ភាព​ទៀងត្រង់​ជា​គុណសម្បត្តិ​សំខាន់​របស់​អ្នកមាន​ភាព​ជា​អ្នកដឹកនាំ


ភាព​ទៀងត្រង់​ជា​សីលធម៌​ដែល​មនុស្ស​គួរតែ​មាន តែ​វា​ក៏​ជា​គុណសម្បត្តិ​សំខាន់​ដែល​ជួយ​ដល់​អាជីវកម្ម ឬ​ក្រុមហ៊ុន​របស់​អ្នក​ដែរ ។ ប៉ុន្តែ​យើង​អាច​មើលឃើញ​ជាក់ស្តែង​ថា ភាព​ទៀងត្រង់​នេះ​មិនសូវ​កើត​មាន​ឡើង​នៅ​កន្លែងធ្វើការ​ទេ ។

អ្នកស្រី Mary Juetten ដែល​ជា​សហគ្រិន​មួយ​រូប​បាន​ចែករំលែក​លើ​ទស្សនាវដ្តី Forbes ថា ក្នុង​នាម​ជា​អ្នកដឹកនាំ​មួយ​រូប អ្នក​ត្រូវ​តែ​ផ្តោត​សំខាន់​លើ​ភាព​ទៀងត្រង់ ជាង​ភាព​ស្ងប់ស្ងាត់ ឬ​រូបរាង​ខាងក្រៅ​ដើម្បី​អាច​សម្រេច​កិច្ចការ​ដែល​មាន​ដោយ​ជោគជ័យ​ក្នុង​ក្រុមហ៊ុន ឬ​អាជីវកម្ម ។
វា​ប្រហែលជា​អាច​មើលទៅ​អាក្រក់​ក្នុង​ការ​លើក​បញ្ហា​អ្វីមួយ​មក​និយាយ​ដោយ​ទៀងត្រង់​ដែល​បង្ក​ឲ្យ​មានការ​ផ្អាក​ការងារ ប៉ុន្តែ​វា​ល្អ​ជាង​ត្រូវ​បាន​ឲ្យ​អ្នក​ដទៃ​ជា​ពិសេស​អតិថិជន​របស់​អ្នកជា​អ្នក​ចង្អុលបង្ហាញ​ពី​បញ្ហា​ដែល​ក្រុមហ៊ុន​និង​អាជីវកម្ម​របស់​អ្នកមាន ។

ភាព​ទៀងត្រង់​ក៏​ជា​មូលដ្ឋាន​នៃ​ការ​កសាង​ទំនាក់ទំនង​ដែរ​ទាំង​ក្នុង​ក្រុមការងារ និង​ជាមួយ​មនុស្ស​នៅ​ក្រៅ​ក្រុមហ៊ុន​ឬ​អាជីវកម្ម ។ មនុស្ស​ដែល​ទៀងត្រង់​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្តជា​ពិសេស​ទៅ​លើ​គំនិត​ដែល​ពួក​គេ​ផ្តល់​ឲ្យ ។ ប្រសិនបើ​ក្រុមការងារ​របស់​អ្នកមាន​ភាព​ទៀងត្រង់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ពួក​គេ​ក៏​អាច​សហការ​គ្នា​បាន​ល្អ និង​ជួយ​គ្នា ដើម្បី​សម្រេច​គោលដៅ​រួម​ដែរ ។
ក្នុង​ករណី​ដែល​ភាព​ទៀងត្រង់​អាច​ប៉ះពាល់​ដល់​រូបភាព និង​ឈ្មោះ​ក្រុមហ៊ុន​ឬ​អាជីវកម្ម អ្នកដឹកនាំ​ក៏​មិន​គួរ​កុហក ឬ​លាក់បាំង​កំហុសឆ្គង និង​បញ្ហា​ដែរ ។

ក្នុង​នាម​ជា​អ្នកដឹកនាំ អ្នក​ត្រូវ​តែ​ហ៊ាន​ទទួលស្គាល់​ពី​កំហុសឆ្គង​តំណាង​ក្រុមការងារ​របស់​អ្នក ។ ការ​ធ្វើ​ដូចនេះ​ជួយ​បង្ហាញ​ដល់​ក្រុមការងារ​ឲ្យ​រៀនសូត្រ​បាន​អ្នក និង​ជំរុញ​ដល់​ពួក​គេ​ឲ្យ​រក្សា​ភាព​ទៀងត្រង់​ផង​ដែរ ។

ភាព​ទៀងត្រង់​មិន​តែងតែ​ល្អ​ទេ ហើយ​ក្នុង​ករណី​មួយ​ចំនួន អ្នកដឹកនាំ​ក៏​មិន​ត្រូវ​ទៀងត្រង់​ពេក​ដែរ ។ ប៉ុន្តែ​បើ​វា​ទាក់ទង​ទៅ​នឹង​កិច្ចការ​ធំ​ៗ ដូច​ជា​កិច្ចការ​ទាក់ទិន​នឹង​ការ​ដំណើរការ​អាជីវកម្ម​ឬ​ក្រុមហ៊ុន ភាព​ទៀងត្រង់​គឺជា​គុណសម្បត្តិ​សំខាន់​ដែល​អាច​ជួយ​ឲ្យ​អ្នក​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​បាន ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ