ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo បង្ហើប​ថា​មុន​ចូល Man Utd កុំ​អី​ក្លិប​យក្ស​អង់គ្លេស​១​នេះ​ទិញ​បាត់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo បង្ហើប​ថា មុន​ពេល​ទៅ​លេង​ឱ្យ​ក្លិប​បិសាច​ក្រហម Manchester…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo បង្ហើប​ថា មុន​ពេល​ទៅ​លេង​ឱ្យ​ក្លិប​បិសាច​ក្រហម Manchester United ខាង​ក្លិប​កាំភ្លើង​ធំ Arsenal ខ្វះ​តែ​បន្តិច​នឹង​ទិញ​យក​ខ្លួន​បាន​សម្រេច​ ។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយនឹង​កម្មវិធី​អ្នកគាំទ្រ Arsenal ITV កីឡាករ​ឆ្នើម​រូប​នេះ​បាន​ប្រាប់​ថា «​វា​ជា​ការ​ពិត​។ វា​គឺ​ខ្វះ​តែ​បន្តិច​នោះ​ទេ​»​។ នៅ​ពេល​ដែល​គេ​សួរ​ដេញដោល​ពី​ពាក្យ​ច​ចាម​រាម​ថា Ronaldo ប៊ិះ​យល់​ព្រមទៅ​លេង​ឱ្យ Arsenal មុន​ពេល Man Utd ចូលខ្លួន​មក​ចែចូវ ។

ក្រោយ​ពី​បានដឹង​ថា Ronaldo និយាយ​បែប​នេះ​ហើយ លោក Morgan ដែល​ជា​ពិ​ធិ​ករ​កម្មវិធី បាន​និយាយ​បែប​លេងសើច ទាមទារ​ឱ្យ Ronaldo សុំ​ទោស​ដល់ Arsenal ។ Ronaldo ក៏​និយាយ​ទាំង​ញញឹម​ថា ៖«​ខ្ញុំ​ចង់​សុំ​ទោស​ណាស់ ។ សូម​អភ័យទោស​ឱ្យ​ខ្ញុំ​ផង​ណា៎ ដែល​មិន​បាន​ចូល​លេង​ឱ្យ Arsenal»​។

លោក Morgan បាន​ទៅ​យក​អាវ Arsenal មក​ឱ្យ Ronaldo ទុកជា​អនុស្សាវរីយ៍ ។ អាវ​នោះ​ជា​អាវ​សល់​ពី​ជំនាន់ Ronaldo នៅ​លេង​ឱ្យ Manchester United ដោយ​មានឈ្មោះ​របស់​គេ​នៅ​ពីក្រោយ ។ លោក​ពិធីករ​បាន​និយាយ​ថា ៖«​នេះ​គឺ​អ្វី​ដែល​គួរតែ​កើតឡើង​នៅ​ពេល​នោះ ។ នេះ​គឺជា​ក្តី​ស្រមៃ​របស់ខ្ញុំ​អស់​រយៈពេល​១៦​ឆ្នាំ​ហើយ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំ​២០០៣ Ronaldo លេង​បាន​យ៉ាង​ល្អ​នៅ Sporting Lisbon ហើយ​ត្រូវ​បាន​ក្លិប​កាំភ្លើង​ធំ Arsenal ផ្តល់​ជូន​នូវ​ឱកាស​ចុះ​កុងត្រា​ជា​ផ្លូវការ តែ​ពេល​នោះ​គ្រូបង្វឹក Alex Ferguson របស់​ក្លិប​បិសាច​ក្រហម​នៅ​មិន​ស្ងៀម​ក៏​ចែចូវ Ronaldo ឱ្យទៅ​លេង​នៅ​ក្លិប​របស់​ខ្លួន ឈ្នះ​បាន Premier League បី​ដង និង Champions League ម្តង ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ