មូល​ហេតុ​ពិត​នៃ​ជំនឿ​ដែល​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ត្រូវ​តែ​ទៅ​ឱ្យ​បាន​៧​វត្ត


រាជធានី​ភ្នំពេញ​៖ បុណ្យកាន់បិណ្ឌ បាន​ចាប់ផ្ដើម​ដោយ​មាន​ពុទ្ធបរិស័ទ​នាំ​គ្នា​យក​ចង្ហាន់ និង​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ ។ ថ្ងៃ​១​រោច ខែភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៤ គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​ពុទ្ធបរិស័ទ​គោរព​ប្រតិបត្តិ​មិន​ដែល​អាក់ខាន ។ ជនជាតិ​ខ្មែរ​ដែល​គោរព​ព្រះពុទ្ធ​សាសនា​ភាគច្រើន​បាន​ទិញ​របស់របរ ឬ​ម្ហូបអាហារ​សម្រាប់​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ និង​ខ្លះ​ទៀត​ត្រៀម​សម្ភារ ផ្សេង​ៗ​ទៅ​លេង​បងប្អូន រួច​ទៅ​វត្ត​ជុំ​គ្នា​នៅ​ស្រុក​កំណើត​ក្នុង​រដូវ​ភ្ជុំបិណ្ឌ ។

បច្ចុប្បន្ន​ពុទ្ធបរិស័ទ​ដែល​មាន​ធនធាន និង​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន តែងតែ​នាំ​គ្នា​ទៅ​ធ្វើ​បុណ្យ​ដាក់​បាត្រ​នៅ​ទី​វត្ត​អារាម ឆ្ងាយ​ៗ ឬ​នៅ​វត្ត​ដែល​មានការ​ខ្វះខាត​ខ្លាំង ជា​ជាង​នៅ​តាម​វត្ត​ដែល​មាន​ពុទ្ធបរិស័ទ​សម្រុក​ទៅ​ច្រើន ហើយ​មាន​ចង្ហាន់​គ្រប់គ្រាន់​នោះ ។ ពួក​គេ​ហាក់​មាន​សទ្ធា​ជ្រះថ្លា​ក្នុង​សកម្មភាព​ធ្វើបុណ្យ​ទាន​បែប​នេះ បើ​ទោះបីជា​ត្រូវធ្វើ​ដំណើរ​ឆ្ងាយ ឬ​មានការ​លំបាក​ខ្លះ​ក្ដី ។

កាលពី​ថ្ងៃ​ទី​១៦ កញ្ញា ២០១៩ ត្រូវ​នឹង​បិណ្ឌ​ទី​៣​អ្នកស្រី​ឌុ​ច ចាន់​ថន ឲ្យ​ដឹង​ថា ស្ទើរ​ជា​រៀង​រាល់​ឆ្នាំ សាច់ញាតិ និង កូន​ៗ​របស់​អ្នកស្រី បាន​នាំ​គ្នា​ទៅ​ធ្វើបុណ្យ​ដាក់​បាត្រ​នៅ​វត្ត​នានា​ដែល​នៅ​ជិត​ផ្ទះ ។ ការ​ធ្វើបុណ្យ​ដាក់​បាត្រ​នៅ​តាម​វត្ត អ្នកស្រី​យល់​ថា​គឺ​ទទួល​បាន​បុណ្យ​ច្រើន ហើយ​ក៏​ជា​ការ​ឧទ្ទិស​កុស​ល្យ​ជូន​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ​ផង​ដែរ ។

ចំណែក​អ្នកស្រី​អ៊ុ​ន ច​ន្ថា ក្នុង​មួយ​ឆ្នាំ គ្រួសារ​អ្នកស្រី​ទៅ​វត្ត​ពី​៣ ទៅ​៥​ដង ហើយ​វត្ត​ដែល​ទៅ​នោះ គឺ ខុស​ៗ​គ្នា ប៉ុន្តែ​អ្វី​ដែល​ចាំបាច់ និង​មិន​ដែល​អាក់ខាន​ទាល់តែ​សោះ​នោះ គឺ​ការ​រៀបចំ​ម្ហូបអាហារ គ្រឿង​បរិភោគ និង​លុយកាក់​ខ្លះ​ជូន​ម្ដាយ​ដែល​មាន​វ័យ​ចំណាស់​របស់​អ្នកស្រី​។ អ្នកស្រី​និយាយ​ថា «​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ ម្ដង​ៗ គឺ​គ្រួសារ​អ្នកស្រី​គោរព​ប្រតិបត្តិ​ណាស់ ដោយ​មុន​នឹង​ធ្វើបុណ្យ​យក​ចង្ហាន់​ទៅ​វត្ត យើង​ត្រូវធ្វើ​បុណ្យ​ដាក់​ព្រះ​នៅ​ក្នុងផ្ទះ​សិន »​។

កំពុង​រាប់បាត្រ​ស្ដ្រី​វ័យ​ចំណាស់​ឈ្មោះ​ដាំ សុ​ខន ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ​គាត់​មិន​ដែល​ខកខាន​ទៅ​វត្ត​ធ្វើបុណ្យ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ទេ ខណៈ​ការ​ធ្វើ​នៅ​ឯ​វត្ត​នេះ​គឺ​គាត់​មិនមែន​ធ្វើ​តែ​ពេល​មានបុណ្យ​ភ្ជុំ​នោះ​ឡើយ ។ «​ការ​ធ្វើបុណ្យ​នេះ​គឺ​យើង​អាច​ធ្វើ​បាន​គ្រប់ពេល​មិន​រើស​ថ្ងៃ​ឡើយ ហើយ​ខ្ញុំ​តែងតែ​ធ្វើ​ង​ចង្ហាន់​ទៅ​វត្ត​រៀងរាល់ថ្ងៃ​សីល​មិនសូវ​ខកខាន ពោល​មិន​ចាំបាច់​តែ​រដូវ​បុណ្យ​ភ្ជុំ​នោះ​ឡើយ ។ ចំពោះ​ការ​ធ្វើបុណ្យ​របស់ខ្ញុំ​នា​ពេល​នេះ​គឺជា​ការ​ឧទ្ទិស​ដល់​ឪពុក​ម្តាយ សាច់​ញាតិ​​ដែល​បាន​ចាក​ឋាន​ទៅ ឲ្យ​មក​ទទួល​កុសលផល​បុណ្យ​ដែល​ខ្ញុំ​បាន​ធ្វើ ជាង​នេះ​ទៅ​ទៀត​កុសលផល​បុណ្យ​ដែល​យើង​បាន​ធ្វើ​នា​ពេល​នេះ​វា​នឹង​អាច​ទទួល​បាន​មក​វិញ​សម្រាប់​យើង​ដែល​កើត​ជាតិ ក្រោយ​ៗ​ទៀត »​។

យ៉ាងណា​ក៏​ដោយ​ការ​ធ្វើបុណ្យ​ខែ​ភ្ជុំ​ដែល​តាម​ជំនឿ​គឺ​ត្រូវធ្វើ​ឲ្យ​បាន​៧​វត្ត​នោះ ស្ដ្រី​ដាំ សុ​ខន អះអាង​ថា «​នេះ​គឺជា​អបិយ​ជំនឿ ត​ៗ​គ្នា ដោយ​ខ្ញុំ​ធ្លាប់​បាន​ស្តា​ប់លោក​ទេស​មក​អ​ញ្ចឹ​ង ខណៈ​ពេល​ដែល​ជា​រៀង​រាល់​ឆ្នាំ​ខ្ញុំ​ធ្វើបុណ្យ​ពេល​ខ្លះ​បាន​៧​វត្ត និង​ខ្លះ​មិន​បាន ដោយសារ​វត្តមាន​ខ្លះ​នៅ​ឆ្ងាយ​ដែល​ខ្ញុំ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​បាន »​។

ពាក់ព័ន្ធ​នឹង​ជំនឿ​ទៅ​ឲ្យ​បាន​៧​វត្ត​ខ្លាច​ដូនតា​រក​មិនឃើញ​នេះ លោក​អាចារ្យ​រុន សុភ​ក្ត្រ័ បាន​លើក​ឡើង​ថា «​ចំពោះ​ការ​ធ្វើបុណ្យ​ដាក់​បិណ្ឌ​ឲ្យ​បាន​៧​វត្ត ខ្លាច​ដូនតា​ស្វែង​មិនឃើញ​ហើយ​ដាក់​បណ្តាសា​នេះ គឺជា​ជំនឿ​ក្រៅ​តម្រា​ដែល​កើត​មាន ត​ៗ​គ្នា​ជា​យូរ​មក​ហើយ ។ រឿង​នេះ​ជា​ការ​ប្រឌិត​ឡើង​សម្រាប់​ជា​ការ​បន្លាច​ឲ្យ​មានការ​ភ័យ​ខ្លាច ហើយ​នាំ​គ្នា​ទៅ​ធ្វើបុណ្យ​ក៏​ថា​បាន ប៉ុន្តែ​រឿង​ពិត​ជាក់ស្តែង​នោះ​គឺ​វា​មានរឿង​ពិត​របស់​វា បើ​ទោះបីជា​មិន​បាន​ធ្វើបុណ្យ​ឲ្យ​បាន​គ្រប់​៧​វត្ត​នោះ​ក៏​មិនមែន​ជា​ទោស​កំហុស​អ្វី​នោះ​ដែរ ។ ក្នុង​ខែ​មន្ត​សន្ត​រដូវ​គឺ​យើង​ត្រូវ​តែ​ទៅ​វត្ត​ធ្វើបុណ្យ ទោះបីជា​ធ្វើ​បាន​កម្រិត​ណា ប៉ុន្មាន​វត្ត​នោះ​គឺជា​ការ​ធ្វើ​ទៅ​តាម​លទ្ធភាព​ដែល​ខ្លួន​មាន ប៉ុន្តែ​បើ​យើង​អាច​មាន​លទ្ធភាព​ធ្វើ​បាន​ដល់​ទៅ​៧​វត្ត​នោះ​វា​រឹតតែ​ប្រសើរ​»​។

លោក​អាចារ្យ​រុន សុភ​ក្ត្រ័ បញ្ជាក់​ថា​«​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​គឺ​នៅ​តែ​គ្មាន​ឯកសារ គម្ពីរ​ណាមួយ​ដែល​បាន​ចងក្រង និង​អំ​ណេះ​អំ​ណា​ង​ថា ត្រូវ​តែ​ធ្វើបុណ្យ​ឲ្យ​បាន​៧​វត្ត​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ចូល​មក​ដល់​នោះ​ឡើយ គឺ​ការ​ធ្វើបុណ្យ​នេះ​គឺ​តាម​សទ្ធា​ជ្រះថ្លា ទៅ​តាម​លទ្ធភាព​ដែល​ខ្លួន​មាន​ប៉ុណ្ណោះ »​។

បុណ្យ​ភ្ជុំបិណ្ឌ​ជា​ពិធីបុណ្យ​មួយ​ក្នុង​ចំណោម​ពិធីបុណ្យ ធំ​ៗ​ដទៃ​ទៀត​នៃ​រាជពិធី​ទា្វរ​ទស​មាស​។ នៅ​ក្នុង​រាជ​ព្រះបាទ​អង្គឌួង ដើម្បី​លើកទឹកចិត្ត​ដល់​កងទ័ព​ដែល​បាន​ច្បាំង​ឈ្នះ​ត្រឡប់​មក​វិញ ព្រះ​អង្គ​ក៏​បង្កើត​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ឡើង អាស្រ័យ​នឹង​ប្រវត្តិ​រឿង​ក្នុង​ព្រះពុទ្ធ​សាសនា ។ ប្រជាជន​កម្ពុជា នាំ​គ្នា​ប្រារព្ធ​ពិធីបុណ្យ​នេះ​មិន​ដែល​អាក់ខាន​ឡើយ គឺ​ចាប់ពី​ថៃ្ង​១​រោច ខែភទ្របទ រហូត​ដល់​ថៃ្ង​ទី​១៥​រោច មាន​រយៈពេល​១៥​ថៃ្ង ដែល​យើង​ហៅ​ថា​បិណ្ឌ​១, បិណ្ឌ​២… និង​ថៃ្ង​បញ្ចប់ គឺជា​ថៃ្ង​«​ភ្ជុំបិណ្ឌ​»​។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​បាន​ធ្វើ​ឡើង​តាម​បែប​ព្រះពុទ្ធ​សាសនា ។

ជា​រៀង​រាល់​ឆ្នាំ​នៅ​ពេល​ដល់​ថ្ងៃខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គ្រប់​បងប្អូន​កូនចៅ សាច់​ញាតិ​សន្ដាន​ទាំងអស់ ទោះ​នៅ​ទី​ជិត ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​គ្នា ជា​ពិសេស​ឪពុក​ម្ដាយ ដើម្បី​រៀបចំ​ម្ហូបអាហារ បាយ​សម្ល ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​អារាម ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ