ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចថ្មី​! យក​ស៊េរី​ចាស់​ប្តូរ​យក​ស៊េរី​ថ្មី ម្ចាស់​ចាំ​អស់​ច្រើន​ម៉ោង ទើប​ប្តឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១០ ចេញ​មក​ពី​កន្លែងធ្វើការ​វិញ ក៏​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ ហើយ​ត្រូវ​បាន​ជនសង្ស័យ​យក​ម៉ូតូ​នោះ​ទៅ​បាត់ ដោយ​បន្សល់​ទុក​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០០៨ ចត​នៅ​មុខ​ផ្ទះ​របស់​ជន​រង​គ្រោះ​អស់​ជា​ច្រើន​ម៉ោង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១០ ចេញ​មក​ពី​កន្លែងធ្វើការ​វិញ ក៏​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ ហើយ​ត្រូវ​បាន​ជនសង្ស័យ​យក​ម៉ូតូ​នោះ​ទៅ​បាត់ ដោយ​បន្សល់​ទុក​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០០៨ ចត​នៅ​មុខ​ផ្ទះ​របស់​ជន​រង​គ្រោះ​អស់​ជា​ច្រើន​ម៉ោង បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​មក​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៧​ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​បុរី​ពិភព​ថ្មី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ដែល​បាត់​ម៉ូតូ​ឈ្មោះ​ទូច ទិវា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន រស់នៅ​ក្នុង​បុរី​ពិភព​ថ្មី ផ្ទះ​លេខ​០៩ ផ្លូវ​លេខ​៣៨ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​របស់​ជន​រង​គ្រោះ​ដែល​បាត់​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ ភ្នំពេញ ១AT-៧០០១ រីឯ​ម៉ូតូ​មួយ​គ្រឿង​ដែល​ឃើញ​ចត​នៅ​មុខ​ផ្ទះ​របស់​ជន​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ ភ្នំពេញ ១AJ-៤៩៣២ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា មុន​ពេល​កើតហេតុ នៅ​ពេល​ព្រឹក​ថ្ងៃ​កើតហេតុ គាត់​បាន​ទៅ​ដាក់​អីវ៉ាន់​ឱ្យ​ក្រុមហ៊ុន​មួយ​កន្លែង​នៅ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ លុះ​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ត្រឡប់​មក​ផ្ទះ ហើយ​ក្រុមការងារ​របស់​គាត់​ក៏​បាន​បើករថយន្ត​ដឹក​អីវ៉ាន់​មក​ផ្ទេរ​ដាក់​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​នៅផ្ទះ​របស់​គាត់​ស្ថិត​ក្នុងភូមិ​កើតហេតុ​ខាងលើ​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ដដែល ស្រាប់តែ​បាត់​ម៉ូតូ​មួយ​គ្រឿង​របស់​គាត់​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១០ បែរជា​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត ចត​នៅ​មុខ​ផ្ទះ​របស់​គាត់ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៨ ទៅ​វិញ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​គាត់​បាន​ទាក់ទង​ទៅ​ក្រុមការងារ​ជាមួយ ដែល​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​សួរនាំ​ដែរ តែ​មិន​មាន​នរណា​ម្នាក់​ច្រឡំ​ម៉ូតូ​នោះ​ទេ ។ បន្ទាប់​​ពីឃើញហេតុការណ៍បែបនេះ គាត់​មិន​ទាន់​រាយការណ៍ ​ឬ​​ប្តឹង​សមត្ថកិច្ច​ឡើយ ដោយនៅ​រង់ចាំ​មើល​ក្រែង​មាន​គេ​ច្រឡំ​ម៉ូតូ តែ​រង់ចាំ​អស់​រយៈពេល​ប្រមាណ​៤​ម៉ោង​ទៅ​ហើយ មិនឃើញ​ម្ចាស់​ម៉ូតូ​ខាងលើ​មក​យក​នោះ​ទេ ទើប​គាត់​​មក​ប្តឹង​សមត្ថ​កិច្ច​អោយ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ដើម្បី​យក​ម៉ូតូ​មួយ​គ្រឿង​ដែល​ប្រទះ​ឃើញ​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​សិន ក្រែង​មាន​អ្នក​ច្រឡំ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង ដើម្បី​រង់ចាំ​មើល​ក្រែង​មាន​អ្នក​ច្រឡំ​យក​ម៉ូតូ​មក​ដូរ​វិញ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ