ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​ភ្ជុំបិណ្ឌ​…​កាន់តែ​កកកុញទៅបែរ​បន់​​នៅ​រូប​សំណាក​លោក​យាយ​​យ៉ាត​

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ គេ​សង្កេត​ឃើញ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​មក​ពី​តាម​បណ្តា​ខេត្ត​នានា ដូច​ជា​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ ពោធិ៍សាត់ សៀមរាប និង​រាជធានី​ជាដើម បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ គេ​សង្កេត​ឃើញ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​មក​ពី​តាម​បណ្តា​ខេត្ត​នានា ដូច​ជា​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ ពោធិ៍សាត់ សៀមរាប និង​រាជធានី​ជាដើម បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ បាន​ចូល​ទៅ​ដុត​ធូប​បួងសួង​បន់ស្រន់​សុំ​សេចក្តីសុខ និង​អ្នកខ្លះ​ទៀត​សុំ​ឱ្យ​រកស៊ី ការ​រក​ទទួលទាន​មានបាន ខណៈ​ចូល​ទៅ​ថ្វាយបង្គំ​រូបសំណាក​លោកយាយ​យ៉ា​ត​មាន​កាន់នូវ​ផ្លែ​ចេក អ្នកមាន​គ្រាន់បើ​យក​មាន់​ខ្វៃ រហូត​ដល់​ខ្លះ​ទៀត​យក​ក្បាល​ជ្រូក​ ទៅ​សែន​ថ្វាយ​ជូន​លោកយាយ​យ៉ា​ត​ផង​ដែរ ។

ជា​ពិសេស​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ប៉ៃលិន ដែល​គេ​មាន​ជំនឿ​ទៅ​លើ​បារមី​លោកយាយ​យ៉ា​ត ហើយ​ក៏​កំពុង​តែ​ល្បី​រន្ទឺ ទូ​ទាំង​ប្រទេស​កម្ពុជា ថែម​ទាំង​ល្បី​ត​ៗ គ្នា​រហូត​ដល់​ឯនាយ​សមុទ្រ​ថែម​ទៀត​ផង​ដែរ ខណៈ​បច្ចុប្បន្ន​អាជ្ញាធរ​ខេត្ត បាន​ដាក់​តាំង​រូបសំណាក​លោកយាយ​យ៉ា​ត នៅ​ក្បែរ​ជើងភ្នំ​យ៉ា​ត​តែ​ម្តង ស្ថិត​ក្នុងភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ សេង សុ​ខន អាយុ​៤៥​ឆ្នាំ មក​ពី​ខេត្តបាត់ដំបង បានឱ្យ​ដឹង​ថា កាលពី​ពេល​ថ្មី​ៗ នេះ រូប​គាត់​បាន​ជួល​ក្រុម​ភ្លេង​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ប៉ៃលិន ឱ្យ​ប្រគំ​បទ​ភ្លេងពិណពាទ្យ​លេង​ថ្វាយ​លោកយាយ​យ៉ា​ត ដើម្បី​លាបំណន់ ដែល​ខ្លួន​បាន​បន់ស្រន់ ហើយ​ទទួល​បាន​ទទួល​ជោគជ័យ​ជាទី​គាប់ចិត្ត ។ ប្រភព​បន្ត​ទៀត​ថា ហើយ​នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ កន្លែង​តាំង​រូបសំណាក​លោកយាយ​យ៉ាត​ មិន​ស្ងាត់​មនុស្ស​ទេ ព្រោះ​តាំងពី​ព្រឹក​រហូត​ដល់​យប់​មាន​ភ្ញៀវ​ទេសចរណ៍​ចេញចូល​ៗ ទៅ ដុត​ធូប​បន់ស្រន់ បួងសួង​រូបសំណាក​សំ​លាភ​ពី​យាយ​យ៉ា​ត ។

បុរស​ម្នាក់ ឈ្មោះ សុខ ចាន់ រស់នៅ​ក្នុង​ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ក្នុង​ខេត្ត ប៉ៃលិន​ទាំងមូល​តំបន់​ទេសចរណ៍ ដែល​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​ទៅ​លេង​កំសាន្ត​ច្រើន​ជាងគេ គឺ​រមណីយដ្ឋាន​ប្រវត្តិ សាស្ត្រ​ភ្នំ​យ៉ា​ត ដោយសារ​មាន​រូបសំណាក​យាយ​យ៉ា​ត ដ៏​ធំ ហើយ​ពូកែ​ស័ក្តិសិទ្ធិ​សម្រាប់​ឱ្យ​អ្នកស្រុក និង​ភ្ញៀវ​មក​ពី​តាម​បណ្តា​ខេត្ត​ចូល​ទស្សនា និង​អុជ​ធូប​បន់ស្រន់​សុំ​សេចក្តីសុខ ការ​រីក​ចម្រើន​ក្នុង​ក្រុម​គ្រួសារ ។ លើស​ពី​នេះ បន្ទាប់​ពី​ភ្ញៀវ​មួយ​ចំនួន​បាន​បន់ស្រន់​រួច ស្រាប់តែ​ថ្ងៃ​ក្រោយមក ក៏​នាំ​គ្នា​យក​ចេក មាន់​ទា​ខ្វៃ និង​ក្បាល​ជ្រូក​ខ្វៃ​ទៅ​ដាក​សែន​ថ្វាយ​លោកយាយ​យ៉ា​ត ព្រោះ​គេ​ប្រាប់​ថា ការ​បន់​កាលពី​ថ្មី​ៗ​កន្លង មក​ទទួល​បានការ​ឆុត ត្រូវ​ទៅ​នឹង​អ្វី​ដែល​គេ​បាន​ស្នើ​សុំ ។

បើ​តាម​សម្តី​ភ្ញៀវ​បរទេស​ម្នាក់ ឈ្មោះ ណា​អរ សុខា​ណា​ន ភេទ​ស្រី ជា​ជនជាតិ​ថៃ បានឱ្យ​ដឹង​ដែរ​ថា ជា​រៀងរាល់ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ និង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ គាត់​តែងតែ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ប្រទេស​ថៃ ចូល​មក​លេង​ស្រុក​ខ្មែរ ក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​បួងសួង​សូមពរ ជ័យ​ពី​រូបសំណាក​លោកយាយ​យ៉ា​ត ព្រោះ​ជនជាតិ​ថៃ​ក៏​មាន​ជំនឿ​ភាគច្រើន ក៏​មាន​ជំនឿ​ដូច​គ្នា​ទៅ​នឹង​ជនជាតិ​ខ្មែរ​ផង​ដែរ ។

ដូច្នេះ​ហើយ ទើប​គាត់​នាំ​ក្រុម​គ្រួសារ ចូល​មក​ក្នុង​ខេត្ត​នេះ ដើម្បី​រៀបចំ​ធ្វើបុណ្យ និង​ដុត​ធូប​ថ្វាយ​លោក​យាយ​យ៉ា​ត ព្រោះ​សង្កេត​ឃើញ​ថា ក្រោយ​ពី​បន់​រួច ត្រឡប់​ទៅ​ផ្ទះ​វិញ ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​មុខរបរ​ចិញ្ចឹមជីវិត ហើយ​កាន់តែ​ធូរធារ​ឡើង​ៗ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​តែ​ម្តង​។

បើ​តាម​សម្តី​របស់​លោកតា​អាចារ្យ ឈ្មោះ មាស ពៅ អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន និង​លោកតា សុខ សារី អាយុ​៧២​ឆ្នាំ រស់នៅ​ភូមិ​ទួល​ស្រឡៅ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ជា​អ្នក​ចាំ​យាម​មើលថែ​រក្សា​រូបសំណាក​លោកយាយ​យ៉ា​ត បាន​រៀបរាប់​ឱ្យ​ដឹង​ដំណាលគ្នា​ថា អ្នកស្រុក និង​ភ្ញៀវ​ទេសចរ ខាងលើ​បាន​មក​បន់ស្រន់​រូបសំណាក​លោកយាយ​យ៉ា​ត កាលពី​ប៉ុន្មាន​ខែ​មុន​មែន ហើយ​រហូត​មក​ដល់​ពេល​នេះ អ្នកខ្លះ​ក៏​បាន​ជួល​ក្រុម​ភ្លេង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ឱ្យទៅ​ប្រគំ​លេងភ្លេង​ពិណពាទ្យ​ថ្វាយ​លោកយាយ​យ៉ា​ត តាម​ការ​សន្យា​របស់​ខ្លួន ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​រកស៊ី ។

ពួក​គាត់​បន្ត​ទៀត​ថា ឃើញ​ពួក​គេ​នាំ​យក​បច្ច័យ​មួយ​ចំនួន ផ្លែ​ចេក​ជា​ច្រើន​ស្និត ក្បាល​ជ្រូក​ខ្វៃ មាន់​ស្ងោរ ផ្លែ​មៀន និង​របស់របរ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។ តាម​ការ​ពិនិត្យ​ឃើញ ជា​រៀងរាល់ថ្ងៃ ​មាន​មនុស្ស​ចេញ
ចូល​ៗ ក្នុង​កន្លែង​លោកយាយ​យ៉ា​ត ដោយ​នាំ​គ្នា​មក​បន់ស្រន់​ឥត​ដាច់​នោះ​ឡើយ ហើយ​ក៏​មាន​អ្នក​ទទួល​បាន​ជោគជ័យ​យក​គ្រឿង​សក្ការបូជា​មក​ថ្វាយ​លាបំណន់​រាល់ថ្ងៃ​ដែរ ។

លុះ​​ពួក​គាត់​សួរនាំ​អ្នកខ្លះ​ឆ្លើយ​ថា ពួក​គេ​មក​ពី​ខេត្ត​ប៉ៃលិន អ្នក​ខ្លះមក​ពី​ខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយ​មាន​ជ័យ សៀមរាប កំពង់ធំ តាកែវ កោះកុង កំពង់ឆ្នាំង រហូត​ដល់​ភ្នំពេញ​ផង​ដែរ ហើយ​បើ​ពួក​គាត់​ស្មាន​មិន​ខុស​ទេ គឺ​មក​ពី​២៥​ខេត្ត​ក្រុង និង​មាន​អានិកជន ព្រមទាំង​ជនបរទេស​មក​ពី​នាយ​សមុទ្រ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ​ចំពោះ​លោកយាយ​យ៉ាតដែរ ។

ដោយ​អ្នកខ្លះ​និយាយ​ថា បន្ទាប់​ពី​បន់ស្រន់​រួច ការ​ប្រកប​មុខរបរ​រកស៊ី​មានបាន កាក់កប អ្នកខ្លះ​ជំពាក់​បំណុល​គេ​សង​រួចរាល់ និង​បញ្ហា​ផ្សេង​ៗ ទៀត​ជា​ច្រើន ដែល​គេ​ទទួល​ពី​ការ​បន់ស្រន់ ទើប​ធ្វើ​ឱ្យ​កិត្តិនាម​លោកយាយ​យ៉ា​ត​បាន​ល្បី​រន្ទឺ​កាន់តែ​ខ្លាំង​ឡើង​បែប​នេះ ជា​ពិសេស​នៅ រៀងរាល់ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន វៀតណាម ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ រដូវ​ភ្ជុំបិណ្ឌ ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ មាន​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូល​មក​បន់ស្រន់​លោកយាយ​យ៉ា​ត​ដ៏​ច្រើន​ស្ទើរតែរ ក​កន្លែង​ចត​យានយន្ត​មិនកើត ។

ពួក​គាត់​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​នាក់ ដែល​ធ្វើ​ដំណើរ​តាម​ម៉ូតូ និង​រថយន្ត​ពី​ក្នុង​ខេត្ត និង​ខេត្ត​នានា ចូល​មក​កាន់​ខេត្ត​ប៉ៃលិន ដើម្បី​បន់ស្រន់​បួងសួង​សុំ​ពរ​ជ័យ និង​លាភ​សក្ការ​ពី​លោក យាយ​យ៉ា​ត ហើយ​បារមី​លោកយាយ​យ៉ា​ត ពិតជា​ពូកែ​ស័ក្តិ​សិទ្ធិ​មែន ពី​មុន​ពួក​គេ​ធ្លាប់តែ​ល្បី​ត​ៗគ្នា​ថា លោកយាយ​យ៉ា​ត​អាច​ជួយ​ប្រោស​មនុស្ស​ក្រីក្រ​ដែល​មានទុក្ខ​លំបាក​ឱ្យ​មាន​ធូរធារ​ឡើង​វិញ និង​មនុស្ស​មាន​បញ្ហា​ក្នុង​គ្រួសារ​ឱ្យ​ជា​ផ្សះ​គ្នា លុះ​ក្រោយ​ពី​បន់ស្រន់​មិន​បាន​ប៉ុន្មាន​ផង អ្វី​ៗ​ដែល​សៅហ្មង​ពី​មុន ធ្វើ​ឱ្យ​ធូរស្បើយ​ក្នុង​ឱរា ។ ម្យ៉ាងវិញទៀត បន្ទាប់​ពី​លោកយាយ​យ៉ា​ត​ឆ្លើយ​តប​នឹង​សំណូមពរ​របស់​ពួក​គេ​ហើយ លុះ​ថ្ងៃ​ក្រោយមក​សុខចិត្ត​លះបង់​ពេលវេលា​នឹង​លុយកាក់ ដើម្បី​យក​គ្រឿង​សក្ការបូជា​មក​ថ្វាយ​ជូន​លោកយាយ ដើម្បី​លាបំណន់ ។

ដូច្នេះ ខេត្ត​ប៉ៃលិន មិន​ត្រឹមតែ​ល្បី​ល្បាញ​នូវ​ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ​នោះ​ឡើយ តែ​រហូត​មក​ដល់​ពេល​នេះ បារមី​លោកយាយ​យ៉ា​ត​មាន​តម្លៃ ថ្លៃ​ជាង​ត្បូង​ពេជ្រ​ទៅ​ទៀត ដោយសារ​លោកយាយ​បន្ត​រក្សា​នៅ​រាប់​លាន​ឆ្នាំ​ ដើម្បី​ឱ្យ​កូន​ខ្មែរ​បន្ត​កសាង​ជីវភាព និង​សង្គម​ឱ្យ​មានការ​រីក​ចម្រើន​ទៅ​មុខ​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា រូបសំណាក​លោកយាយ​យ៉ា​ត ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​កសាង​ឡើង​សារ​ជា​ថ្មី​ជំនួស​ឱ្យ​រូបសំណាក​ចាស់ កាលពី​ឆ្នាំ​២០១១ ដោយ​ធ្វើ​​​នៅ​ភ្នំ​ស​ន្ទុ​ក ខេត្តកំពង់ធំ មាន​ទម្ងន់​៣២​តោន និង​៨០០​គីឡូក្រាម កំពស់​៣.៩​ម៉ែត្រ​។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ