ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ូ ស្រី​លុ​ច បង្ហាញ​មហិច្ឆតា​ចាប់​អាជីព​សិល្បៈ​ឱ្យ​ល្បី​ដូច​បងស្រី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទើបតែ​មាន​វត្តមាន​សម្តែង​ក្នុង​បទ​ចម្រៀង​ជា​លើក​ដំបូង​ប៉ុណ្ណោះ ប៉ុន្តែ​កញ្ញា រ៉ូ ស្រី​លុ​ច បាន​បង្ហាញ​មហិច្ឆតា​ចាប់​យក​អាជីព​សិល្បៈ​ឱ្យ​បាន​ជោគជ័យ​ដូច​បងស្រី​របស់​ខ្លួន រ៉ូ ចាន់​តារា ដែរ…

រាជធានី​ភ្នំពេញ ៖ ទើបតែ​មាន​វត្តមាន​សម្តែង​ក្នុង​បទ​ចម្រៀង​ជា​លើក​ដំបូង​ប៉ុណ្ណោះ ប៉ុន្តែ​កញ្ញា រ៉ូ ស្រី​លុ​ច បាន​បង្ហាញ​មហិច្ឆតា​ចាប់​យក​អាជីព​សិល្បៈ​ឱ្យ​បាន​ជោគជ័យ​ដូច​បងស្រី​របស់​ខ្លួន រ៉ូ ចាន់​តារា ដែរ ។

រ៉ូ ស្រី​លុ​ច បាន​បង្ហាញ​វត្តមាន​សម្តែង​ជា​លើក​ដំបូង​ក្នុង​បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា «​មាន​នឹក​បង​ទេ​អូន​» ដែល​ច្រៀង​ដោយ រឹទ្ធ ប្រុស​ពៅ នៅ​ក្នុង​ផលិតកម្ម​ថោ​ន ។ បន្ទាប់​ពី​បទ​ចម្រៀង​នេះ ត្រូវ​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ផលិតកម្ម​ថោ​ន កាលពី​ថ្ងៃ​ទី ១៥ ខែកញ្ញា រហូត​មក​ដល់​ពេល​នេះ គឺ​មាន​អ្នក​ទស្សនា​រាប់​ម៉ឺន​នាក់ ។

ជាមួយនឹង​អត្ថន័យ​នៃ​បទ​ចម្រៀង​ដ៏​ពីរោះ​នោះ អ្នក​ទស្សនា​ជា​ច្រើន​ក៏​មានការ​ចាប់អារម្មណ៍​ផង​ដែរ ទៅ​លើ​តួ​សម្តែង​ស្រី​ដែល​មាន​កាយវិកា​ក្រ​ម៉ិច​ក្រ​មើម​បូក​រួម​នឹង​រូប​សម្រស់​ស្រស់​សោភា​ផង​ដែរ ។ តារា​ស្រី​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា ជា​ប្អូនស្រី​បង្កើត​របស់​តារា​សម្តែង​នាង រ៉ូ ចាន់​តារា ដែល​អតីត​ហ្វ្រេ​ស​ស៊ី ហើយ​បច្ចុប្បន្ន​កំពុង​កសាង​សុភមង្គល​គ្រួសារ​នៅ​ក្រៅប្រទេស ។

ជាមួយនឹង​ការ​បង្ហាញ​វត្តមាន​សម្តែង​ជា​លើក​ដំបូង​នឹង​ទទួល​បានការ​ចាប់អារម្មណ៍​នេះ រ៉ូ ស្រី​លុ​ច មាន​បំណង​ចង់​ប្រឡូក​អាជីព​សម្តែង​នេះ ឱ្យ​បាន​ជោគជ័យ​ដូច​ទៅ​នឹង​បងស្រី​របស់​ខ្លួន​ផង​ដែរ ។ រ៉ូ ស្រី​លុ​ច បាន​អះអាង​ថា នាង​មានឱកាស​សម្តែង​លើក​ដំបូង​នេះ​គឺ​ដោយសារ​នាង​ស្គាល់គ្នា​ជាមួយ​តារាចម្រៀង​លោក រឹទ្ធិ ប្រុស​ពៅ ខណៈ​ពេល​បទ​ចម្រៀង​មួយ​នេះ​ត្រូវ​នឹង​អត្ត​ច​រឹក​របស់​នាង​ផង​ដែរ ។

នាង​បញ្ជាក់​ថា កន្លង​មក​នាង​ក៏​ធ្លាប់​សម្តែង​ម្តង​ដែរ តែ​បាន​ឈប់​ទៅ​វិញ ហើយ​ពេល​នេះ​ជា​លើក​ទី​ពីរ ។ នាង​រំពឹង​ថា បន្ទាប់​ពី​បាន​បង្ហាញខ្លួន​ការ​សម្តែង​ម្តងនេះ​នាង​អាច​នឹង​ទទួលយក​ការ​សម្តែង​ជា​បន្តបន្ទាប់​ទៀត ប្រសិនបើ​មាន​ផលិតកម្ម​ណាមួយ​ត្រូវការ ។ បើ​តាម រ៉ូ ស្រី​លុ​ច ក្នុង​នាម​ជាតា​រា​ដែល​មាន​ភាព​ក្មេងខ្ចី នឹង​មានបទពិសោធន៍​តិចតួច​នាង​នៅ​មិន​ទាន់​ហ៊ាន​ប្រាថ្នា​ចូលរួម​ថត​ខ្សែភាពយន្ត​នៅឡើយ​ទេ ពោល​គឺ​ត្រឹម​ថត​ក្នុង​បទ​ចម្រៀង​ប៉ុណ្ណោះ ។

យ៉ាងណា​ក៏​ដោយ សិល្បៈ​គឺជា​ការ​ស្រឡាញ់ និង​ចូល​ចិត្ត​របស់​នាង​តាំងពី​តូច ហើយ​នាង​នឹង​ខិតខំ​អភិវឌ្ឍន៍​ខ្លួន​បន្ថែម ដើម្បី​ក្លាយជា​តារា​សម្តែង​អាជីព​ដូច​បងស្រី​របស់​នាង​នា​ពេល​អនាគត ។ ក្នុង​វ័យ​២៥​ឆ្នាំ បច្ចុប្បន្ន រ៉ូ ស្រី​លុ​ច ក្រៅពី​អាជីព​លក់​សម្លៀក​បំពាក់ នាង​ក៏​កំពុង​បន្ត​ការ​សិក្សា​ផ្នែក​ភាសា​អង់គ្លេស​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ