រាជធានីភ្នំពេញ៖ កំណើនប្រជាជនក្នុងទីប្រជុំជនកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ដែលធ្វើអោយទីក្រុងនានា ត្រូវការពង្រីកខ្លួនកាន់តែធំ និងត្រូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផងដែរ ។ តាមការប៉ាន់ស្មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អំពីក្របខណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុង នៅកម្ពុជាឃើញថាចំនួនប្រជានរស់នៅ ក្នុងរាជធានីក្រុង និងទីប្រជុំជនឆ្នាំ ២០១៤ មានតែប្រមាណ៤,៥លាននាក់ត្រូវជា២៧,១ភាគរយនិងបន្តកើនដល់ ៧,៩២លាននាក់ត្រូវជា៤៤ភាគរយនៅឆ្នា ២០៣០នេះ ។
តាមទិន្នន័យនេះ បានបង្ហាញថា សម្រាប់រយៈពេល១៥ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០៣០ តម្រូវការលំនៅឋានសម្រាប់តំបន់រាជធានី ក្រុង ទីប្រជុំជន មានប្រមាណ៨០ម៉ឺនលំនៅឋាន ដែលគិតជាមធ្យមមានតម្រូវការប្រមាណ៥ម៉ឺនលំនៅឋានក្នុងមួយឆ្នាំ ។
លោក លាង មុនីរឹទ្ធ រដ្ឋលេខាធិការកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា ឆ្លើយតបនឹងបញ្ហានេះ ក្រសួង បាននិងកំពុងសកម្មអនុវត្តគោលនយោបាយជាតិស្ដីពីការរៀបចំដែនដី ក្នុងការកសាងផែនការរៀបចំដែនដី ប្លង់គោល និងផែនការប្រើប្រាស់ដីគ្រប់កម្រិត និងគោលនយោបាយស្ដីពីលំនៅឋានអោយស្របតាមតម្រូវការនៃការរីកលូតលាស់ផ្នែកនគរូបនីយកម្ម និងកំណត់តំបន់ទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្រុង ពង្រីកទីក្រុងតំបន់ស្នាក់នៅ និងជាពិសេសលំនៅឋានដែលមានតម្លៃសមរម្យជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមធ្យម និងជនងាយរងគ្រោះ ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាពនិងសមធម៌ ។ លោកបានបន្តថា រាជរដ្ឋាភិបាលកកម្ពុជា តែងចាត់ទុកវិស័យឯកជនជាដៃគូ និងបានលើកកម្ពស់តួនាទីវិស័យឯកជន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដោយឡែកវិស័យអចលនទ្រព្យ និងសំណង់ បានផ្ដល់ការអនុគ្រោះ ជាច្រើនដល់វិស័យវិនិយោគិនបរទេស ចំណេះសិទ្ធិលើអចលនទ្រព្យ ។
លោក លាង មុនីរឹទ្ធ បានមានប្រសាសន៍បន្ថែមថា «កត្តានេះបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់ ៧ភាគរយ ក្នុងរយៈពេលជាច្រើនឆ្នាំបន្តបន្ទាប់មកនេះ និងតាមការព្យាករណ៍ នៅឆ្នាំ ២០១៩នេះ សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានក្នុងរង្វង់ ៧ភាគរយបន្តទៀត ដែលក្នុងនោះ វិស័យអចលនទ្រព្យ និងសំណង់ជាសរសរស្ដម្ភស្នូលមួយដ៏សំខាន់ ។ ជាក់ស្ដែង ទុនវិនិយោគ លើវិស័យសំណង់ក្នុងឆ្នាំ ២០១៨ កន្លងមកនេះមានប្រមាណ៥.៧៥៥លានដុល្លារអាមេរិក ហើយក្នុងរយៈពេល១ឆមាសឆ្នា ២០១៩នេះ មានប្រមាណ៣.៣៩២លានដុល្លារអាមេរិក កើនឡើងប្រមាណ៥៧,៥៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នា ២០១៨ » ។ លោកបានបន្ថែមថា ស្របនឹងការរីកចម្រើននេះ សហគ្រាសអាជីវកម្មក្នុងវិស័យសំណង់ដែលបានចុះបញ្ជីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងនៅមានសុពលភាពបានកើនឡើងដល់២៣០៧ក្រុមហ៊ុន ។ ជាទូទៅ ប្រទេសកម្ពុជាមានស្ថាបត្យករប្រមាណជាង២.៥០០នាក់ និងវិស្វករប្រមាណជាង៣០ម៉ឺននាក់ ។
បើតាមលោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា ការវិនិយោគមកពីបរទេស បានធ្វើអោយការអភិវឌ្ឍន៍ទីក្រុងនៅកម្ពុជាកាន់តែលឿន ហើយសព្វថ្ងៃនេះ ជនជាតិចិនគឺជាអ្នកវិនិយោគលេខមួយនៅកម្ពុជា ហើយប្រទេសណាក៏ចង់បានជនជាតិចិនទៅវិនិយោគដែរ ព្រោះ កំណើនសេដ្ឋកិច្ចបានងើបឡើងជាបន្តបន្ទាប់ ។
លោកបាននិយាយថារហូតមកដល់ពេលនេះ ការវិនិយោគនគរូបនីយកម្មនិងសំណង់នៅតែបន្តកើនឡើងដដែល មិនមានសញ្ញាណាមួយបង្ហាញពីការធ្លាក់ចុះ ឬថមថយឡើង ជាក់ស្ដែង នៅបណ្ដាខេត្តសក្ដានុពលមួយចំនួន បាននិងកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនក្នុងនិងក្រៅប្រទេស ក្នុងការបណ្ដាក់វិនិយោគលើវិស័យលំនៅឋាន និងសំណង់ផ្សេងទៀត ដែលធ្វើអោយទីក្រុងនានា កាន់តែរីកធំធាត់ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ