ហេតុអ្វីបានជាវិញ្ញាណមនុស្សមួយគ្រួសារធ្លាក់ខ្លួនជាប្រេត?
សូមសាធុជនឈ្វេងយល់អំពីនិទានកថាមួយដែលដកស្រង់ចេញពីគម្ពីរធម្មបទដូចតទៅៈ កាលព្រះដ៏មានព្រះភាគគង់នៅវត្តជេតពន មានឈ្មួញស្រូវម្នាក់បានយកសំដីស្រូវលាយនឹងស្រូវហើយវាល់លក់ឲ្យអ្នកដទៃយកទៅបរិភោគ។ ឯកូនប្រុសរបស់គាត់ មើលងាយឪពុកម្តាយ តែងយកខ្សែព្រ័ត្រឆ្វាយជារង្វេលដាក់លើក្បាលម៉ែឪ ឯកូនប្រសាស្រី លួចលាក់សាច់ងៀតស៊ីតែម្នាក់ឯង មិនឲ្យប្តី និងមាតាបិតាបរិភោគឡើយ ។
ចំណែកប្រពន្ធរបស់ឈ្មួញនោះ ជាមនុស្សកំណាញ់ សំដីអាក្រក់ ឃើញពួកស្មូមទៅសុំអ្វីៗ តែងតិះដៀលជេរស្តីថាឲ្យស្មូមយាចកទាំងនោះទៅស៊ីមូត្រលាមកទៅ ។ ចំណេរកាលក្រោយមក ជនទាំង៤នាក់នោះស្លាប់បន្តបន្ទាប់គ្នាតាមវ័យរបស់ខ្លួន ហើយបានទៅកើតជាប្រេត នៅចន្លោះភ្នំគិជ្ឈកូដកម្មបណ្តាលឱ្យរងទុក្ខវេទនាពេកក្រៃ ។
ថ្ងៃមួយព្រះមហាមោគ្គល្លាននិមន្តទៅកាន់ភ្នំគិជ្ឈកូដនោះក៏បានឃើញប្រេតទាំង៤កំពុងរងទុក្ខទោសវេទនាឥតស្រាកស្រាន្ត ក៏សួរបុព្វកម្មរបស់ប្រេតបានដឹងសព្វគ្រប់ហើយ និមន្តមកកាន់វត្តជេតពនវិញ ក្រាបទូលរឿងប្រេតនោះដល់ព្រះមានព្រះភាគ ព្រះអង្គប្រជុំបរិស័ទ ហើយសំដែងធម៌ទេសនា ប្រារព្ធយករឿងប្រេតនោះជាហេតុ លុះទីបំផុតនៃព្រះធម៌ទេសនាបរិស័ទទាំងមនុស្សនិងទេវតា បានសម្រេចមគ្គផលតាមឧបនិស្ស័យរៀងៗខ្លួន ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ