ទឹកជំនន់​លិច​ផ្លូវ​«​ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៌​»​អាជ្ញាធរ​ដាក់​ស្លាក​សញ្ញា​ហាមឃាត់​ខ្លាច​គ្រោះថ្នាក់


ខេត្តព្រៃវែង ៖ ផ្លូវ​ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៌​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង គឺជា​ផ្លូវ​ដ៏​សំខាន់ ដែល​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ក៏​ដូច​ជា​រថយន្ត​អ្នកដំណើរ រថយន្ត​ដឹក​ទំនិញ​តូច​ធំ តែង​ឆ្លងកាត់​រាល់ថ្ងៃ ដោយសារ​ផ្លូវ​នេះ គឺជា​ផ្លូវ​ដែល​ត​ភ្ជាប់​ផ្លូវជាតិ​លេខ​១១ ត្រង់​ចំណុច​កែង​ស្នេ​ហ៌ ក្នុង​ឃុំ​ព្រៃ​កណ្តៀង ស្រុក​ពាមរ​ក៌ ឆ្ពោះទៅ​ដល់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​កែង​ផ្សារ​កំពង់​សឹ​ង្ហ ក្នុង​ឃុំ​កំពង់​សឹ​ង្ហ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។

ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៌​នេះ គឺជា​ផ្លូវ​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់ ក្នុង​ការ​ដឹក​កសិផល​នាំ​យក​ទៅ​កាន់​ទីផ្សារ និង​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​កាន់​ទីរួមខេត្ត​ព្រៃវែង និង​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត រួម​ទាំង​ទៅ​រាជធានី​ភ្នំពេញ​ផង​ដែរ ។

ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៥ កញ្ញា ផ្លូវ​ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៌​នេះ ត្រូវ​ទឹក​ហូរ​កាត់​និង​ជន់​លិច​ខ្លាំង រហូត​មក​ដល់​ថ្ងៃ​ទី​១៧ កញ្ញា ខាង​អាជ្ញាធរ​បាន​ដាក់​ស្លាក​សញ្ញា​នៅ​ចំណុច​ផ្លូវកែង​ស្នេ​ហ៌ ក្នុង​ឃុំ​ព្រៃ​កណ្តៀង ស្រុក​ពាមរ​ក៌ ដោយ​ហាម​មិន​អោយ​រថយន្ត​តូច​ធំ​ឆ្លងកាត់​នោះ​ទេ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​។

បើ​ទោះបីជា​ខាង​អាជ្ញាធរ បាន​ដាក់​ស្លាក​សញ្ញា​ហាមឃាត់​ក៏​ដោយ ហើយ​បើ​ទោះជា​ទឹកជំនន់​កំពុង​ហូរ​កាត់​ខ្លាំង​លើ​ផ្លូវ​ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៌​នេះ​ក្តី ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៧ កញ្ញា គេ​ឃើញ​ប្រជាពលរដ្ឋ​អ្នកដំណើរ​តាម​ម៉ូតូ និង​រថយន្ត​តូច​ធំ នៅ​តែ​បន្ត​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​ទំនប់​នេះ​ដដែល ដោយ​មិន​ខ្វល់​ពី​ស្លាក​សញ្ញា​ហាមឃាត់ ដែល​ខាង​អាជ្ញាធរ​បាន​ដាក់ នៅ​ចំណុច​ផ្លូវកែង​ស្នេ​ហ៌​នោះ​ទេ​។

អាជ្ញាធរ​ស្រុក​បាភ្នំ បានអោយ​ដឹង​ថា ផ្លូវ​ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៌​នេះ ត្រូវ​ទឹក​ជន់​លិច​និង​ហូរ​កាត់​កាលពី​ថ្ងៃ​ទី​១៥​កញ្ញា ហើយ​រយៈពេល​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ទឹក​ក៏​លិច​តួ​ផ្លូវ​នេះ​ទាំងមូល​តែ​ម្តង គឺ​ទឹក​ឡើង​លឿន​ខ្លាំង​ណាស់ ហើយ​តាម​ការ​ប៉ាន់ស្មាន អំឡុង​ពេល​តែ​២​ឬ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះផ្លូវ​នេះ​អាច​នឹង​ធ្វើ​ចរាចរ​ណ៌​ឆ្លងកាត់​លែង​បាន​ហើយ ។

ដូច្នេះ​ហើយ​ទើប​ខាង​អាជ្ញាធរ ប្រកាស​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុងអំឡុងពេល​២​ឬ​៣​ថ្ងៃនេះ បើ​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៌​នេះ សូម​មេត្តា​ប្រុង​ប្រ​យ​ត្ន័​អោយ​បាន​ខ្ពស់ ហើយ​កាន់តែ​ប្រសើរ គឺ​សូមកុំ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​នេះ​ទៀត បើ​ចង់ទៅ​កាន់​ទីរួមខេត្ត ឬ​បណ្តា​ស្រុក ​និង​ខេត្ត​ផ្សេង​ៗ សូម​ធ្វើ​ដំណើរ​វៀង​តាម​ផ្លូវជាតិ​លេខ​១ ឆ្ពោះទៅ​ទីប្រជុំជន​អ្នក​លឿង រួច​ចាំ​បត់​ឡើង​តាម​ផ្លូវជាតិ​លេខ​១១ ឆ្ពោះទៅ​ទីរួមខេត្ត​វិញ ទោះបី​ធ្វើ​ដំណើរ​ផ្លូវ​វៀង​ចំងាយ​ខុស​គ្នា​ជាង​២០​គីឡូ ប៉ុន្តែ​វា​មាន​សុវត្ថិភាព​ខ្ពស់​ជាង ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ