ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផែនការ​វិល​ត្រឡប់​របស់​ទណ្ឌិត សម រ​ង្ស៊ី ប៉ង​ធ្វើ​រដ្ឋប្រហារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌​បាន​ប្រកាស​ថា ផែនការ​ប្រកាស​វិល​ចូល​ស្រុក​របស់​ទណ្ឌិត សម រ​ង្ស៊ី បាន​​ឆ្លង​ដល់​បន្ទាត់​ក្រហម ឈាន​ដល់​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដែល​ជាបទឧក្រិដ្ឋ​កម្ម​ដល់​ធ្ងន់ធ្ងរ​បំផុត។ ក្រោយ​ការ​ប្រកាស​របស់​ក្រសួងយុត្តិធម៌ ក៏​មានការ​ប្រកាស​ជា​បន្តបន្ទាប់​របស់​អង្គភាព​កងកម្លាំង​នានា…

រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌​បាន​ប្រកាស​ថា ផែនការ​ប្រកាស​វិល​ចូល​ស្រុក​របស់​ទណ្ឌិត សម រ​ង្ស៊ី បាន​​ឆ្លង​ដល់​បន្ទាត់​ក្រហម ឈាន​ដល់​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដែល​ជាបទឧក្រិដ្ឋ​កម្ម​ដល់​ធ្ងន់ធ្ងរ​បំផុត។ ក្រោយ​ការ​ប្រកាស​របស់​ក្រសួងយុត្តិធម៌ ក៏​មានការ​ប្រកាស​ជា​បន្តបន្ទាប់​របស់​អង្គភាព​កងកម្លាំង​នានា ដោយ​បាន​ប្រើ​ពាក្យ​ថា​កម្ទេច​ផង​ដែរ​ចំពោះ​វត្តមាន​លោក សម រ​ង្ស៊ី ។

លោក ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា​ថា ថ្ងៃនេះ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ទាក់ទង​នឹង​ផែនការ​នៃ​ការ​ប្រកាស​វិល​ត្រឡប់​របស់​ទណ្ឌិត សម រ​ង្ស៊ី ។

លោក​បន្ត​ថា ជា​រួម​ផែនការ​ទាំងមូល​នៃ​ការ​ប្រកាស​វិល​ត្រឡប់​របស់​ទណ្ឌិត សម រ​ង្សុ​ី នេះ មិនមែន​ជា​រឿង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នោះ​ទេ ប៉ុន្តែ​បាន​ឆ្លង​ផុត​បន្ទាត់​ក្រហម ឈាន​ដល់​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ដែល​ជា​អំពើ​វិទ្ធង្សនា និង​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បំផុត ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ ដែល​ត្រូវ​ផ្តន្ទា​ទោស​តាម​មាត្រា​៤៥១ និង​៤៥២ នៃ​ក្រមព្រហ្មទណ្ឌ ។ ចំពោះ​អ្នកចូលរួម​គាំទ្រ​ផែនការ​បំផ្លិចបំផ្លាញ​ជាតិ​ខាងលើ​នេះ ត្រូវ​បាន​កំណត់​ថា​ជា​បទល្មើស​រួមគំនិត​ក្បត់ ដែល​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា​៤៥៣​នៃ​ក្រម​ព្រហ្មទណ្ឌ​ផង​ដែរ ។ ដូច្នេះ សូម​ចូលរួម​ការពារ និង​ថែរក្សា​សន្តិភាព​របស់​ប្រទេស​ជាតិ និង​សេចក្តីសុខ​សាន្ត​របស់​ប្រជាជន​ទាំងអស់​គ្នា ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​មនុស្ស​មួយ​ក្រុម ក្នុង​នាម​ជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​អង្គការ​ខុសច្បាប់ បាន​ចេញ​សេចក្តី​ប្រកាស​ព័​ត៌មាន​មួយ ទាក់ទង​ទៅ​នឹង​អ្វី​ដែល​គេ​ហៅ​ថា ផែនការ​នៃ​ការ​វិល​ត្រឡប់​មក​កម្ពុជា​របស់​ទណ្ឌិត សម រ​ង្ស៊ី ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​សូម​បញ្ជាក់​ថា ក្រសួងយុត្តិធម៌​បាន​ពិនិត្យ​តាមដាន និង​សិក្សា​ដោយ​យក​ចិត្ត​ទុកដាក់​ចំពោះ​ករណី​ខាងលើ​នេះ និង​បាន​ពិនិត្យ​ឃើញ​ថា ផែនការ​ទាំងមូល​នៃ​ការប្រកាស​វិល​ត្រឡប់​របស់​ទណ្ឌិត សម រ​ង្សុ​ី ខាងលើ ពុំ​មែន​ជា​រឿង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នោះ​ទេ ប៉ុន្តែ​គឺជា​ផែនការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋប្រហារ តាម​រយៈ​ការ​ប្រើប្រាស់​វិធី​ញុះញង់ អុជអាល បំផុសបំផុល និង​ការ​ប្រើ​ឧបាយកល​បោក​បញ្ឆោត ដើម្បី​អូស​ទាញ​ប្រមូល​កម្លាំង​ប្រជាជន​ស្លូតត្រង់ និង​កម្លាំងប្រដាប់អាវុធ​របស់​ជាតិឲ្យ​បះ​បោរ​​តាម​រូបភាព​ជា​បដិវត្តន៍​ដោយ​ហិង្សាក្នុង​គោលដៅ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ។ សកម្មភាព​ជុំវិញ​ផែនការ​ខាងលើ​នេះ គឺជា​អំពើ​វិទ្ធង្សនា ដែល​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បំផុត​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ ។

យោង​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជាក្រសួងយុត្តិធម៌​ពិនិត្យ​ឃើញ​ថា ៖
ទី​១-​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​បទឧក្រិដ្ឋ​កម្ម​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ផ្តន្ទាទោស​ក្រោម «​បទល្មើស​ឧបឃាត​» តាម​បញ្ញត្តិ​មាត្រា៤៥១ និង​មាត្រា​៤៥២​នៃ​ក្រមព្រហ្មទណ្ឌ ដោយ​ដាក់​ពន្ធនាគារ​ពី​១៥​ឆ្នាំទៅ​៣០​ឆ្នាំ ហើយ​ប្រ​សិនបើ​ជនល្មើស​ជា​អ្នករាជការ​សាធារណៈ ទោស​សម្រាប់​«​បទល្មើស​ឧបឃាត​»​នេះ ត្រូវ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ។

ទី​២-​ចំពោះ​រាល់​បុគ្គល​ទាំងឡាយ​ដែល​ចូលរួម​នៅ​ក្នុង​គម្រោងការ​នេះ ត្រូវ​ជាប់​ទោស​ពី​«​បទល្មើស​រួមគំនិត​ក្បត់​» ដែល​ជា​បទឧក្រិដ្ឋ​មាន​ចែង​និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ ដោយ​ដាក់​ពន្ធ​នាគារ​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ ហើយ​ទោស​នេះ​ត្រូវ​បន្ថែម​ទម្ងន់​ដាក់​ពន្ធនាគារ​ពី​១០​ឆ្នាំទៅ​២០​ឆ្នាំ ប្រសិនបើ​ជន​មើស​គឺជា​អ្នករាជការ​សាធារណៈ ។

ដោយឡែក ចំពោះ​បុគ្គល​ណា​ដែល​បាន​ចូលរួម​ក្នុង​អំពើ​រួមគំនិត​ក្បត់​ខាងលើ ហើយ​បុគ្គល​នោះ​បាន​សារ​ភាព​ចំពោះ​មុខ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​សហការ​បង្ក្រាប​បទល្មើស​នេះ នឹង​ត្រូវ​ទទួល​បានការ​លើក​លែង​ឲ្យ​រួច​ផុត​ពី​ការ​ទទួលទោស​ដោយ​អនុលោម​តាម​បញ្ញត្តិ​មាត្រា​៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ។

ទី​៣-​ការ​ប្រើ​រចនាសម្ព័ន្ធ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់​លំដាប់ថ្នាក់ ដែល​គណបក្ស​នេះ​ត្រូវ​បាន​តុលា​ការ​កំពូល​សម្រេច​រំលាយ​ចោល​ដោយ​សាលដីកា​ស្ថាពរ​លេខ​៣៤០(​ឆ​) ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​ខាងលើ គឺជា​ទ​ង្វើ​ប្រឆាំង​នឹង​សាលដីកា​របស់​តុលាការ​កំពូល​ផង ខុស​ទៅ​នឹង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ផង និង​ខុស​ទៅ​នឹង​ច្បាប់ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង ។

ទី​៤-​ផែនការ​នៃ​ការ​ប្រឆាំង​នឹង​សន្តិសុខ​របស់​ប្រទេស​ជាតិ​ខាងលើ មិន​ត្រឹមតែ​ខុស​ទៅ​នឹង​ក្រមព្រហ្មទណ្
ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ខុស​ផង​ដែរ​ទៅ​នឹង​ច្បាប់​ស្តី​ពី​ការប្រឆាំង​នឹង​ភេរវកម្ម អាស្រ័យ​ទៅ​តាម​ការ​ប្រព្រឹត្ត​ជាក់ស្តែង​នីមួយ​ៗ ។ ផ្អែក​លើ​មូលដ្ឋាន​ផ្លូវច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ខាងលើ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ស្នើ​សុំ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ សូម​ចាត់​វិធាន​ការ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត និង​តឹង​រុ​ឹ​ង​បំផុត ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​សន្តិសុខ​នៃ​រដ្ឋ​ខាងលើ ដើម្បី​ធានា​ការពារ​និង​ថែរក្សា​សន្តិភាព ស្ថិរភាព​សង្គម និង​វិបុលភាព​របស់​ប្រទេស​ជាតិ ព្រមទាំង​សេចក្តីសុខ​សាន្ត​របស់​ប្រជាជន​កម្ពុជា ។

ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ក៏​សូម​ឆ្លៀត​យក​ឱកាស​នេះ​អំពាវនាវ​ដល់​ជន​រួមជាតិ សូមកុំ​ចាញ់​ឧបាយកល​បោក​បញ្ឆោត​របស់​ឧក្រិដ្ឋជន ដែល​អាច​នាំ​ឲ្យ​ខ្លួន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រួមគំនិត​ក្បត់ ដែល​ត្រូវ​មានទោស​ធ្ងន់ធ្ងរ​តាម​ច្បាប់ និង​សូម​ចូលរួម​ប្រឆាំង​ឧក្រិដ្ឋកម្ម​បំផ្លិចបំផ្លាញ​ជាតិ​ខាងលើ​នេះ ដោយ​សហការ​រាយការណ៍​អំពី​ផែនការ​ក្បត់​ខាងលើ និង​មុខសញ្ញា​ពាក់ព័ន្ធ ជូន​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ដើម្បី​ឈាន​ទៅ​ចាត់វិធានការ​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ៕

អត្ថបទសរសេរ ដោយ