ឪពុក​ខ​ល​​រក​ផង កាន់​រូបថត​ដើរ​​សួរ​គេឯង​ផង ​លុះ​រក​ឃើញ​​កូនហើយ​បែរជា​ស្លុតចិត្ត​


រាជធានីភ្នំពេញ ​៖ ​បន្ទាប់​ពី​ខ​ល​ទៅ​កូន​ប្រុស​ចូល​ជា​ច្រើន​ដង​ ប៉ុន្តែ​អត់​លើក​ ធ្វើ​ឱ្យ​បុរស​ចំណាស់​​​ជា​ឪពុក​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ក៏​បាន​ព្យាយាម​ខ​ល​រហូត​ដល់​ទូរស័ព្ទ​កូន​អស់​ថ្ម​ខ​ល​លែង​ចូល​ ។ ​បន្ទាប់​មក​​បុរសជា​ឪពុក​បាន​ធ្វើ​ដំណើរ​​ចេញពី​ស្រុក​កំណើត​មក​ភ្នំពេញ​ដើម្បី​តាមរ​កកូនប្រុស​ ដោយ​កាន់​​រូបថត​១​សន្លឹក​ដើរ​សួរ​តាម​ផ្ទះ​ជួល​ និង​តាម​មុខ​រោងចក្រ ​លុះ​​ចុង​ក្រោយ​​បុរសជា​ឪពុក​បាន​រក​ឃើញ​កូនប្រុស​ដូច​បំណង​មែន ​ប៉ុ​ន្ត​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​ គឺកូនប្រុស​​បាន​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​ដែល​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ ​ធ្វើ​ឲ្យ​​បុរសជា​ឪពុក​មានការ​តក់ស្លុត ​និង​សោកស្ដាយ​យ៉ាង​ខ្លាំង​។ ពាក់ព័ន្ធនឹងការ​ស្លាប់​របស់​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​សង្ស័យ​ថា បណ្តាលមកពីគាំងបេះដូង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ក្នុង​បន្ទប់​ជួល​លេខ​១០៣ ​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ជនរងគ្រោះ​​ដែល​ស្លាប់ឈ្មោះ​ចាន់ សុ​ផាត ភេទប្រុស អាយុ​២៩​ឆ្នាំ​ មុខរបរ​ជា​គ្រូបង្រៀន​ភាសាអង់គ្លេស​នៅ​សាលា​​ឯកជន​​មួយកន្លែង​ មានស្រុក​កំណើត​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិឃុំ​កើតហេតុ​ខាងលើ ។​ ជនរងគ្រោះ​​ក៏​​ធ្លាប់​បួស​រៀន​នៅ​ក្នុង​វត្ត​អង្គ​តា​មិ​ញ ​ហៅ​វត្ត​គោក​ចំបក់​ នៅ​ជិត​កន្លែង​កើតហេតុ​នោះ​ផង​ដែរ ចំណែក​បុរស​ជា​ឪពុក​ដែល​កាន់​រូបថត​តាមរ​កកូន​នោះ​ឈ្មោះ​ម៉ៅ ចាន់​ថន អាយុ​៦១​ឆ្នាំ ។

​តាម​ប្រភពពី​បុរស​ចំណាស់​ជា​ឪពុក​បាន​និយាយ​ថា កូនប្រុស​របស់​គាត់​ម្នាក់​នេះ​គឺជា​គ្រូបង្រៀន​នៅ​សាលា​​ឯកជន​ និង​បាន​ចាក​ចេញពី​ស្រុក​កំណើតមក​ស្នាក់​នៅ​បន្ទប់​​ជួល​ខាងលើ ហើយ​បាន​បាត់​ការ​ទំនាក់ទំនង​គ្នា​ជាមួយ​គាត់​និង​ក្រុម​គ្រួសារ​រយៈពេល​៥​ថ្ងៃ​មក​ហើយ​។ ដោយ​គាត់​បាន​ខ​ល​រក​កូនប្រុស​ជាទី​ស្រឡាញ់​ដែរ ប៉ុន្តែ​ខ​ល​ចូល​ហើយ​គ្មាន​អ្នក​លើក​សោះ គាត់​ក៏​នៅ​តែ​ព្យាយាម​ខ​លរ​កកូន​រហូត​ដល់​ទូរស័ព្ទ​កូនប្រុស​អស់​ថ្ម​រលត់​ខ​ល​លែង​ចូល ពេល​នោះ​បាន​ធ្វើ​ឲ្យ​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ព្រោះ​មិន​បានដឹង​ថា​កូន​មានរឿង​អ្វី​ឡើយ​។

​តាម​ប្រភពដដែល​បាន​បន្ត​​ថា ដោយសារ​តែ​​បាត់ការ​ទំនាក់ទំនង​ជាមួយ​កូនប្រុស​​បែប​នេះ ទើប​គាត់​ធ្វើ​ដំណើរ​ចាក​ចេញពី​ស្រុក​កំណើត មក​ភ្នំពេញ​ដើម្បី​តាម​ស្វែងរក​កូន ហើយ​គាត់​មិន​បាន​ស្គាល់​​បន្ទប់​​ជួល​ដែល​កូន​ស្នាក់​នៅឡើយ គ្រាន់តែ​ដឹង​ថា​កូន​ស្នាក់​នៅ​បន្ទប់​​ជួល​មួយកន្លែង​​នៅ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភពដដែល​បាន​បន្តទៀត​ថា ​ពេល​នោះ​គាត់​ក៏​បាន​កាន់​រូបថត​កូនប្រុស​ដើរ​សួរ​គេឯង​តាម​ផ្ទះ​ជួល ​និង​មុខ​រោងចក្រ ក្រែង​មាន​អ្នក​ស្គាល់ ប៉ុន្តែ​គ្មាន​អ្នក​ស្គាល់​សោះ ហើយ​គាត់​ក៏​នៅ​តែ​ព្យាយាម​តាម​រក​រហូត​ទៅ​ដល់​ផ្ទះ​ជួល​មួយ​បាន​ជួប​ជាមួយ​ម្ចាស់ផ្ទះ​ ។ ​ក្រោយ​ពី​គាត់​បង្ហាញ​រូបថត​កូន​​ប្រុស ទើប​ម្ចាស់ផ្ទះ​ជួល​ខាងលើ​បាន​ស្គាល់​យ៉ាង​ច្បាស់​ និង​ប្រាប់​ថា​ កូន​គាត់​ស្នាក់​នៅផ្ទះ​ជួល​ខាងលើ រួច​ហើយ​ម្ចាស់ផ្ទះ​ជួល​បាន​នាំ​គាត់​ទៅ​កាន់​បន្ទប់​ដែល​កូនប្រុស​ស្នាក់​នៅ​។

តាមប្រភព​​ដដែល​បាន​បន្ត​ទៀត​ថា ពេល​ទៅ​ដល់​បន្ទប់​ជួល​លេខ​១០៣​ ដែល​កូន​គាត់​ស្នាក់​នៅ​នោះ ​ឃើញ​ទ្វារ​បន្ទប់​បិទ​ជិត និង​ធុំ​ក្លិនស្អុយ ​ហើយ​ពេល​គោះ​ទ្វារ​ស្រែ​ហៅ​មិន​ឮ​ឆ្លើយឡើយ ​ទើបនាំគ្នា​​គាស់​មើលស្រាប់តែ​ឃើញ​កូនប្រុស​របស់​​គាត់​ស្លាប់​ក្នុង​ស្ថានភាព​ហើម​ស្អុយ​បាត់​ទៅ​ហើយ​ ​ដែល​ទ​ិ​ដ្ឋ​ភាព​បែប​នេះ​ធ្វើ​ឲ្យ​គាត់​មានការ​តក់ស្លុត​ខ្លាំង​ណាស់​ ហើយ​នេះ​គឺជា​អ្វី​ដែល​គាត់​នឹក​ស្មាន​មិន​ដល់​ទាល់តែ​សោះឡើយ​ កាលបើ​ជួប​មុខ​គ្នា​ចុង​ក្រោយ​កូន​ស្លាប់​បែប​នេះ ។

ក្រោយ​ពេល​កើតហេតុ​ នគរបាល​ប៉ុស្តិ៍​កា​កាប​១ និង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ នគរបាល​ផ្នែក​បច្ចេកទេស​ខណ្ឌ​ ព្រមទាំង​នគរបាល​ក​ារិ​យា​ល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ទៅ​ពិនិត្យកន្លែងកើតហេតុ និង​ធ្វើ​​កោសល្យវិច័យសព​ ហើយ​សមត្ថកិច្ច​​សង្ស័យ​ថា​ជន​រង​គ្រោះ​ស្លាប់​ដោយ​សារ​​ជំងឺ​គាំងបេះដូង​ ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ដើម្បីយកទៅធ្វើបុណ្យ​តាម​ប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ