ខេត្តបាត់ដំបង ៖ យោងតាមសេចក្តីរាយការណ៍បឋមពីកម្លាំងយោធា ដែលកំពុងតាមស្វែងរកមនុស្ស២ នាក់បាត់ខ្លួននៅក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងមួយ ហើយមានបាក់ដីភ្នំធ្លាក់សង្កត់មនុស្សនោះ គិតត្រឹមមកទល់រសៀលថ្ងៃទី១៩ កញ្ញា នេះ បានរកឃើញជនរងគ្រោះម្នាក់ដែលនៅរស់រានមានជីវិត ស្ថិតលើទឹកដីថៃ ចម្ងាយជិត១គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ ដោយបានបញ្ជូនជនរងគ្រោះមកកាន់ទឹកដីកម្ពុជាវិញ ។ ប៉ុន្តែកម្លាំងក៏នៅតែបន្តរុករកម្នាក់ទៀត ដែលមិនទាន់ដឹងពីដំណឹងគាត់នៅឡើយនោះ ។
ប្រភពបន្តថា ការតាមស្វែងរកឃើញជនរងគ្រោះម្នាក់ខាងលើនេះ គឺមានការចូលរួមដោយកម្លាំងយោធា ខ្មែរ និងកម្លាំងយោធាថៃ រួមទាំងក្រុមគ្រួសាររបស់ជនរងគ្រោះដោយផ្ទាល់តែម្តង ដោយបានសហការគ្នាយ៉ាងសស្រាក់សស្រាំក្នុងការតាមស្វែងជនរងគ្រោះទាំង២នាក់ ។
សូមរំលឹកថា អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាត បានអះអាងសមត្ថកិច្ចបានកំពុងបន្តប្រតិបត្តិការរុករកប្រជាពលរដ្ឋខ្មែរ២រូប ដែលបានបាត់ខ្លួនដោយសារជំនន់ទឹកភ្លៀង ធ្វើឲ្យដីភ្នំបាក់សង្កត់នៅព្រំដែនកម្ពុជា-ថៃ ។
លោក ឈុំ សុជាត បានសរសេរលើកបណ្តាញសង្គម នៅថ្ងៃទី១៨ កញ្ញា មុននេះបញ្ជាក់ថា «នៅថ្ងៃនេះកម្លាំងចម្រុះ២៥នាក់ ដែលមានអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បានបន្តប្រតិបត្តិការរុករកប្រជាពលរដ្ឋខ្មែរចំនួន២នាក់ ដែលបានបាត់ខ្លួននៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកញ្ញានេះ ។
លោកបន្តថា ដោយសារតែពលរដ្ឋខ្មែរទាំង២រូបនេះបាត់ខ្លួននៅក្នុងទឹកដីថៃ ភាគីកម្ពុជាក៏បាន និងកំពុងសហការជាមួយភាគីថៃ ដើម្បីរុករកជនរងគ្រោះផងដែរ ។ ប្រតិបត្តិការនេះកំពុងទទួលបានការយកចិត្តទុកដាក់ និងបញ្ជាផ្ទាល់ពីលោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ខណៈដែលក្រុមការងារកំពុងតែមមាញឹកក្នុងប្រតិបត្តិការរុករក ។
សូមបញ្ជាក់ថា កាលពីថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា មានពលរដ្ឋ៧នាក់បានចូលទៅក្នុងព្រៃនៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ហើយត្រូវបានជំនន់ទឹកភ្លៀងវាយប្រហារបណ្តាលឱ្យដីភ្នំបាក់សង្កត់ក្នុងនោះមានពលរដ្ឋ៤នាក់ បានរត់រួចខ្លួនម្នាក់រងរបួសធ្ងន់ និង២នាក់បាត់ខ្លួន ។ (សម្រួលដោយ៖ ស្រីណា)
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ