ប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​នឹង​ចូល​កិច្ចប្រជុំ​ប្រធាន​អាស៊ី​-​អឺរ៉ុប​លើក​ទី​៤​នៅ​សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន


រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​កម្រិត​ប្រធាន​សភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​៤ នៅ​សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​ឲ្យ​ដឹង​ថា តប​តាម​ការ​អញ្ជើញ​របស់​លោក Nurlan Nigratulin ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​កម្រិត​ប្រធាន​សភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​៤ នៅ​សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៥ ក្រោម​មូលបទ ឧត្តមភាព​កាន់តែ​ខ្ពង់ខ្ពស់​សម្រាប់​តំបន់​យូ​រ៉ា​ស៊ា : កិច្ច​សន្ទនា​ទំនុកចិត្ត និង​ភាព​ជា​ដៃគូ ។

ប្រភព​បន្ត​ថា កិច្ចប្រជុំ​កម្រិត​ប្រធាន​សភា​អាស៊ី​-​អឺរ៉ុប មានការ​ផ្តួចផ្តើម​បង្កើត​ឡើង​ដោយ​សភា សហព័ន្ធ​រុ​ស្សី និង​រដ្ឋសភា​សាធារណរដ្ឋ​កូរ៉េ ហើយ​ក៏​ជា​វេទិកា​អន្តរ​សភា​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​ការ​ពិភាក្សា​លើ​ប្រធានបទ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​តំណាង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប ដើម្បី​ផ្លាស់​ប្តូរ​ទស្សនៈ​យោបល់​ក្នុង​ការ​ការពារ​ផលប្រយោជន៍​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សុខុមាលភាព​សង្គម​នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​ពិភពលោក​ទាំងមូល ។

ប្រភព​បន្ថែម​ថា នៅ​ក្នុងអំឡុងពេល​នៃ​ចូលរួម​កិច្ចប្រជុំ​នេះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​សម​ភាគី ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​កា​ហ្សា​ស្ថាន​ប្រធាន​សភា​ពិគ្រោះ​យោបល់​នៃ​សាធារណរដ្ឋ​អី​ស្លា​ម​អឺ​រ៉​ង់ និង​គ្រោង​ជួប​ជាមួយ​សម​ភាគី​សភា​ចិន រុ​ស្ស៊ី និង​សាធារណរដ្ឋ​កូរ៉េ ។ កិច្ចប្រជុំ​នេះ នឹង​មានការ​ចូលរួម​ពី​សភា​តំបន់​អាស៊ី និង​អឺរ៉ុប​ប្រមាណ​ជា​៦០​ប្រទេស និង​អង្គការ​សង្កេតការណ៍​អន្តរជាតិ​ធំ​ៗ​ប្រមាណ​៩​អង្គការ​ដែល​ក្នុង​នោះ​ជា​ប្រធាន​សភា​មាន​ចំនួន​ប្រមាណ​ជាង ៤០​ប្រទេស​ចូលរួម​ផង​ដែរ ។

សូម​ជម្រាប​ថា កិច្ចប្រជុំ​កម្រិត​ប្រធាន​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១ បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រទេស​រុ​ស្ស៊ី ក្នុង​ឆ្នាំ​២០១៦ លើក​ទី​២ ធ្វើ​ឡើង​នៅ​សាធារណរដ្ឋ​កូរ៉េ ក្នុង​ឆ្នាំ​២០១៧ និង​លើក​ទី​៣ ធ្វើ​ឡើង​នៅ​ប្រទេស​ទួ​គី ក្នុង​ឆ្នាំ​២០១៨ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ