ខេត្តប៉ៃលិន ៖ សំណុំរឿងដែលមើលឃើញយ៉ាងច្បាស់ដូចថ្ងៃត្រង់ រវាងបទល្មើសទ្រង់ទ្រាយធំដូចជាឈ្មួញឈើក្រាក់ ពេលចាប់បានម្តងៗរាប់សិបម៉ែត្រគូប គេនាំគ្នាលាក់មុខលាក់ឈ្មោះ ព្រមទាំងមិនហ៊ានបង្ក្រាបទៀតផង រហូតកើតមានវិនាសកម្មព្រៃឈើនរណាក៏មើល ឃើញដែរ ។ ប៉ុន្តែផ្ទុយទៅវិញ បើប៉ះចំអ្នកតូចតាចគ្មានឥទ្ធិពល គេចាប់ជាន់កដកស្លាបធ្វើហាក់ដូចជាប្រឹងការពារណាស់ តែការពិតកំពុងត្រូវបានសាធារណមតិថ្កោលទោសរញ្ជួយដី ។
លោកយាយចំណាស់ម្នាក់បានយំលើកដៃសំពះអង្វរសុំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកអភិបាលខេត្តប៉ៃលិន មេត្តាជួយអន្តរាគមន៍ ដោះលែងលោកតាជរាជាប្តី អាយុជិត៨០ឆ្នាំទៅហើយ ឱ្យបានចេញពីពន្ធនាគារវិញផង ក្រោយពីនគរបាលចោទថា តារកស៊ីជួញដូរឈើខុសច្បាប់ បន្ទាប់ពីគាត់ទិញឈើបេងស្អុយ២ដើម ប្រហោងក្នុង ពីចម្ការ១កន្លែង យកទៅធ្វើគ្រែដេក ស្រាប់តែត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការជាប់គុកតែម្តង ។
រឿងរ៉ាវនេះអ្នកភូមិក៏មានការហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីឃើញនគរបាលចាប់លោកតា ដោយចោទពីបទរកស៊ីឈើខុសច្បាប់ ហើយម្នាក់ៗនិយាយទាំងគួកទ្រូង និងគ្រវីក្បាលដោយការហួសចិត្តគ្រប់គ្នា ។
ហេតុការណ៍នគរបាលចុះទៅចាប់ឃាត់ខ្លួនបុរសចាស់ជរានេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៥ កញ្ញា ស្ថិតនៅក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលតំបន់នោះគ្មានព្រៃឈើទេ ។
ប្រភពព័ត៌មានបានឱ្យដឹងថា លោកតាចំណាស់ ដែលត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ ឈ្មោះ មឿង សែម អាយុ៧៦ឆ្នាំ ពិការដៃឆ្វេង១ចំហៀង មានប្រពន្ធ ឈ្មោះ ហាង ចាន់ អាយុ៧៣ឆ្នាំ រស់នៅក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។
លោកយាយឈ្មោះ ហាង ចាន់ ដែលមានត្រចៀកធ្ងន់ស្តាប់មិនសូវឮ ជាប្រពន្ធ បាននិយាយរៀបរាប់ទាំងទឹកភ្នែកហូររហាមថា នៅព្រឹកថ្ងៃកើតហេតុ មានប៉ូលិស១ក្រុម បានចុះទៅដល់ផ្ទះរបស់គាត់ ហើយចោទប្រកាន់ថា ពួកគាត់អារ.ឈើស្តុកទុកខុសច្បាប់ តែគាត់ប្រាប់ថា ពួកគាត់មិនធ្លាប់រកស៊ីអារឈើលក់អ្វីនោះទេ ធ្វើតែចម្ការដាំម្ទេស ដាំត្រប់ បេះលក់រាល់ថ្ងៃ និងដាំស្រូវបន្តិចបន្តួចដើម្បីលក់ផ្គត់ផ្គង់ជីវិតប៉ុណ្ណោះ ។ គាត់មានកូនស្រីម្នាក់ ឱ្យទៅធ្វើការនៅប្រទេសកូរ៉េ ក៏បានផ្ញើប្រាក់ឱ្យទិញឈើបេងគេលក់ដើម្បីធ្វើគ្រែ
ដេក មុនពេលពួកគាត់អស់ជីវិតលាចាកលោកនេះទៅ ។
ឈើបេងនេះ ជាឈើប្រហោងក្នុង ក្រងេងក្រងង់ លុះទិញឈើនោះមកក៏ត្រូវនគរបាលឃាត់ខ្លួនប្តីគាត់បញ្ចូលក្នុងរថយន្ត ឆ្ពោះទៅកាន់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ។ គាត់បន្តទៀតថា បន្ទាប់ពីដឹងថាប្តីពិការរបស់ខ្លួនដែលមានជំងឺរាករូសថែមទៀត ត្រូវគេចាប់វាយខ្នោះ គាត់មិនដឹងជាគិតយ៉ាងណានោះទេ មានតែអង្គុយស្រក់ទឹកភ្នែក ដោយអាណិតអាសូរដល់ប្តីចាស់ជរាពន់ពេក ខណ:ត្រូវគេចោទពីបទរកស៊ីបទល្មើសព្រៃឈើ ។
ពេលនេះលោកយាយសូមលើកដៃអង្វរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយអន្តរាគមន៍ដោះលែងប្តីគាត់ផង ព្រោះពួកគាត់មិនមែនជាមនុស្សរកស៊ីជួញដូរឈើដូចការចោទប្រកាន់នោះឡើយ ។ ជាពិសេសសុំឱ្យលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន មេត្តាចាត់មន្ត្រីក្រោមឱវាទឱ្យចុះទៅស៊ើបអង្កេត ករណីប្តីរបស់គាត់ឱ្យបានច្បាស់លាស់ផង មុននឹងធ្វើការចាប់ខ្លួនបញ្ជូនទៅតុលាការ ខណៈដែលឈ្មួញឈើពិតប្រាកដមិនដែលឃើញចាប់នរណាម្នាក់ទេ ។
បុរសម្នាក់ឈ្មោះ យឹម វឿន អាយុ៦៥ឆ្នាំ រស់នៅក្បែរផ្ទះប្តីប្រពន្ធវ័យចំណាស់នេះបានឱ្យដឹងថា ពួកគាត់បានទិញឈើពីបុរសម្នាក់ឈ្មោះ សរ ចំណាន នៅឯចម្ការក្នុងភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដោយទិញមកអស់រយ:ពេល៦ថ្ងៃមកហើយ ក្នុងតម្លៃ៦៥០ដុល្លារ បម្រុងនឹងយកទៅធ្វើគ្រែដេក ស្រាប់តែនៅព្រឹកថ្ងៃកើតហេតុ ក៏ត្រូវនគរបាល ចាប់ឃាត់ខ្លួនលោកតាតែម្តង ដោយចោទពីបទរកស៊ីកាប់ឈើខុសច្បាប់ ។
ចំណែកឈ្មោះ សរ ចំណាន ភេទប្រុស អាយុ២៥ឆ្នាំ ជាគ្រូបង្រៀន និងជាម្ចាស់ឈើបេងស្អុយប្រហោងក្នុងបានឱ្យដឹងថា លោកបានលក់ឈើចំនួន២ដុំ ជាប្រភេទឈើបេង ក្នុងតម្លៃ៦៥០ដុល្លារ មានប្រហោងក្នុង ទៅឱ្យលោកតាព្រោះគាត់សុំទិញ ដើម្បីយកទៅឱ្យជាងច្នៃធ្វើគ្រែដេក ហើយគាត់ក៏ជួលគេទៅកាត់រំលំក្នុងចម្ការ នៅភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ អស់រយ:ពេល២ទៅ៣ថ្ងៃ ទើបជួលគោយន្តកន្ត្រៃដឹកយកទៅទុកក្នុងផ្ទះ ។
គាត់បន្តទៀតថា ឈើទាំង២ដុំខាងលើនេះ ពិតជាដុះនៅលើដីចម្ការរបស់ខ្លួនប្រាកដមែន ដោយពួកគាត់ មិនបានទៅលួចពីនរណានោះឡើយ ឬរកស៊ីជួញដូរអ្វីនោះដែរ ហើយលោកលក់ឈើបេងទាំង២ដើមនេះ គឺក្នុងគោលបំណងឱ្យស្រឡះដីងាយស្រួលភ្ជួរដាំពោត ។ មិនមែនទៅកាប់ឈើក្នុងព្រៃរបស់រដ្ឋឯណាទេ ។ ព្រៃនៅប៉ៃលិន គ្មានឈើទេ គេកាប់លក់អស់ហើយ ។
ចំណែកអ្នករស់នៅក្នុងភូមិខាងលើជាច្រើននាក់ បានលើកឡើងថា ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធ ជាមនុស្សល្អទេនៅក្នុងភូមិ ដោយធ្លាប់តែរកស៊ីដាំបន្លែលក់ចិញ្ចឹមជីវិត និងធ្វើស្រែបន្តិចបន្តួច ហើយរាល់ថ្ងៃគាត់រស់ដោយសារមានកូនទៅធ្វើការនៅប្រទេសកូរ៉េ ផ្ញើប្រាក់មកចាយវាយប្រចាំថ្ងៃ និងទិញថ្នាំលេបព្រោះពួកគាត់ចាស់ៗហើយ ហើយពួកគាត់មិនធ្លាប់រកស៊ីបទល្មើសព្រៃឈើអ្វី ដូចការចោទរបស់ប៉ូលិសនោះឡើយ ។ គាត់ថា ឈើកំណាត់តូចៗនិងឈើបេងប្រហោងក្នុងទាំងអស់នោះ គឺគាត់ទិញផ្សំគ្នានៅតាមចម្ការ ក្នុងគោលបំណងយកទៅធ្វើគ្រែដេកតែប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក រី ដារ៉ា អធិការនគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា ខាងលោកចាប់ឃាត់ខ្លួនបុរសខាងលើ គឺពាក់ព័ន្ធទៅនឹងបទល្មើសកាប់បំផ្លាញព្រៃឈើខុសច្បាប់ ហើយសំណុំរឿងនេះ ខាងលោកក៏បានរៀបចំ និងបញ្ជូនទៅតុលាការអស់ហើយ ពោលគឺផុតពីដៃរបស់លោកហើយ ។
លោកបន្តទៀតថា ពេលនេះ ខាងលោកកំពុងជាប់រវល់ទទួលទូរស័ព្ទពីខាងអភិបាលស្រុក ហើយក៏បិទទូរស័ព្ទភ្លាមៗតែម្តងហាក់ដូចជាមិនចង់ផ្តល់សម្ភាសន៍បន្តទៀតទេ ។ ចាត់ទុកថា ប៉ូលិសចាប់ឈើមួយករណីនេះពិតជាមានស្នាដៃធំធេងមែន…គួរសរសើរពេកក្រៃ ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ