ខេត្តក្រចេះ ៖ អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានថ្លែងកោតសរសើរដល់កម្លាំងនគរបាលវរការពារព្រំដែនចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងការខឹតខំបំពេញភារកិច្ច ជាកងកម្លាំងបំពេញកាតព្វកិច្ចការងារព្រំដែនបានល្អប្រសើរ ពិសេសកិច្ចសហការល្អរវាងប្រទេសជាប់ព្រំដែន។
បន្ថែមលើនេះ លោកវ៉ា ថន អភិបាលខេត្ត ក៏បានជម្រុញឲ្យនគរបាលវរការពារព្រំដែនទាំងអស់ បន្តការបង្កើនរឹតចំណងមិត្តភាពរវាងប្រទេសជាប់ព្រំដែនក្នុងកិច្ចសហការគ្រប់គ្រងលើមុខសញ្ញាល្មើសឆ្លងដែន ទប់ស្កាត់បទល្មើសជួញដូរមនុស្សនិ ងគ្រឿងញៀន ឆ្លងដែនធ្វើយ៉ាងណាឲ្យព្រំដែនមានសុខសន្តិភាព។
ការថ្លែងលើកឡើងបែបនេះ របស់លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានធ្វើឡើងក្នុងពេលដែលរូបលោកបានអញ្ជើញជួបសំណេះសំណាលជាមួយនាយ- នាយរងនគរបាលវរៈការពារព្រំដែនលេខ៦១៩ឱកាសពិធីបុណ្យភ្ជុំបិណ្ឌកាលពីរសៀលថ្ងៃទី១៨ កញ្ញា ។ ជាមួយ និងពីធីសំណេះសំណាលសួរសុខទុក្ខនារសៀលនោះ អភិបាលខេត្តក្រចេះ លោក វ៉ា ថន ក៏បាននាំមកជាមួយ និងការឧបត្ថមថវិកាចំនួន៥លានរៀល ដល់ទីបញ្ជាការនគរបាលវរការ ពារព្រំដែន អង្ករ២តោន និងគ្រឿងឧបភោគបរិភោគរួមមាន មី ត្រីខ នំអន្សម និងចែកជូន ថវិកាដល់នគរបាលវរៈការពារព្រំដែនទាំងអស់ ក្នុង១នាក់ចំនួន៤ម៉ឺនរៀល។
បើតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ លន់ សុផាត ខេត្តក្រចេះ មាន ខ្សែបន្ទាត់ព្រំដែនជាប់ជាមួយនិងប្រទេសវៀតណាមចម្ងាយប្រវែង១០៣គីឡូមែត្រ៧០០មែត្រ។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ក្នុងរយះពេល៩ខែ ដើមឆ្នាំ២០១៩នេះ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ តាមខ្សែរបន្ទាន់ព្រំដែនពុំមានបញ្ហាអ្វីកើតឡើង គួរឲ្យកត់សម្គាល់នោះទេ ។ មានប្រសាសន៍សំណេះសំណាលបន្តនារសៀល លោក វ៉ាថន អភិបាលខេត្តក្រចេះ បានជម្រុញឲ្យនគរបាលព្រំដែន បន្តទំនាក់ទំនងការងារឲ្យបានល្អជាមួយប្រទេសជាប់ ព្រំដែនដើម្បីអំណោយផលល្អដល់ពលរដ្ឋរស់នៅតាមតំបន់ព្រំដែន និងជម្រុញឲ្យមានការ ចេះបង្កបង្កើនផលក្នុងអង្គភាព និងជាលក្ខណះគ្រួសារ ដើម្បីរួមចំណែកបំពេញបន្ថែមលើរបប គោលនយោបាយរបស់រាជរដ្ឋាភបាលដែលបានផ្គត់ផ្គង់។
លោកវ៉ា ថន អភិបាលខេត្ត ក៏បានសម្តែងការកោតសរសើរដល់ទឹកចិត្តរបស់កងកម្លាំង ដែលតែងតែអនុវត្តតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំលើសន្តិភាព និងសុខក្សេមក្សាន្ត ។
លោកអភិបាលខេត្ត បានអំពាវនាវដល់នាយ នាយរងនគរបាលកុំជឿលើការញុះញង់របស់ជនអគតិមួយក្តាប់តូច ក្នុងចេតនាបង្កភាពចលាចលឲ្យកម្ពុជាធ្លាក់ក្នុងសភាពវឹកវរ ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ