ធនាគារ CIMB បន្ត​ឧបត្ថម្ភ ដល់​មន្ទីរ​ពេទ្យ​​បង្អែក​បាទី ពីរ​ឆ្នាំ​ជាប់​ៗ​គ្នា


រាជធានី​ភ្នំពេញ ៖ ផ្អែក​តាម​របាយការណ៍ របស់​មន្ទីរពេទ្យ​បង្អែក​បាទី ជា​រៀង​រាល់​ខែ មាន​អ្នកជំងឺ​ប្រមាណ​ពី ៣៥០-៤៥០​នាក់ មក​ពិនិត្យ​ព្យាបាល​ជំងឺ ហើយ​ក្នុង​នោះ​មាន​ស្ត្រី​សម្រាលកូន​ប្រមាណ ៧០-៨០​នាក់​ផង​ដែរ​។ ឆ្លើយ​តប​នឹង​តម្រូវការ​ចាំបាច់ របស់​អ្នកជំងឺ ដែល​មាន​ចំនួន​កើន​​ឡើងជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភី​អិ​ល​ស៊ី (​ធនាគារ CIMB) បាន​បន្ត​ឧបត្ថម្ភ​សម្ភារៈ​បរិក្ខារ​ពេទ្យ​សំខាន់​ៗ​បន្ថែម​ទៀត ដល់​មន្ទីរពេទ្យ​បង្អែក​បាទី ខេត្តតាកែវ ជា​លើក​ទី​២ កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​។

សកម្មភាព​សប្បុរសធម៌ សម្រាប់​២​ឆ្នាំ​បន្តបន្ទាប់ របស់​ធនាគារ CIMB នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង ដោយ​មានការ​ចូលរួម​ដោយ​ផ្ទាល់​ពី​គណៈ​គ្រប់គ្រង និង​បុគ្គលិក​ធនាគារ ក្រោម​ពាក្យ​ស្លោក «​ធនាគារ CIMB បន្ត​យកចិត្តទុកដាក់​លើ​សុខភាព​មាតា និង​កុមារ​»​។ លើស​ពី​ឆ្នាំ​មុន ធនា​គារ CIMB បាន​ប្រគល់​ឧបករណ៍​ពេទ្យ​ចាំបាច់​បំផុត​មួយ​ចំនួន ដល់​មន្ទីរពេទ្យ ដូច​ជា​ម៉ាស៊ីន​ជីវគីមី​សាស្ត្រ ព្រមទាំង​សម្ភារៈ​បរិក្ខារ​ពេទ្យ​ជា​ច្រើន​ទៀត​។

ថ្លែង​ក្នុង​ពិធី​ប្រគល់​គ្រឿង​បរិក្ខារ​ពេទ្យ​នេះ លោក ប៊ុ​ន យី​ន ប្រធាន​នាយក​ប្រតិបត្តិ របស់​ធនាគារ CIMB បាន​មាន​ប្រសាសន៍​ថា​៖ «​ឆ្លង​តាម​គម្រោង​នៃ​ការ​ទទួលខុសត្រូវ​ក្នុង​សង្គម (CSR) និង​ការ​ផ្តល់​វិភាគទាន តាម​រយៈ​នៃ​ការ​ប្រគល់​ទៅ​កាន់​សហគមន៍​វិញ នូវ​ចំណែក​នៃ​ផល​អាជីវកម្ម របស់​ធនាគារ CIMB យើងខ្ញុំ​បាន​ចូលរួម​សកម្មភាព​សង្គម​ជា​ច្រើន ដូច​ជា​អប់រំ​សិក្សាធិការ (​ការ​ផ្តល់​អាហារូបករណ៍​) – បរិស្ថាន (​ការ​ដាំ​ដើមឈើ​) – សុខាភិបាល (​ថ្មី​នេះ រួមចំណែក​ជាមួយ​ធនាគារ​ជាតិ និង​គ្រូពេទ្យ​ស្ម័គ្រចិត្ត ពី​ប្រទេស​អូស្ត្រាលី ដែល​ជួយ​ឧបត្ថម្ភ​ព្យាបាល​អ្នកជំងឺ​ភ្នែក ដល់​អ្នក​ជំងឺ​​រាប់រយ​នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​ស៊ូ​វៀត​) ហើយ​ដោយឡែក​សម្រាប់​មន្ទីរពេទ្យ​បាទី​នេះ ធនាគារ​យើងខ្ញុំ​បាន​ចូលរួម​ឧបត្ថម្ភ ជា​លើក​ទី​២​។ ចំណុច​ពិសេស​ដែល​ទាក់ទាញ​ធនាគារ CIMB យើងខ្ញុំ មក​កាន់​មន្ទីរពេទ្យ​បង្អែក​បាទី​ម្តងទៀត គឺ​ស្ថិត​ក្នុង​គោលបំណង​ធានា​និរន្ត​ភាព នូវ​ការ​ជួយ​ឧ​បត្ត​ម្ភ​របស់​ធនាគារ​យើងខ្ញុំ នឹង​ស្ថិតស្ថេរ​ជា​កាល​រៀង​ទៅ​។ ហើយ​ការ​ឧបត្ថម្ភ​លើក​ទី​២​នេះ គឺ​រួម​មាន​ម៉ាស៊ីន​ជីវគីមី​សាស្ត្រ កៅអី​សម្រាប់​អ្នកជំងឺ​រង់ចាំ តុ​ចល័ត​ពិនិត្យ​អ្នកជំងឺ គ្រែ​សង្គ្រោះ​​អ្នកជំងឺ​បន្ទាន់ ឧបករណ៍​វាស់​កំហាប់​អ៊ុ​ក​ស៊ី​សែន​ក្នុង​ឈាម និង​គ្រែ​ពិនិត្យ​អេកូ​ជាដើម​»​។

ស្ថិត​ក្នុង​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល លោក​វេជ្ជបណ្ឌិត សៅ ចាន់​ថា ប្រធាន​មន្ទីរពេទ្យ​បង្អែក​​បាទី បាន​មាន​ប្រសាសន៍​ថា​៖ «​បច្ចុប្បន្ន ក្រៅពី​អ្នកជំងឺ​នៅ​ក្នុង​មូលដ្ឋាន និង​ក្នុង​ខេត្តតាកែវ ក៏​មាន​អ្នកជំងឺ​មក​ពី​ខេត្ត​ជិត​ៗ មក​ទទួល​សេវាកម្ម​ព្យាបាល ពី​មន្ទីរពេទ្យ​បង្អែក​បាទី​ផង​ដែរ​។ ស្រប​​ពេល​ដែល​អ្នកជំងឺ​ការ​កើន​ឡើងជា​លំដាប់ ឧបករណ៍​ពេទ្យ ដែល​ធនាគារ CIMB យក​មក​ប្រគល់​ជូន​មន្ទីរពេទ្យ​បង្អែក​បាទី​នេះ គឺ​ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់ ដល់​ការ​ព្យាបាល​អ្នកជំងឺ ដែល​ញ៉ាំ​ង​ឲ្យ​ការ​ព្យាបាល​អ្នកជំងឺ កាន់តែ​មាន​ប្រសិទ្ធ​ភាពល្អ​។ ជាក់ស្តែង ដូច​ជា​ម៉ាស៊ីន​ជីវគីមី​សាស្ត្រ និង​ឧបករណ៍​វាស់​កំហាប់​អ៊ុ​ក​ស៊ី​សែន​ក្នុង​ឈាម​នេះ​ជាដើម គឺជា​សម្ភារៈ​បរិក្ខារ​ពេទ្យ​ដ៏​ទំនើប ដែល​ជួយ​ដល់​ការ​តាមដាន និង​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​ទូទៅ ប្រកបដោយ​ប្រសិទ្ធ​ភាព​។ តាង​នាម​ឲ្យ​ក្រុម​គ្រូពេទ្យ នៅ​មន្ទីរពេទ្យ​បង្អែក​បាទី ខ្ញុំ​សូម​ថ្លែងអំណរគុណ ដល់​ធនាគារ CIMB ដែល​បន្ត​ឧបត្ថម្ភ ដល់​មន្ទីរពេទ្យ​យើងខ្ញុំ លើក​ទី​២​នេះ ហើយ​សង្ឃឹមថា ធនាគារ CIMB នឹង​បន្ត​ឧបត្ថម្ភ នៅ​ឆ្នាំ​ខាង​មុខ​ៗ​ផង​ដែរ​»​។

លោក​សាន ពិសី ជា​បុគ្គលិក​ធនាគារ CIMB មួយ​រូប ដែល​បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់​ជូន​សម្ភារៈ​ពេទ្យ​នេះ បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា​៖ «​ថ្ងៃនេះ គឺជា​លើក​ទី​៤​ហើយ ដែល​ខ្ញុំ​បាន​ចូលរួម​ការងារ​សង្គម ជាមួយ​ធនាគារ CIMB ហើយ​ខ្ញុំ​ពិតជា​សប្បាយ​រីករាយ​ខ្លាំង​ណាស់ ដែល​បាន​ចូល​រួម​កម្មវិធី​បរិច្ចាគ​បរិក្ខារ​ពេទ្យ ដល់​មន្ទីរពេទ្យ​បង្អែក​បាទី នា​ពេល​នេះ​។ បើ​តាម​ការ​សង្កេត​របស់ខ្ញុំ​ផ្ទាល់ អ្វី​ដែល​ធនាគារ​បាន​បរិច្ចាគ នា​ថ្ងៃនេះ គឺ​ពិតជា​បំពេញ​ដល់​តម្រូវការ​របស់​មន្ទីរពេទ្យ​បង្អែក​បាទី ដែល​ជួយ​ដល់​ការ​ព្យាបាល​អ្នកជំងឺ​រាប់រយ​នាក់ ក្នុង​មួយ​ខែ​ៗ​។ ដូច្នេះ​ការងារ​សង្គម​របស់​ធនាគារ CIMB នេះ បាន​រួមចំណែក​ដល់​ការ​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ ក្នុង​មូល​ដ្ឋាន​ក៏​ដូច​ជា​លើក​ស្ទួយ​ដល់​វិស័យ​សុខាភិបាល​ផង​ដែរ​។ សម្រាប់​ខ្ញុំ ខ្ញុំ​នឹង​ចូលរួម​កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម តាម​លទ្ធភាព ជាមួយ​ធនាគារ CIMB លើក​ក្រោយ​ៗ​ទៀត​ផង​ដែរ​»​។

សូម​បញ្ជាក់​ផង​ដែរ​ថា ធនាគារ CIMB បាន​ចាប់ផ្តើម​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន ក្នុង​ប្រទេស​កម្ពុជា នៅ​ចុងឆ្នាំ​២០១០ ហើយ​បច្ចុប្បន្ន​ធនាគារ​មាន​សាខា​ចំនួន​១៣ តាម​បណ្តា​រាជធានី និង​ខេត្ត​សំខាន់​ៗ នៅ​ក្នុង​ប្រទេស​។ ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​កន្លង​មកនេះ ធនាគារ CIMB បាន​ចូល​រួម​សកម្មភាព​សប្បុរសធម៌​ជា​ច្រើន ដែល​រួម​មាន​វិស័យ​សំខាន់​ៗ ដូច​ជា​វិស័យ​អប់រំ ដោយ​ធនា​គារ​បាន​ឧបត្ថម្ភ​ដល់​សាលា​ដាច់​ស្រ​យ៉ា​ល​នានា ក្នុង​ប្រទេស​កម្ពុជា និង​ផ្តល់​អាហារូបករណ៍ ដល់​និស្សិត​សិក្សា​នៅ​ក្រៅប្រទេស | វិស័យ​សុខាភិបាល ដោយ​ធនាគារ​បាន​បរិច្ចាគ​ឈាម និង​ឧបត្ថម្ភ ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា មន្ទីរពេទ្យ​បង្អែក​បាទី និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ជាដើម | វិស័យ​​សង្គមកិច្ច ដោយ​ធនាគារ​បាន​ឧបត្ថម្ភ​ដល់​កាកបាទក្រហម និង​មជ្ឈមណ្ឌល​កុមារ​កំព្រា​នានា ព្រមទាំង​ផ្នែក​បរិស្ថាន ដោយ​ធនាគារ​បាន​ចូលរួម​ដាំ​កូន​ឈើ នៅ​វិទ្យាល័យ ឧដុង្គ​ជាដើម​។

អំពី​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភី​អិ​ល​ស៊ី
ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភី​អិ​ល​ស៊ី ជា​ផ្នែក​មួយ​នៃ​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែល​បាន​ចាប់ផ្តើម​ប្រតិ​បត្តិ​ការ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិការ ឆ្នាំ​២០១០ ដោយ​បាន​បើក​សាខាពាណិជ្ជ​ទី​១ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ធនាគារ​មាន​សាខា​ចំនួន ១១​កន្លែង នៅ​ក្នុង​ខេត្ត​រាជធានី​សំខាន់​ៗ​ទាំង​៥ រួម​មាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពង់ចាម និង​ខេត្តបាត់ដំបង​។ ជា​មួយ​នឹង​អតិថិជន​ទាំង​បុគ្គល​សរុប​ប្រមាណ ២៣,០០០​នាក់ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី មាន​ផ្តល់​ជូន​សេវា​កម្ម និង​ផលិតផល​ធនាគារ​ដ៏​ទូលំទូលាយ រួម​មាន​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល សេវាកម្ម​ហិរញ្ញ​ពាណិជ្ជកម្ម ព្រមទាំង​សេវាកម្ម​ហិរញ្ញវត្ថុ​សាជីវកម្ម និង​សេវា​ប្រតិបត្តិការ​ផង​ដែរ​។

ស៊ី​អាយ​អិ​ម​ប៊ី គ្រុប គឺជា​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​ទី​ពីរ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ជា​ធនាគារ​សាកល​នាំមុខ​គេ​មួយ​ក្នុង​តំបន់​អាស៊ាន​។ ធនាគារ​នេះ មាន​ផ្តល់​ជូន​សេវាកម្ម​ធនាគារពាណិជ្ជ ធនា​គារ​វិនិយោគ ធនាគារ​ឥ​ស្លា​ម ក៏​ដូច​ជា​ផលិតផល និង​សេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និង​ធានា​រ៉ាប់រង​។ មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួ បច្ចុប្បន្ន​នេះ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​វត្ត​មាននៅ​ប្រទេស​ទាំង ១០ ក្នុង​ចំណោម​ប្រទេស​ទាំង​១០ ក្នុង​តំបន់​អាស៊ាន (​ប្រទេស​ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី សិង្ហ​បុរី ថៃ កម្ពុជា ប្រ៊ុ​យ​ណេ វៀតណាម ភូមា ឡាវ និង​ហ្វី​លី​ពី​ន​)​។ ក្រៅពី​តំបន់​អាស៊ាន ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏​មាន​វត្ត​មាននៅ​ប្រទេស​ចិន ហុងកុង ឥណ្ឌា ស្រី​លង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។

ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បណ្តាញ​សាខា​ធំ​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ាន ជាមួយ​សាខា​ជាង ៩០០ កន្លែង គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៧​។ ធនាគារ​វិនិយោគ​របស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏​ស្ថិត​ក្នុង​ចំណោម​ធនាគារ​វិនិយោគ​ធំ​ជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដែល​ផ្តល់​ការ​វិភាគ​ទៅ​លើ​ផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាង ១.០០០ ក្រុមហ៊ុន នៅ​ក្នុង​តំបន់ ។

ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដំណើរការ​អាជីវកម្ម​តាម​រយៈ​អង្គភាព​ចំបង​បី គឺ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Bank) ធនាគារ​វិនិយោគ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Investment Bank) និង ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ឥ​ស្លា​ម (CIMB Islamic)​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​ភាគហ៊ុន ៩២,៥% នៅ​ក្នុង​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី នៀ​ហ្គា (Bank CIMB Niaga) នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង ៩៣,៧% នៅ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ថៃ (CIMB Thai) នៅ​ក្នុង​ប្រទេស​ថៃ​។

ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ត្រូវ​បាន​ចុះបញ្ជី​ភាគហ៊ុន​នៅ​លើ​ទីផ្សារ​មូល​ប​ត្រ ប៊ូ​រ​សា ម៉ា​ឡេ​ស៊ី (Bursa Malaysia) តាម​រយៈ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ហូល​ឌី​ង ប៊ឺ​ហា​ដ (CIMB Group Holding Berhad)​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​មូលធន​ទីផ្សារ នៅ​លើ​ទីផ្សារ​មូល​ប​ត្រ ប្រហែលជា ៣៨,១ ពាន់​លាន រីង​ហ្គី​ត​ម៉ា​ឡេ​ស៊ី គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៧​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បុគ្គលិក​សរុប​ជាង ៣៩.០០០​នាក់ នៅ​ក្នុង​ប្រទេស​ចំនួន ១៥​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មក​កាន់
លោក ស្រេង ភា​រុណ
ផ្នែក​ទីផ្សារ និង​ទំនាក់ទំនង
ទូរ​ស័ព្ទ​៖ +៨៥៥ (០) ៩២ ៩៥៧ ៤៥៥
ទូរសារ​៖ +៨៥៥ (០) ២៣ ៩៨៨ ០៩៩
អ៊ីមែល​៖
phearun.sreng@cimb.com.kh៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ