ខេត្តកំពត ៖ ប្រជាពលរដ្ឋចំនួន៨៨៦ គ្រួសាររស់នៅឃុំចំនួន៨ ក្នុងស្រុកកំពង់ត្រាច ទទួលបានស្រូវពូជក្នុងមួយគ្រួសារ១បាវ ទម្ងន់៥០គីឡូ និងគ្រួសារខ្លះទៀតមានផ្ទៃដីលិចលង់ខាតបង់ច្រើនទទួលបានស្រូវពូជ១០០គីឡូ ។
ការចែកស្រូវពូជជូនដល់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយទឹកជំនន់លិចស្រូវស្រែនោះបានចែកជូនក្រោមមេឃភ្លៀងរលឹម កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា នៅបរវេនវត្តអង្គសុរភីឃុំអង្គសុភី ស្រុកកំពង់ត្រាច ។
លោកចាន់ ទិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពតបានមានប្រសាសន៍ថា ថ្វីត្បិតតែទ្វារទំនប់ទឹកវារីអគ្គិសនីចំចាយបានបើករហូតដល់៥ទ្វារ ហើយលិចលង់ផលដំណាំ និងផ្ទះសម្បែងប្រជាពលរដ្ឋនៅក្រុងកំពត និងនៅស្រុកទឹកឈូ និងស្រុកដងទង់ក៏ដោយក៏មានខូចខាតដល់ផលដំណាំរបស់ពលរដ្ឋឡើយ ។
លោកចាន់ រិទ្ធ អះអាងថា ការលិចលង់នៅក្រុងកំពត-ស្រុកទឹកឈូ និងស្រុកដងទង់មានរយៈពេលខ្លី ។ លោកបានធ្វើបទបង្ហាញពូជស្រូវក្រអូបនេះ ដល់ពលរដ្ឋមានរយៈពេលខ្លី និងទទួលផល ។
ចំណែកលោកជាវ តាយ អភិបាលខេត្តកំពតបានមានប្រសាសន៍ដល់ប្រជាពលរដ្ឋដែលបានមកទទួលស្រូវពូជថា ពូជស្រូវទាំងនេះពិតជាបងប្អូនប្រជាកសិករយើងយកទៅសាបព្រោះបន្តទៀត បន្ទាប់ពីមានការខូចខាតដោយជំនន់ទឹកភ្លៀង ។ លោកបានអរគុណដល់មន្ត្រីទាំងអស់ទាំងកងកម្លាំងប្រដាបអាវុធទាំង៨ស្រុក ក្នុងខេត្តកំពតបានចូលរួមជួយជ្រុំជ្រែងដល់ពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងមិនថា យប់មិនថាថ្ងៃ ។
លោកសង្ឃឹមថា កងកម្លាំងទាំង៣ និងមន្ត្រីរាជការបន្តជួយអន្តរាគមន៍ទាន់ពេលវេលាដល់ពលរដ្ឋដែលមានទុក្ខលំបាក ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ