ប្រតិបត្តិការ​សម្អាត​តាម​ឆ្នេរ​អូរ​ឈើទាល​…​ប្រមូល​សំរាម​បាន​រាប់​តោន


ខេត្ត​ព្រះ​សីហ​នុ ៖ លោក​អភិបាលរង​ខេត្ត ម៉ាង សុ​ី​នេ​ត និង​អភិបាល​ក្រុងព្រះសីហនុ​ លោក អុ​ី សុខ​ឡេ​ង បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ មន្ត្រី​បរិស្ថាន បុគ្គលិក​ក្រុមហ៊ុន​សំរាម​KSWM ប្រជា​ការពារ​ក្រុង សង្កាត់​រាប់​សិប​នាក់​ចុះ​ប្រតិបត្តិការ​សម្អាត​តាម​ឆ្នេរ​អូរ​ឈើទាល ​ប្រមូល​សំរាម​បាន​រាប់​តោន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា។

លោក​ម៉ាង សុ​ី​នេ​ត បានឱ្យ​ដឹង​ថា សំរាម​ដែល​កក​ពាសពេញ​ចុង​ឆ្នេរ​ទាំងនេះ វា​ហូរ​តាម​អូរ​ប្រឡាយ​ដែល​ហូរ​ចេញពី​ក្រុង និង​មួយ​ចំនួន​ទៀត​បាន​រសាត់​មក​ពី​នាយ​តាម​រលក​សមុទ្រ ដោយសារ​តែ​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ។ មួយវិញទៀត​ដោយសារ​តែ​ការ​មិន​ចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទើប​នៅ​ពេល​ធ្លាក់​ភ្លៀង​ម្តង​ៗ ពួក​គាត់​បាន​យក​សំរាម​ចាក់ចោល​ឱ្យ​ហូរ​តាម​ទឹក និង​មួយ​ចំណែក​ទៀត​បណ្តាល​មក​ពី​ក្រុមហ៊ុន​សំរាម​ប្រមូល​យក​សំរាម​តាម​ដងផ្លូវ​យឺតយ៉ាវ​ពេក ទើប​ពេល​ទឹក​ជន់​លិច​បែប​នេះ​ក៏​បាន​ហូរ​នាំ​យក​សំរាម​មក​ជាមួយ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​អាជ្ញាធរ​បាន​អំពាវនាវ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា ជា​ពិសេស​បងប្អូន​ដែល​រស់នៅ​ក្បែរ​អូរ​ប្រឡាយ​សូមកុំ​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល ដើម្បី​ការពារ​ថែរក្សា​បរិស្ថាន​ទាំងអស់​គ្នា ។ ឆ្នេរសមុទ្រ​កម្ពុជា​យើង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ឆ្នេរ​ស្អាត ដែល​អូស​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យមក​លេង​កម្សាន្ត ចុះបើ​យើង​នាំ​គ្នា​បំពុលបរិស្ថាន​បែប​នេះ​មិន​ខុស​ពី​គ្រប់​គ្នា​ខ្ទប់​ច្រមុះ​ខ្លួនឯង​នោះ​ទេ ៕ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ