លោក Mark Cuban ដែលជាមហាសេដ្ឋី និងអ្នកវិនិយោគដ៏ជោគជ័យមួយរូបមានទ្រព្យសម្បត្តិសរុបប្រមាណដល់ទៅ ៤.១ ប៊ីលានដុល្លារ ។ លោកគិតថាទ្រព្យសម្បត្តិគឺជាការចូលរួមចំណែកធំជាងគេដែលបង្ហាញពីក្តីស្រលាញ់របស់លោកទៅលើប្រទេសជាតិ ។លោកបានចែករំលែកថា «ពេលដែលអ្នករកលុយបានច្រើន អ្នកគួរតែយកវាទៅធ្វើអ្វីដែលល្អៗ ។ ប្រសិនបើអ្នកឆ្លាតវៃ អ្នកក៏ចេះដឹងពីការប្រើលុយដែរ» ។
កាលពីឆ្នាំ ២០១១ លោកបានចែករំលែកទៀតថា ប្រាក់ចំណេញស្មើពន្ធ ហើយពេលដែលមនុស្សមួយចំនួនមិនចង់បង់ពន្ធជូនរដ្ឋ លោកគិតថាការបង់ពន្ធគឺជាអំពើមួយដែលបង្ហាញពីការស្រលាញ់ប្រទេសជាតិទៅវិញ ។
លោក Cuban បានជំរុញឲ្យប្រជាជនគ្រប់រូបព្យាយាមរកលុយរួចជួយដល់ប្រទេសវិញតាមរយៈការបង់ពន្ធ ព្រោះលុយទាំងនេះនឹងត្រូវបានប្រើប្រាស់ ដើម្បីជួយដល់ប្រជាជនរាប់លាននាក់ដែលមិនមានសំណាងដូចអ្នក ។
ការចែករំលែករបស់លោក Cuban នេះត្រូវបានលើកឡើងខណៈដែលប្រធានបទស្តីពីវិសមភាពប្រាក់ចំណូកក្នុងសង្គមកំពុងតែមានប្រជាប្រិយភាពក្នុងសហរដ្ឋអាមេរិក ។ មហាសេដ្ឋីដទៃដូចជាលោក Bill Gates និង Warren Buffett ក៏យល់ស្របដែរដោយគិតថាអ្នកដែលមានទ្រព្យសម្បត្តិច្រើនគួរតែបង់ពន្ធច្រើនជាងមនុស្សដទៃ ។
លោក Cuban បានបន្ថែមកាលពីឆ្នាំ ២០១១ ទៀតថា «ខ្ញុំមិនខ្វល់ទេថាអ្នកដទៃនិយាយដូចម្តេច ។ ការមានទ្រព្យសម្បត្តិស្តុកស្តម្ភ គឺជារឿងល្អ ។ វាមិនត្រឹមតែជួយដល់អ្នក និងក្រុមគ្រួសារអ្នកទេ តែវាផ្តល់អត្ថប្រយោជន៍ច្រើនជាងនេះទៅទៀត ។ ប្រាក់ចំណេញមិនមែនល្អសម្រាប់តែបុគ្គលដែលរកវាបានទេ ។ អ្នករកលុយបានកាន់តែច្រើន អ្នកក៏អាចជះឥទ្ធិពលវិជ្ជមានកាន់តែច្រើនដែរ» ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ