ខេត្តព្រៃវែង ៖ សត្វជ្រូករស់ចំនួន25ក្បាលត្រូវបានកម្លាំងអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្ក្រាបបានកាលពីវេលាម៉ោង៦ និង១៥នាទីល្ងាច ថ្ងៃទី១៨កញ្ញា នៅលើកំណាត់ផ្លូវជាតិលេខ8A ក្នុងឃុំគ្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ។
សកម្មភាពបង្ក្រាបបទល្មើសខាងលើនេះធ្វើឡើងក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចំណែករថយន្តដែលត្រូវបានបង្ក្រាបមានចំនួន2គ្រឿងជាប្រភេទរថយន្តសាំយ៉ុងដឹកអ្នកដំណើរនៅក្នុងរថយន្តមានដឹកសត្វជ្រូករស់ចំនួន25ក្បាល ហើយគ្មានលិខិតអនុញ្ញាតិអ្វីទាំងអស់ ។
តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចជំនាញដែលចុះបង្ក្រាបបទល្មើសខាងលើបានឱ្យដឹងថា សត្វជ្រូករស់ទាំងអស់នេះជារបស់ឈ្មួញឈ្មោះ ឡូញ សិត ភេទប្រុស អាយុ39ឆ្នាំ មានទីលំនៅក្នុងភូមិជាច ឃុំជាច ស្រុកកំចាយមារ ដោយគេបានលួចនាំចូលពីប្រទេសវៀតណាម តាមច្រកអន្លង់ជ្រៃ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយគោលដៅនាំយកទៅទុកនៅភូមិស្ពានភ្លើង ឃុំគ្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង រួចដឹកបន្តយកទៅចែកចាយតាមទីផ្សារនៅក្នុងខេត្ត និងទៅរាជធានីភ្នំពេញ ។
ប្រភពដដែលនេះបានបន្តទៀតថា សកម្មភាពនាំសត្វជ្រូករស់ពីប្រទេសវៀតណាមចូលមកកម្ពុជារបស់ឈ្មួញខាងលើគឺគ្មានលិខិតអនុញ្ញាតពីស្ថាប័នជំនាញណាមួយទេ ហេតុនេះហើយទើបក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះស្ទាក់ចាប់ហើយបាននាំបញ្ជូនបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋាន រាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ