ពិធីបោះបាយបិណ្ឌត្រូវបានប្រារព្ធឡើងទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរក្នុងរដូវកាន់បិណ្ឌគឺចាប់ពីបិណ្ឌមួយរហូតដល់ភ្ជុំបិណ្ឌដែលមានរយៈពេល១៥ថ្ងៃដោយមហាជនយល់ឃើញថា បាយបិណ្ឌនេះនឹងមានផលច្រើនដល់ញាតិមិត្តសាច់សាលោហិតរបស់ខ្លួនដែលបានចែកឋានទៅ ។
បោះបាយបិណ្ឌត្រូវបានប្រារព្ធឡើងនៅវេលាទៀបភ្លឺដឹកនាំដោយលោកអាចារ្យដោយមានលោកយាយលោកតាចាស់ៗទាយកទាយិកា និងមានយុវវ័យជាច្រើនចូលរួមហែបាយបិណ្ឌផង ។ បាយបិណ្ឌជាបាយដំណើបលាយល្ងខ្មៅបុកម៉ដ្ឋ ហើយផ្តុំជាដុំធំជាងផ្លែក្រសាំង ។ បាយបិណ្ឌដែលលាយជាមួយនឹងល្ងលីងបុកម៉ដ្ឋនេះ មានក្លិនឈ្ងុយគួរឱ្យចង់បរិភោគ ថ្វីបើវាមានពណ៌ខ្មៅប្រផេះបន្តិចក៏ដោយ ហែជុំវិញព្រះវិហារ អមដោយសំឡេងស្គរធំ ដែលគេវាយជាចង្វាក់ ទូង ទូង ទូង ទូង ជាកិច្ចកំដរពិធីហែបាយបិណ្ឌនេះផង ។
យាយតាចាស់ៗនិងអ្នកចូលរួមដទៃទៀតបានកាន់ចានមួយពេញទៅដោយបាយបិណ្ឌ ហើយគាត់បានដាក់ដុំបាយបិណ្ឌនៅលើខឿនវិហារ ព្រមទាំងឧទ្ទិសឱ្យព្រលឹងដូនតាដែលភ្លាត់សតិបញ្ញាបានទៅកើតជាប្រេតនរក អសុរកាយមកទទួលនូវដុំបាយដ៏ប្រណីតនេះ ។ បើតាមចាស់ៗតំណាលថា ពួកប្រេតអសុរកាយទាំងនោះមិនហ៊ានចេញបង្ហាញខ្លួននៅពេលថ្ងៃពេញពន្លឺឡើយ ព្រោះគេគ្មានសម្លៀកបំពាក់បិទបាំងរាងកាយខ្មាស់អៀនខ្លាំងណាស់ ។
ហេតុនេះទើបគេហែបាយបិណ្ឌតែនៅពេលងងឹតយ៉ាងនេះ សូមមកទទួលទានអាហារ គឺបាយបិណ្ឌនេះឱ្យបានឆ្អែតស្កប់ស្កល់ចុះ ហើយសូមឱ្យពរស័ព្ទសាធុការដល់កូនចៅឱ្យបានសេចក្តីសុខ សេចក្តីចម្រើនតទៅ ។
គេហែនិងដាក់បាយបិណ្ឌគ្រប់ជ្រុងវិហារយ៉ាងនេះ រហូតគម្រប់៣ជុំទើបចប់ ដែល ពិធីហែបាយបិណ្ឌនេះត្រូវបានប្រារព្ធឡើងតាំងពីបិណ្ឌមួយរហូតដល់ថ្ងៃភ្ជុំបិណ្ឌ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ