ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​សង្ស័យ​នៅ​ពីក្រោយ​ការ​បាត់​ភ្ញៀវ​ទេសចរ​នៅ​សៀមរាប ខណៈ​រដ្ឋមន្ត្រី​ទេសចរណ៍​មាន​ហេតុផល​ផ្សេង

4 ឆ្នាំ មុន
  • ភ្នំពេញ

​ខេត្តសៀមរាប ៖ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដើមឆ្នាំ ២០១៩​នេះ ពោល​គឺ​ចាប់តាំងពី​ឈាន​ចូល​ដល់​ឆ្នាំ ២០១៩ ភ្ញៀវ​ទេសចរ​បរទេស បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​នៅ​ខេត្តសៀមរាប ដែល​ជា​បញ្ហា​កង្វល់​សម្រាប់​អ្នក​ប្រកប​របរ​បម្រើ​ក្នុង​វិស័យ​ទេសចរណ៍ ទាំង​អាជីវកម្ម​ខ្នាត​តូច…

​ខេត្តសៀមរាប ៖ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដើមឆ្នាំ ២០១៩​នេះ ពោល​គឺ​ចាប់តាំងពី​ឈាន​ចូល​ដល់​ឆ្នាំ ២០១៩ ភ្ញៀវ​ទេសចរ​បរទេស បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​នៅ​ខេត្តសៀមរាប ដែល​ជា​បញ្ហា​កង្វល់​សម្រាប់​អ្នក​ប្រកប​របរ​បម្រើ​ក្នុង​វិស័យ​ទេសចរណ៍ ទាំង​អាជីវកម្ម​ខ្នាត​តូច និង​អាជីវកម្ម​ខ្នាត​ធំ ដូច​ជា​អ្នក​លក់ដូរ​កំប៉ិកកំប៉ុក ដល់​លំដាប់​សណ្ឋាគារ​ផ្កាយ​ប្រាំ​ជាដើម ។ មាន​ហេតុផល​មួយ​ចំនួន សង្ស័យ​ថា​ធ្វើ​អោយ​បាត់បង់​ភ្ញៀវ​ទេសចរ​ប​ឬទេ​សម​ក​លេង​ខេត្តសៀមរាប ។

បើ​តាម​គេហទំព័រ​ក្នុងស្រុក​មួយ បាន​ដកស្រង់​នូវ​ការ​សរសេរ​របស់​ជនបរទេស​មួយ​ចំនួន បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម របស់​ពួក​គេ ដោយ​ភាគច្រើន​គឺ​អន់ចិត្ត​ជាមួយ​អ្នក​ប្រកប​របរ​បម្រើ​វិស័យ​ទេសចរណ៍ រឿង​យក​កម្រៃ​សេវា​មិន​ដូច​អ្វី​ដែល​និយាយ​គ្នា​។ ជាក់ស្ដែង ភ្ញៀវ​បរទេស​ម្នាក់​បាន​បង្ហោះ​ចូល​ទៅ​កាន់​គេហទំព័រ​ទីប្រឹក្សា​ដំណើរ​កម្សាន្ត ( tripadvisor ) បានអោយ​ដឹង​ថា ខ្លួន​មាន​បំណង​ចេញ​ទៅ​ភូមិ​បណ្ដែត​ទឹក ហើយ​សណ្ឋាគារ​បាន​ប្រាប់​ថា តម្លៃ​ជិះទូក​ទៅ​កាន់​ភូមិ​បណ្ដែត​ទឹក​នោះ ប្រមាណ​២១​ដុល្លារ ។ ពួក​គេ​ក៏​សម្រេចចិត្ត​ទៅ​ដល់​តម្លៃ​ក៏​បាន​ប្រែ​ក្លាយជា​៤០​ដុល្លារ ដូច្នេះ​ទេសចរ​បរទេស​រូប​នោះ ក៏​សម្រេច​មិន​ទៅ និង​អោយ​អ្នក​បើក​កង់​បី​នាំ​គេ​ត្រលប់​មក​សណ្ឋាគារ​វិញ ជាមួយនឹង​អារម្មណ៍ មិន​សប្បាយចិត្ត ។

មិន​ខុស​គ្នា​ពី​បញ្ហា​តម្លៃប្រែប្រួល​ខុស​ពី​អ្វី​ដែល​និយាយ​គ្នា​នោះ​ដែរ ទេសចរ​បរទេស​មួយ​រូប​ទៀត​ដែល​មក​ពី​ប្រទេស​អូស្ត្រាលី ក៏​បាន​បង្ហោះ​សារ​របស់​ខ្លួន​ចូល​ទៅ​កាន់ គេហទំព័រ​ដដែល​នោះ​ដែរ​ថា «​គួរ​អោយ​ខ្ពើម​» ។ ក្នុង​សារ​នោះ ភ្ញៀវ​បរទេស​ម្នាក់​នេះ គឺ​ចង់​និយាយ​ពី​សម្រាម​និង​ប្លា​ស្ទីក​ស្ទើ​គ្រប់​ទីកន្លែង ក្នុង​តំបន់​ទេសចរណ៍​នៃ​ខេត្តសៀមរាប ដែល​ជា​ខេត្ត​ចាត់​ទុក​ថា​ជា​គោលដៅ​ទាក់ទាញ​ទេសចរ​មួយ​របស់​កម្ពុជា ប៉ុន្តែ​បែរជា​សំបូរ​ទៅ​ដោយ​កន្ទុយបារី កញ្ចប់​បារី​ដែល​មាន​ប្លា​ស្ទីក​យ៉ាងច្រើន លើគោក និង​សូ​ម្បី​តែ​ក្នុងទឹក ។

ភ្ញៀវ​បរទេស​មួយ​រូប​ទៀត​សរសេរ​ថា ពួក​គេ​មាន​បំណង​ជិះទូក​ទៅ​កាន់​ភូមិ​បណ្ដែត​ទឹក ដើម្បី​មើល​និង​ថតរូប ផ្សព្វផ្សាយ​ទៅ​បណ្ដា​អង្គការ​នានា​មក​ជួយ​ប្រជាជន​ក្នុងភូមិ​នោះ ក៏​ប៉ុន្តែ​អ្វី​ដែល​ពួក​គេ​ទទួល​បាន​បាន​នោះ គឺ​តម្លៃ​ខុស​ពី​អ្វី​ដែល​បាន​មើលឃើញ​ក្នុង​ការ​ផ្សព្វផ្សាយ ហើយ​អ្នកបម្រើ​សេវាកម្ម​ទេសចរណ៍​នៅ​ទីនោះ មាន​លេស​ផ្សេង​ៗ​គ្នា​ថា ។ ពួក​យើង​សម្រេច​មិន​ជិះទូក​ទៅ​កាន់​ភូមិ​នោះ ក៏​ប៉ុន្តែ​មគ្គុទេសក៍​បែរជា​ប្រាប់​អោយ​យើង​ផ្ដល់​លុយ​ធីប ទៅ​កាន់​អ្នក​បើកទូក​ទៅ​វិញ ធ្វើ​ដូច​ជា​អ្នកបើកបរ​ទូក​នោះ មិនមែន​ធ្វើការ​អោយ​ក្រុម​អ​ញ្ចឹ​ង ។

​ភ្ញៀវ​ទេសចរ​ម្នាក់​មក​ពី​ប្រទេស​ព្រុយ​ណេ បាន​សរសេរ​ថា « មិនមែន​ជា​កន្លែង​ស្អាត សម្រាប់​ទស្សនា​ទេ » ។ ភ្ញៀវ​នេះ​បាន​សរសេរ​ថា ពួក​គេ​បាន​មក​ទស្សនា​ជាមួយ​គ្រួសារ និង​កូន​ៗ តែ​ទីកន្លែង​សម្រាប់​ទស្សនា​នោះ គឺ​កខ្វក់​ណាស់ សម្រាប់​គ្រប់​ទីកន្លែង ជា​ពិសេស​សម្រាប់​ប្លា​ស្ទិ​ក ហើយ​ជះក្លិន​អាក្រក់​ទៀត ។ ចេញពី​ភូមិ​បណ្ដែត​ទឹក​មួយ មាន​ស្ត្រី​ម្នាក់​បាន​បោះ​អ្វី​ម្យ៉ាង​មក​លើ​ពួក​យើង ដែល​ហាក់ដូចជា​មិន​ពេញចិត្ត​នឹង​ពួក​យើង​ដែល​ទៅ​មើល​ជីវភាព​របស់​ពួក​គេ ។ ជនបរទេស​រូប​បញ្ជាក់​ថា «​ខ្ញុំ​មិន​សប្បាយ​នឹង​ការ​ទស្សនា​នានា​ឡើយ » ។ ​ក៏​ប៉ុន្តែ រដ្ឋមន្ត្រី​ទេសចរណ៍​លោក ថោ​ង ខុន បាន​ពន្យល់​មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរណ៍​នៅ​សៀមរាប​អង្គរ​និង​ព្រះ​វិហារ គឺ​មក​ពី​ហេតុផល​នៃ​ឥទ្ធិពល​សង្គ្រាម​ពាណិជ្ជកម្ម​ចិន​-​អា​មេ​រិ​ក ដូច្នេះ​ហើយ​ការ​អភិវឌ្ឍន៍​តំបន់​ទាំង​ពីរ​នេះ​ត្រូវ​តែ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ដែល​ចាំបាច់​ត្រូវ​មាន​ផែនការ មេ​មួយ​ដោយ​ច្បាស់លាស់​បំផុត​ផង​ដែរ ព្រោះ​តំបន់​ទាំងនេះ​គឺជា​តំបន់​ទេសចរណ៍​នៃ​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ។

​យោង​តាម​របាយការណ៍​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា រយៈពេល​៧​ខែ​ដើម ឆ្នាំ​២០១៩​នេះ ក្នុង​ទូ​ទាំង​ប្រទេស​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មានការ​កើនឡើង​ប្រមាណ​១១% ជាមួយ​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ប្រមាណ​ជាង​៣​លាន​នាក់​ក្នុង​នោះ​តំបន់ ភ្នំពេញ​កើនឡើង​ប្រមាណ​២៧% តំបន់ឆ្នេរ​កើនឡើង​ជាង​៣១% ខណៈ​តំបន់​សៀមរាប​អង្គរ និង​តំបន់​ព្រះ​វិហារ​បែរជា​ធ្លាក់​ចុះ​៥,៥% ទៅ​វិញ ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា កន្លង​មក​ដោយ​មានការ​យកចិត្តទុកដាក់​និង​ណែនាំ​ពី សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​យើង​បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង​មួយ ដោយ​មានឈ្មោះ​ថា គណៈកម្មការ​សម្រាប់​ធ្វើ​ផែនការមេ​ភិ​វឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ខេត្ត សៀមរាប​ដែល​រួម​មាន​ក្រសួងទេសចរណ៍​និង​ក្រសួង​ស្ថាប័ន​ជំនាញ​ផ្សេង​ៗ ទៀត ។ លោក​ថា យើង​បានដឹង​ជា​មុន​ហើយ​ថា តំបន់​ខាងលើ​នេះ​ត្រូវ​តែ​មាន​ផែនការមេ​មួយ ហើយ​ត្រូវ​ធ្វើការ ដោយ ប្រុង​ប្រយ័ត្ន​បំផុត​ព្រោះថា វា​ជា​តំបន់​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​។

​លោក ថោ​ង ខុន បាន​ឲ្យ​ដឹង​ថា ចាប់ពី​ត្រូវ​បាន​បង្កើត​គណកម្មការ​ខាងលើ​នេះ បាន​ធ្វើ សកម្មភាព​យ៉ាង​សកម្ម​និង​យកចិត្តទុកដាក់ ហើយ​តាម​គម្រោង​ផែនការ​មេនោះ​នឹង​ត្រូវ​ដាក់ ឆ្លង​រាជរដ្ឋាភិបាល​អនុម័ត​នៅ​ដើមឆ្នាំ​២០២០​ខាង​មុខ ។ ដោយឡែក​អាជ្ញាធរ​អប្សរា​គេ​ក៏​មាន ផែនការមេ​របស់​គេ​សម្រាប់​អភិវឌ្ឍន៍​ទេសចរណ៍​តំបន់​អង្គរ​នេះ​ផង​ដែរ ។ ប៉ុន្តែ​ខណ​ដែល យើង​កំពុង​រៀបចំ​ផែនការ​មេនោះ​ពិភពលោក​បាន​ជួប​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អា​មេ​រិ​ក​ដែល​បញ្ហា​នោះ​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​រង​ផល​ប៉ះពាល់​លើ​វិស័យ​មួយ​ចំនួន​សំខាន់​វិស័យ ទេសចរណ៍​តែ​ម្តង ។

លោក ថោ​ង ខុន បាន​បញ្ជាក់​បន្ថែម​ថា តាម​ការ​បូក​សរុប​របស់​អង្គការ​ទេសចរណ៍ ពិភព​កាលពី​ថ្មី​ៗ នេះ បាន​ឲ្យ​ដឹង​ថា សង្គ្រាម​ពាណិជ្ជកម្ម​ចិន​និង​អា​មេ​រិ​កបាន​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​វិស័យ​ទេសចរណ៍ ខណ​ដែល​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​រង​នូវ​ផល​ប៉ះពាល់​ដូច​ជា ឥណ្ឌូ​នេ​ស៊ី , អូស្ត្រាលី , ញូ​ហ្សេ​លែ​ន ជាដើម ។ លោក​ថា អ្វី​ជា​សំខាន់​នោះ​គឺ​សង្គ្រាម​ពាណិជ្ជ កម្ម​វា​ប៉ះពាល់​ដល់​ចំណូល​របស់​ប្រជាជន​ចិន​តែ​ម្តង​ដែល​ជា​ប្រទេស​ជាប់​លំដាប់​លេខ​១​ខាង ភ្ញៀវ​ទេសចរណ៍​ទៅ​កាន់​បណ្តា​ប្រទេស​លើ​ពិភពលោក​រួម​មាន​ទាំង​កម្ពុជា​ផង​ដែរ ។ លោក​បាន​បន្ត​ថា ផ្តើម​ពី​បញ្ហា​នោះ​ហើយ ទើប​អង្គការ​ទេសចរណ៍​ពិភពលោក​បាន​ប្រកាស​ថា ទេសចរណ៍​ចិន​មានការ​ធ្លាក់​ចុះ រហូត​ដល់​១០%​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៩​នេះ ក្នុង​នោះ​កម្ពុជា​យើង​ដែល​ភ្ញៀវ​ទេសចរណ៍​ចិន​ឈរ​លំដាប់ថ្នាក់​លេខ​១​ទាំង​ក្របខ័ណ្ឌ​ទូ​ទាំង ប្រទេស​និង​តំបន់​សៀមរាប​អង្គរ​ក៏​រង​ផល​ប៉ះពាល់​ពី​ឥទ្ធិពល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម ចិន​-​អា​មេ​រិ​ក​ដូច​គ្នា ។

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា អ្វី​ដែល​លោក​បាន​លើក​ឡើង​ខាងលើ​នេះ​គឺ ដើម្បី​ឲ្យ​ប្រជា ពលរដ្ឋ​កម្ពុជា​យើង​បានដឹង​ទាំងអស់​គ្នា​អំពី​សភាពការណ៍​រួម​នៃ​វិស័យ​ទេសចរណ៍​ព្រោះ​វា​មិន ប៉ះពាល់​តែ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ប្រទេស​ភាគច្រើន​លើ​ពិភពលោក​កំពុង​រង​ការ​ប៉ះពាល់​ដោយ សង្គ្រាម​ពាណិជ្ជកម្ម​ចិន​-​អា​មេ​រិ​ក​នោះ​។ ​លោក​បាន​បន្ថែម​ថា «​តំបន់​សៀមរាប​អង្គរ​គឺជា​តំបន់​គោលដៅ​សម្រាប់​អ្នក​ទេសចរណ៍ ចិន​ព្រោះថា ទេសចរណ៍​ជនជាតិ​ចិន​គេ​ចូល​ចិត្ត​ដើរ​កម្សាន្ត​តំបន់​ទេសចរណ៍វប្បធម៌​ប្រវត្តិ សាស្ត្រ​ឬ​ក៏​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។ យ៉ាងណាមិញ ក្រៅពី​ទេសចរណ៍​ចិន​គឺ​ទេស ចរណ៍​មក​ពី​អា​មេ​រិ​ក​រួម​ទាំង​តំបន់​អឺរ៉ុប​សំខាន់​ប្រទេស​បារាំង​មិន​ធ្លាក់​ចុះ​នោះ​ទេ សម្រាប់​តំបន់ សៀមរាប​អង្គរ​»​។ ព្រម​ជាមួយ​គ្នា​នេះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន មានការ​ឃោ​គ​យល់​ចំពោះ​ផល​ប៉ះពាល់​ខ្លះ​ៗ នៅ​តំបន់​ទេសចរណ៍​សៀមរាប​អង្គរ​ដោយសារ តែ​ឥទ្ធិពល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ចិន​-​អា​មេ​រិ​ក ។

​បើ​តាម​លោក​ហូ វ​ណ្ឌី​ដែល​តែងតែ​លើក​ឡើង​ដដែល​ៗ​ថា បញ្ហា​សម្រាម​និង​សណ្ដាប់ធ្នាប់​នៅ​តាម​ទី​សាធារណៈ​គឺជា​កត្តា​សំខាន់​ណាស់ ហើយ​ការងារ​នេះ អត់​ចាំបាច់​ទាល់តែ​ថ្នាក់ដឹកនាំ​ជា​អ្នក​រៀបចំ​នោះ​ទេ គឺ​អាជ្ញាធរ​នៅ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ខ្លួនឯង​ជា​អ្នក​រៀបចំ គ្រាន់តែ​ទុកដាក់​សម្រាម​អោយ​បាន​ត្រឹមត្រូវ រៀបចំ​អោយ​មាន​កន្លែង​សម្រាប់​ភ្ញៀវ​ដើរ ជា​ពិសេស​នោះ​គឺ​ត្រូវ​មាន​ភាព​ស្មោះត្រង់​ចំពោះ​ភ្ញៀវ ។​បើ​យើង​ធ្វើ​បាន​នោះ ភ្ញៀវ​នឹង​ត្រលប់​មក​លេង​ម្ដងទៀត ហើយ​គេ​នឹង​ផ្សាយ​ដល់​មិត្តភក្ដិ​និង​បងប្អូន​របស់​គេ​អោយមក​លេង​បន្ត​ទៀត តែបើ​យើង​ធ្វើ​មិន​បាន ហើយ​បន្ត​អោយ​សម្រាម​នៅ​តែ​ពាស​វាល​ពាស​កាល នោះ​ជា​បញ្ហា​សម្រាប់​វិស័យ​ទេសចរណ៍​ទាំងមូល​ហើយ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ