គន្លឹះ​សំខាន់ ៣ ដើម្បី​ទាក់ទាញ​អតិថិជន​នៅ​អាស៊ី​អាគ្នេយ៍


វិស័យ​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ឬ E-commerce នៅ​អាស៊ី​អាគ្នេយ៍​កំពុង​តែ​លូតលាស់​រីក​ចម្រើន​យ៉ាង​លឿន ហើយ​អ្នកវិភាគ​របស់ Google និង Temasek បាន​ព្យាករណ៍​មក​ថា​ទីផ្សារ​តំបន់​នេះ​អាច​នឹង​កើន​ដល់ ៨៨​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៥ ។

លោក Nguyen Quang Thuat ដែល​ជា​ប្រធាន​ផ្នែក​ដឹក​ជញ្ជូន​ប្រចាំ​ក្រុមហ៊ុន Sendor និង​ជានា​យក​មួយ​រូប​របស់ SenMall បាន​ឲ្យ​ដឹង​ថា អតិថិជន​នៅ​អាស៊ី​អាគ្នេយ៍​ភាគច្រើន​មាន​វ័យក្មេង និង​តែងតែ​ប្រើ​អ៊ី​ន​ធើ​ណេ​ត​ច្រើន​ជាង​មនុស្ស​ជំនាន់​មុន​ៗ ។ កត្តា​នេះ គឺជា​អ្វី​ដែល​អាជីវកម្ម​ក្នុង​តំបន់​មិន​គួរ​មើល​រំលង ហើយ​លោក Thuat បាន​ផ្តល់​គន្លឹះ​ខាងក្រោម​នេះ​សម្រាប់​ឲ្យ​អាជីវកម្ម​អនុវត្ត​ដើម្បី​ទាក់ទាញ​អតិថិជន​ខាងលើ ។

១. ទូរស័ព្ទ​ដៃ​ជា​កត្តា​សំខាន់ ៖ អតិថិជន​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ថៃ និង​វៀតណាម មានការ​ប្រើប្រាស់​អ៊ី​ន​ធើ​ណេ​ត​តាម​ទូរស័ព្ទ​ដៃ​ច្រើន​ជាង​មនុស្ស​ក្នុង​តំបន់​ដទៃ​ដល់​ទៅ ១០% ។ មូលហេតុ គឺ​មក​ពី​មាន​កង្វះ​ហាង​លក់ទំនិញ ជា​ពិសេស​តាម​បណ្តា​ក្រុង​តូច​ៗ​ជាដើម ។ ដោយហេតុ​ដូចនេះ​អាជីវកម្ម​ត្រូវ​តែ​ធានា​ថា បទ​ពិសោធន៍​ក្នុង​ការ​ទិញ​ទំនិញ​អន​ឡាញ​មាន​ភាព​ងាយស្រួល និង​គួរ​ឲ្យ​ពេញចិត្ត ។

២. យល់​ដឹង​ពី​ភាព​ស្មុគស្មាញ​នៃ​ការ​ដឹក​ជញ្ជូន​៖ អ្នក​លក់រាយ​អន​ឡាញ​ដែល​ចង់​ផ្គត់ផ្គង់​ទំនិញ​ដល់​អតិថិជន​ក្នុង​តំបន់​នេះ​ត្រូវ​ដោះស្រាយ​បញ្ហា​ដឹក​ជញ្ជូន​ព្រោះ​តំបន់​នេះ​ជួប​ប្រទះ​នឹង​ការ​ពន្យា​ពេល​ព្រោះតែ​ចរាចរណ៍ ផ្លូវថ្នល់ និង​កង្វះ​ការ​រៀបចំ​ទីក្រុង​ជាដើម ។ លោក Kaittichai Pitpreecha ដែល​ជា​ប្រធាន​គ្រប់គ្រង​នៅ DHL eCommerce Solutions ក្នុង​អាស៊ី​អាគ្នេយ៍​បាន​ឲ្យ​ដឹង​ថា វា​មិន​គ្រាន់តែ​ជា​ការ​ដឹក​ជញ្ជូន​ទេ ។ ដើម្បី​រក្សា​ភាព​ប្រកួតប្រជែង ក្រុមហ៊ុន​ត្រូវ​តែ​រៀបចំ​ទំនិញ​ក្នុង​ស្តុក​របស់​ខ្លួន និង​សហការ​ជាមួយ​ដៃគូ​ដឹក​ជញ្ជូន​ដែល​ត្រឹមត្រូវ​ដើម្បី​ធានា​ថា​អតិថិជន​ពេញចិត្ត​នឹង​សេវាកម្ម​របស់​ខ្លួន ។

៣. ផ្តល់​ជម្រើស​បង់ប្រាក់​ដែល​មាន​ភាព​បត់បែន​៖ អ្នកទិញ​ជា​ច្រើន​ក្នុង​អាស៊ី​អាគ្នេយ៍​មិន​អាច​ប្រើ​សេវា​បង់ប្រាក់​បែប​អេ​ឡិច​ត្រូ​និ​ច​ឡើយ ជា​ពិសេស​អ្នក​ដែល​រស់នៅ​តាម​ជនបទ ឬ​ជាយក្រុង​ជាដើម ។ ដោយហេតុ​ដូចនេះ អាជីវកម្ម​គួរតែ​ផ្តល់​ជម្រើស​ក្នុង​ការ​បង់ប្រាក់​ច្រើន​ដល់​អ្នកទិញ​ទាំងនេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ