ខេត្តបាត់ដំបង ៖ គេនូវមិនទាន់ទទូលបានដំណឹងយ៉ាងណាអំពីអ្នកភូមិ២នាក់ ដែលគេសង្ស័យថា អាចត្រូវដីភ្នំបាក់សង្កត់លើដោយសារភ្លៀងធ្លាក់ខ្លាំង កាលពីម្សិលមិញនៅក្នុងស្រុកសំឡូតនៅឡើយទេ បើគិតត្រឹមម៉ោង១រសៀលថ្ងៃទី១៧ កញ្ញា នេះ ខណៈក្រុមគ្រួសារនិងកម្លាំងសមត្ថកិច្ចជាច្រើននាក់ បានចុះទៅកាន់តំបន់នោះ ដើម្បីរុករកពួកគេនៅក្នុងព្រៃ នៃតំបន់ភ្នំដ៏ក្រាសខ្មឹកនោះ ខណៈអាកាសធាតុក៏កំពុងអ័ព្វអួរ
បំផុត។ នេះបើយោងតាមសមត្ថកិច្ចដែលចូលរួមកិច្ចប្រតិបត្តិការនេះ ។ សូមរំលឹកថា៖ គាត់រួចផុតពីគ្រោះថ្នាក់បាក់ដីភ្នំ…តែជីវិតមនុស្ស២ទៀតមិនដឹងយ៉ាងណា?
ប្រធានវរនគរបាលការពារព្រំដែនលេខ៣១០ ប្រចាំស្រុកសំឡូត ដែលបានដឹកនាំកម្លាំងស្វែងរកជនរងគ្រោះ លោកអ៊ុក សារិន បានថ្លែងប្រាប់កោះសន្តិភាព តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៧ កញ្ញា ថា ពេលនេះលោកបាននាំកម្លាំងមួយចំនួនចុះទៅកាន់តំបន់ភ្នំនោះ តែដោយសារភូមិសាស្ត្រស្មុគស្មាញ ព្រៃភ្នំក្រាស គ្មានផ្លូវធ្វើដំណើរ ហើយមេឃកំពុងធ្លាក់ខ្លាំងភ្លៀងផង។ ដូច្នេះ កម្លាំងរបស់លោកត្រូវសម្រាកបណ្ដោះអាសន្ននៅត្រឹមផ្ទះជនរងគ្រោះ ក្នុងភូមិអូរត្រែង ឃុំតាតោក ។ ប៉ុន្តែលោកបានប្រាប់ថា ក្រុមគ្រួសារជនរងគ្រោះជាច្រើននាក់បានចេញដំណើរតាំងពីព្រលឹម ដើម្បីទៅស្វែងរកជនរងគ្រោះទាំង២នាក់នោះ តែមិនទាន់មានដំណឹងពីពួកគាត់នៅឡើយទេ។
លោកអ៊ុក សារិន បានបញ្ជាក់ថា រហូតដល់ពេលនេះ គេនូវមិនទាន់ដឹងថា តើជនរងគ្រោះទាំង២នាក់នោះ ត្រូវជួបគ្រោះថ្នាក់ដោយសារដីភ្នំបាក់សង្កត់មែនឬយ៉ាងណានោះទេ។ ព្រោះគ្មានដំណឹងបន្តិចសោះពីជនរងគ្រោះ ឬ ក្រុមគ្រួសារដែលស្វែងរក។ តំបន់ភ្នំដែលពួកគេជួបគ្រោះថ្នាក់នោះ មានចម្ងាយប្រហែល៧ទៅ៨គីឡូម៉ែត្រ ពីភូមិអូរត្រែង។ អ្នករុករកត្រូវធ្វើដំណើរក្នុងព្រៃដ៏ក្រាស់ខ្មឹក ឆ្លងកាត់ភ្នំ និងជ្រលងភ្នំយ៉ាងលំបាកបំផុត ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ពេលនេះកម្លាំងរបស់ខ្ញុំ កំពុងរកមធ្យោបាយ ដើម្បីបន្តដំណើរទៅកាន់ទីនោះ តែពេលនេះមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង។ ប៉ុន្តែយ៉ាងណា ខ្ញុំកំពុងរង់ចាំទទូលដំណឹងពីក្រុមគ្រួសារជនរងគ្រោះសិន ព្រោះពួកគេបានចុះទៅមុន» ។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៦ កញ្ញា មានសេចក្ដីរាយការណ៏ថា មានប្រជាពលរដ្ឋចំនួន៣នាក់ ត្រូវដីភ្នំបាក់សង្កត់លើ ពេលពួកគេកំពុងសម្ងំជ្រកភ្លៀងនៅក្បែរជើងភ្នំមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រ ភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត។ ប៉ុន្តែនៅក្នុងហេតុការណ៏ដ៏រន្ធត់នោះ មានពលរដ្ឋម្នាក់ក្នុងចំណោម៣នាក់ គឺឈ្មោះ ព្រិន កុសល អាយុ២៥ឆ្នាំ បានរត់រួចផុតពីការបាក់រលំព្រៃ ដីនិងថ្មភ្នំនោះ។ បុរសនេះត្រូវរបួសពេញខ្លួន និងទំនងបាក់ឆ្អឹងដងកាំបិតខាងឆ្វេងផង ដោយសារឈើរនិងដីបាក់សង្កត់ តែមនុស្ស២នាក់ទៀត អាចប្រឈមនឹងគ្រោះថ្នាក់នេះ។
ឈ្មោះព្រិន កុសល បានរត់ត្រឡប់មកដល់ផ្ទះ ហើយត្រូវក្រុមគ្រួសារបញ្ជូនភ្លាមៗទៅកាន់មណ្ឌលសុខភាពតាតោត តែដោយសារទឹកជន់ខ្លាំងមិនអាចឆ្លងបាន ក៏បានបញ្ជូនបន្តទៅកាន់មណ្ឌលសុខភាពតាសាញ វិញ។ បុរសនេះមិនបាននិយាយអំពីរឿងរ៉ាវដែលខ្លួនទៅកាន់តំបន់ភ្នំនោះ នាំឲ្យជួបគ្រោះថ្នាក់ដ៏រន្ធត់នោះទេ។ ប៉ុន្តែបានប្រាប់គ្រួពេទ្យថា ពេលនោះពួកខ្លួនកំពុងសម្ងំជ្រកភ្លៀងនៅក្បែរចង្កេះភ្នំ ស្រាប់តែសុខៗដើមឈើ និងដីលាយឡំផ្ទាំងថ្មផង បានបាក់រលំមកលើពួកខ្លួន តែសំណាងល្អគ្រាហ៏នោះខ្លួនបានស្ទុះរត់រួចយ៉ាងប្រផុតប្រផើយ ខណៈ២នាក់ទៀត មិនដឹងជាប់ក្រោមដីភ្នំនោះឬយ៉ាងណា ?
កាលពីយប់ថ្ងៃទី១៥ កញ្ញា ភ្លៀងបានធ្លាក់យ៉ាងខ្លាំងស្ទើរពេញមួយរាត្រី នៅក្នុងស្រុកសំឡូត ដែលបង្កឲ្យមានជំនន់ទឹកភ្លៀងជនលិចលំនៅឋានប្រជាពលរដ្ឋរាប់សិបខ្នង កាត់ផ្ដាច់ស្ពាលយោលមួយខ្សែ ដែលឆ្លងកាត់ស្ទឹងក្រញូង រីឯស្ពានឈើ និងកំណាត់ផ្លូវជាច្រើនកន្លែងនៅតាមមូលដ្ឋានរងការខូចខាត។ មិនតែប៉ុណ្ណោះថែមទាំងធ្វើឲ្យខូចខាតដំណាំកសិកម្មអស់ជាច្រើនផងដែរ។ ជំនន់ទឹកភ្លៀងយ៉ាងកំហុកនេះ ហាក់បានធូរស្រាលវិញ ក្រោយពីរាំងភ្លៀង។ ប៉ុន្តែបានស្ទុះឡើងយ៉ាងកំហុកនៅប៉ែកខាងក្រោម នៃដងស្ទឹងសង្កែ។
បើតាមមន្ត្រីជំនាញ បានប្រាប់ថា ពេលនេះទឹកស្ទឹងសង្កែ នៅក្នុងក្រុងបាត់ដំបង ឡើងដល់កំពស់ជាង១៣ម៉ែត្រ ដែលអាចជាសញ្ញាប្រកាសអាសន្នហើយ។ ដូច្នេះប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ ត្រូវប្រុងប្រយ័ត្នចំពោះផ្ទះសម្បែង និង កូនចៅរបស់ខ្លួន។ ព្រោះជំនន់ទឹកភ្លៀងពេលនេះ កំពុងសម្រុកខ្លាំងមកពីប៉ែកខាងលើនៃស្រុកសំឡូត៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ