ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅស្រុកព្រៃនប់ការធ្វើស្រែវស្សា បច្ចុប្បន្ននេះបានប្តូរពីការធ្វើស្រែដោយសាបជាសំណាប ទើបដកយកមកស្ទូងនោះបង្វែរទៅជាធ្វើស្រែពង្រោះវិញ។
នេះបើតាមពលរដ្ឋអះអាងថា កម្លាំងពលកម្មក្មេងៗ យុវជន យុវនារី តាមគ្រួសារកសិករភាគច្រើនចូលទៅធ្វើការតាមរោងចក្រ ខ្លះទៀតបម្រើការងារតាមអង្គភាពរដ្ឋ និងឯកជនផ្សេងទៀតធ្វើអោយខ្វះកម្លាំងសម្រាប់ការធ្វើស្រែដោយដកស្ទូង ទើបកសិករភាគច្រើនប្តូរមកធ្វើស្រែពង្រោះវិញ ព្រោះងាយស្រួលជាង និងមិនបាច់ប្រើកម្លាំងពលកម្មច្រើន ហើយកូនចៅដែលទៅធ្វើការតាមរោងចក្រ ឬអង្គភាពរដ្ឋ និងឯកជនផ្សេងទៀតក៏ជួយរកចំណូលមកផ្គត់ផ្គង់គ្រួសារបានគួរសមដែរ ។
ទោះជាយ៉ាងនេះក្តីមន្ត្រីជំនាញមន្ទីរកសិកម្មខេត្តព្រះសីហនុថ្លែងថា ផលស្រូវដែលទទួលបានពីការធ្វើស្រែដោយដកស្ទូង ឬធ្វើស្រែពង្រោះមិនខុសគ្នាទេក្នុងនោះមន្ត្រីជំនាញក៏បានចុះប្រឹក្សា និងផ្តល់បច្ចេកទេសបន្ថែមដល់កសិករជាបន្តបន្ទាប់ដែរ ដើម្បីអោយទទួលផលស្រូវបានច្រើន ។
អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន បានលើកទឹកចិត្តដល់កសិករអោយខិតខំបង្កបង្កើនផលធ្វើស្រែ ដាំដំណាំកសិកម្មផ្សេងៗរួម និងការចិញ្ចឹមសត្វ ការចិញ្ចឹមបែបវារីវប្បកម្ម ដើម្បីបំពេញតម្រូវការម្ហូបអាហារក្នុងទីផ្សារដែលបច្ចុប្បន្នកំពុងមានតម្រូវការខ្ពស់ ។
ជាមួយគ្នានេះលោកអភិបាលខេត្តក៏បានណែនាំអោយមន្ត្រីជំនាញកសិកម្មខេត្តចុះជាប់ជាមួយពលរដ្ឋ ផ្តល់ការប្រឹក្សា និងផ្តល់បច្ចេកទេសបន្ថែមផងដែរ ដើម្បីជួយពលរដ្ឋលើការងារកសិកម្មនេះ ។
សូមបញ្ជាក់ថា កាលពីជាង១០ឆ្នាំមុន បើតាមរបាយការណ៍ពីមន្ទីរកសិកម្មខេត្តព្រះសីហនុអះអាងថា ផ្ទៃដីធ្វើស្រែរបស់កសិករក្នុងខេត្តនេះមានប្រមាណ១៥០០០ហិកតា ប៉ុន្តែនៅឆ្នាំ២០១៩នេះចំនួនផ្ទៃដីស្រែដែលអាចបង្កបង្កើនផលបាន គឺថយចុះខ្លះ ដោយសារតែកសិករមួយចំនួនបានលក់ដីស្រែទៅអោយវិសយ័ឯកជន កសាងជារោងចក្រសហគ្រាស ឫសាងសង់សំណង់ផ្ទះល្វែងជាដើម៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ