រាជធានីភ្នំពេញ ៖ យោងតាមសេចក្ដីជូន ដំណឹងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ បានឱ្យដឹងថា សហព័ន្ធគ្រោងនឹងបញ្ជូនកីឡាករប្រដាល់គុនខ្មែរចំនួន៥
រូប ថ្នាក់ដឹកនាំមួយរូប និងគ្រូបង្ហាត់មួយរូបដើម្បីទៅធ្វើការប្រកួតជាមួយកីឡាករបរទេសនៅប្រទេសបារាំង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែតុលារហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
យោងតាមសេចក្តីជូនដំណឹង ដែលមានការព្រមព្រៀងគ្នារវាងលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក ហេង កុងអៀរ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនបុរាណខ្មែរប្រចាំប្រទេសបារាំង បានឱ្យដឹងថា ប្រតិភូកីឡាប្រដាល់គុនខ្មែរទាំង៧រូប
ដែលគ្រោងនឹងបញ្ជូនទៅនាពេលខាងមុខនេះ រួមមានកីឡាករ លន បញ្ញា ប្រភេទទម្ងន់៦៣,៥គីឡូក្រាម កីឡាករ ឈុត សេរីវ៉ាន់ថង ទម្ងន់៦០គីឡូក្រាម កីឡាករ ធឿន ធារ៉ា ទម្ងន់៧១ គីឡូក្រាម កីឡាករធន់ អៀនឡៃ ទម្ងន់៥៧គីឡូក្រាម និងកីឡាករ សែម សំណាង(ឡុង សំណាង) ទម្ងន់៦៣,៥គីឡូក្រាម ដឹកនាំដោយលោកឧត្តមសេនីយ៍ វ៉ា ស៊ិនភារម្យ អនុប្រធានទី១សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក ធន់ សុភា ជាគ្រូបង្វឹក ។
មន្ត្រីសហព័ន្ធកីឡាប្រដាល់គុនខ្មែរមួយរូបបានឱ្យដឹងថា ការបញ្ជូនប្រតិភូកីឡាប្រដាល់គុនខ្មែរទាំង៥រូបទៅប្រកួតនៅប្រទេសបារាំងនេះ គឺមានការស្នើសុំពីសហព័ន្ធកីឡាប្រដាល់គុនបុរាណខ្មែរប្រចាំប្រទេសបារាំងអស់រយៈពេលជាច្រើនខែរួចមកហើយ ។ ម្យ៉ាងវិញទៀត គោលបំណងរបស់សហព័ន្ធកីឡាប្រដាល់ទាំងពីរដែលចង់ឱ្យកីឡាករប្រដាល់គុនខ្មែរទៅចូលរួមប្រកួតជាមួយកីឡាករបរទេសនៅក្រៅប្រទេសនេះ គឺដើម្បីផ្សព្វផ្សាយនិងលើកស្ទួយវិស័យកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ ដែលជាមរតកពីដូនតាខ្មែរយើង ឱ្យកាន់តែមានការទទួលស្គាល់បានទូលំទូលាយនៅលើឆាកអន្តរជាតិ ។
គួររំឭកថា កន្លងមកសហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅក្នុងប្រទេសនិងក្រៅប្រទេស តែងតែសហការគ្នារៀបចំឱ្យមានការប្រកួតនៅក្រៅប្រទេសជាញឹកញាប់ ហើយក៏មានការបញ្ជូនគ្រូ
បង្វឹកឱ្យទៅបង្ហាត់នៅក្រៅប្រទេសផង ដែលមានដូចជានៅ ប្រទេសបារាំង អូស្ត្រាលី និងប្រទេសជប៉ុនជាដើម ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ