គ្រោះ​) បាន​ផ្ដល់​បទ​សម្ភាស​ន៍​ជាមួយ​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២១ កញ្ញា នេះ​ថា នៅ​យប់​កើតហេតុ​នោះ លោក​មិន​បាន​ផឹកស្រា​ទេ ហើយ​ក៏​មិន​បាន​ទៅ​វាយ​លោក​ជួប ណូ ជា​មេបញ្ជាការ​របស់​ខ្លួន ដូច​ការ​ប្រកាស​ព័​ត៌មាន​របស់​មន្ត្រី​នាំពាក្យ​ដែរ​ ។ លោក​បាន​ប្រាប់​ថា លោក​ជួប ណូ ទេ ​ដែល​ផឹក​ស្រវឹង​នៅ​យប់​កើតហេតុ​នោះ ទើប​មក​បង្ក​ហិង្សា​លើ​រូប​លោក ជាមួយនឹង​ការ​ចោទ​លោក​ថា បាន​លួច​ដោះ​«​ឌី​ណា​ម៉ូ ឡាន​បា​កុង​»​ ។

ពាក់ព័ន្ធ​នឹង​សំណុំរឿង​ហិង្សា​រវាង​លោក​ជួប ណូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សំឡូត ជាមួយនឹង​លោក​ឈឿ​ង សុ​ផាត មេបញ្ជាការ​រង​នេះ លោ​កអេង ហ៊ី មន្ត្រី​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស បាន​សរសេរ​ប្រកាស​ជួន​ដំណឹង​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​លោក កាលពី​ថ្ងៃ​ទី​២០ កញ្ញា ថា «​ដំណើ​ររឿង គឺ​មិន​ពិត​ដូច​សារ​ព័​ត៌​មាន​មួយ​ចំនួន ​ដែល​បាន​ផ្សព្វផ្សាយ​កន្លង​ទៅ​នោះ​ទេ​»​ ។

មន្ត្រី​នាំពាក្យ​រូប​នេះ បាន​សរសេរ​ដោយ​យោង​លើ​របាយ​ការ​ណ៍​របស់​លោក​មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​យ៉ាង​ដូច្នេះ​ថា «​រឿង​នេះ ​កើតឡើង​ដោយសារ​លោក​ឈឿ​ង សុ​ផាត បាន​ប្រព្រឹត្ត​
ឱ្យ​មាន​កំហុស និង​ល្មើស​វិន័យ​កងកម្លាំង ហើយ​លោក​ជួប ណូ បាន​សួរនាំ​អំពី​កំហុស​នោះ បែរជា​លោក​
ឈឿ​ង សុ​ផាត ចូល​ទៅ​វាយ​លោក​ជួប ណូ ខណៈ​ដែល​លោក​ឈឿ​ង សុ​ផាត ស្រវឹងស្រា​ផង​ដែរ​»​ ។

លោ​កអេង ហ៊ី បាន​ស្រង់​របាយ​ការ​ណ៍លោក​មេបញ្ជាការ​ខេត្ត​មក​សរសេរ​ទៀត​ថា «​ចំពោះ​របួស​នោះ​មិនមែន​លោក​ជួប ណូ យក​សោ​​ចាក់​ភ្នែក​ទេ គឺ​មាន​សាក្សី​ឃើញ ពេល​វាយតប់​គ្នា​នោះ ​។ រឿង​នេះ​ក៏​មានការ​សម្រប​ស​ម្រូ​ល​តាំងពី​ពេល​កើតហេតុ​ភ្លាម​ៗ ព្រោះ​ជា​រឿង​ផ្ទៃក្នុង​»​។ ប៉ុន្តែ​លោ​កអេង ហ៊ី ក៏​បាន​សុំទោស​ផង ដែល​លោក​មិន​បាន​បកស្រាយ​រឿង​នេះ​ជូន​សាធារណៈជន​ភ្លាម​ៗ ដោយសារ​ជា​រឿង​ផ្ទៃក្នុង​អង្គភាព តែបើ​ករណី​ធ្ងន់ធ្ងរ​យើង​នឹង​អនុវត្ត​តាម​ច្បាប់​ហើយ​ ។

ផ្ទុយ​ពីរ​បាយ​ការ​ណ៍​លោក​មាស សុវណ្ណ មេបញ្ជាការ​ខេត្ត ដែល​រាយ​ការ​ណ៍​ជួន​លោ​កអេង ហ៊ី មន្ត្រី​នាំពាក្យ​ផ្ទៃ​ប្រទេស លោក​ឈឿ​ង សុ​ផាត ដែល​អះអាង​ថា ខ្លួន​ជា​ជន​រង​គ្រោះ​ដោយសារ​លោក​ជួប ណូ ចាក់​របួស​ភ្នែក​ម្ខាង​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ថា លោក​ជួប ណូ និង​កូន​ជំនិត​ប៉ុន្មាន​នាក់​ទៀត បាន​នាំ​គ្នា​ផឹកស៊ី​ស្រវឹង​រហូត​ដល់​យប់​ ស្រាប់តែ​មក​សួរនាំ​ខ្លួន នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក ដោយ​ចោទ​ខ្លួន​ថា ជា​អ្នក​លួច​ដោះ​ឌី​ណា​ម៉ូ​រថយន្ត​បា​កុង​ ។

ពេល​នោះ ​មានការ​ប្រកែក​គ្នា ស្រាប់តែ​លោក​ជួប ណូ បាន​កាន់​សោ​​ឡាន​ស្ទុះ​​មក​ចាក់​ភ្នែក​ខ្លួន​ខាងឆ្វេង បណ្ដាល​ឲ្យ​រង​របួស​ឈាម​ជោក ​​។ ហើយពេល​នោះ​ ក៏​មានការ​ប្រតាយ ប្រតប់​គ្នា តែ​ត្រូវ​មន្ត្រី​ដែល​ផឹកស៊ី​ស្រវឹង​ជាមួយ​លោក​ជួប ណូ ស្ទុះ​មក​ចាប់ខ្លួន​ចេញ​ ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា «​រឿង​នេះ​ មិនមែន​ខ្ញុំ​ជា​អ្នក​បង្ក​ទេ ហើយ​ខ្ញុំ​ក៏​មិន​បាន​ផឹកស៊ី​ស្រវឹង ដូច​ការ​ចុះ​ផ្សាយ​របស់​មន្ត្រី​នាំពាក្យ​ដែរ គឺ​លោក​ជួប ណូ ទេ​ ជា​អ្នក​បង្កហេតុ​មុន ខណៈ​ដែល​លោក​ជួប ណូ នេះ​ស្រវឹងស្រា​ជោកជាំ​»​។

សូម​បញ្ជាក់​ថា ករណី​ហិង្សា​រវាង​លោក ជួប ណូ មេបញ្ជាការ ជាមួយ​លោក​ឈឿ​ង សុ​ផាត មេបញ្ជាការ​
រង នេះ​ បាន​កើតឡើង​កាល​ពី​យប់​ថ្ងៃ​ទី​១៣ កញ្ញា នៅ​ក្នុង​បញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​។ ប៉ុន្តែ​ទើបត្រូវ​បែកធ្លាយ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ។ ​ជុំវិញ​ការ​លើក​ឡើង​នេះ កោះសន្តិភាព​មិន​អាច​ទំនាក់ ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​ជួប ណូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​បាន​ទេ ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ កញ្ញា រីឯ​លោក​មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ក៏​មិន​អាច​ទំនាក់ទំនង​បាន​ដែរ ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​របស់​លោក​ជាប់រវល់​គ្មាន​ពេលទំនេរ ​។

ប៉ុន្តែ​យ៉ាងនេះ​ក្ដី លោ​កអេង ហ៊ី មន្ត្រី​នាំពាក្យ​ផ្ទៃ​ប្រទេស​បាន​ប្រកាស​ថា លោក​ឧត្តម​សេនី​យ៍​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ឲ្យ​មានការ​ត្រូ​ត​ពិនិត្យ​ហ្មត់ចត់​ចំពោះ​ករណី​នេះ ដើម្បី​បង្ហាញ​ការ​ពិត​ អ្នក​ដែល​ប្រ​ព្រឹត្ត​នូវ​កំហុសឆ្គង ត្រូវ​ទ​ទូល​ទណ្ឌកម្ម​វិន័យ​កងកម្លាំង​ ។

ជាមួយ​គ្នា​នឹង​សំណុំរឿង​លួច​ដោះ «​ឌី​ណា​ម៉ូ រថយន្ត​បា​កុង​» នេះ​ដែរ បើ​តាម​ប្រភព​ព័​ត៌​មានបាន​ឲ្យ​ដឹង​ថា រថយន្ត​បា​កុង​ចំនួន​១០​គ្រឿង ដែល​កម្លាំង​កងរាជអាវុធហត្ថ​រឹបអូស ក្រោយ​ពី​រក​ឃើញ​លាក់​នៅ​ក្នុង​ព្រៃ ដែល​ពាក់ព័ន្ធ​នឹង​បទ ល្មើស​ព្រៃឈើ​នៅ​ក្នុងស្រុក​សំឡូត ហើយ​បាន​ប្រមូល​យក​មក​រក្សា​ទុក នៅ​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន «​រដ្ឋ​សម្បត្តិ​» ពេល​នេះ​ល្បី​ថា ត្រូវ​បាន​ពួក​ចោរហារយ​លួច​ដោះ «​ឌី​ណា​ម៉ូ និង​ដោះ​កង​់ល្អ​ៗ​អស់​ជា​ច្រើន​គ្រាប់​ហើយ​»​ ។

ប្រភព​បាន​បង្ហើប​ថា ក្រុម​ចោរ​ហារ​រយ​ទាំងនោះ បាន​ចូល​លួច​នៅ​យប់​ថ្ងៃ​ទី​១២ និង​ទី​១៣ កញ្ញា ដឹក​តាម​រថយន្ត​ចេញ​ដោយ​សុវត្ថិភាព ដែល​គេ​សង្ស័យ​អាច​មាន​លោក​ធំ ជា​អ្នក​បើកភ្លើង​ខៀវ បើ​ទោះជា​មាន​មន្ត្រី​កងរាជអាវុធហត្ថ​ដេក​យាម​ទាំង​យប់ទាំង​ថ្ងៃ​ក្ដី​ ។

បើ​តាម​ប្រភព​ដែល​គួរ​ឱ្យ​ជឿជាក់​នេះ​បាន​បញ្ជាក់​ថា មិនមែន​ត្រឹម​​តែ​លួច​ដោះឌី​ណា​ម៉ូ ឬ​កង​់រថយន្ត​នោះ​ទេ ពួក​ចោរ​អាច​ស៊ី​រូង​ដល់​គ្រឿងក្នុង និង​គ្រឿង​សំខាន់​ៗ​នៅ​ខាងក្រៅ​ៗ​ទៀត​ផង ​។ ហើយ​អាច​នឹង​ត្រូវ​បាត់បង់​អ្វី​ៗ​ផ្សេង​ទៀត ប្រសិនបើ​ថ្នាក់លើ​មិនឆាប់​ដុត​កម្ទេចរថ​យន្ត​ទាំង​១០​គ្រឿង​នោះ​ចោល​ទេ​ ។ ​(សម្រួល ដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ