ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ៖ សហរដ្ឋអាមេរិកថ្លែងកាលពីថ្ងៃទី១៥កញ្ញាថា ត្រៀមតបតចំពោះការវាយប្រហារដោយដ្រូននាពេលមុននេះ ប្រឆាំងបណ្ដាទីតាំងប្រេងកាតនៅអារ៉ាប៊ីសាអូឌីត ដែលនាំមានការកាត់បន្ថយអស់ពាក់កណ្ដាល នៃផលិតកម្មប្រេងដែលជាយុទ្ធសាស្ត្រសម្រាប់សេដ្ឋកិច្ចពិភពលោក របស់ប្រទេសនោះ ។
តាមTWITTERប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំសរសេរថា ការផ្គត់ផ្គង់ប្រេងរបស់អារ៉ាប៊ីសាអូឌីតរងការវាយប្រហារ។ មានហេតុផលនានាដែលគេជឿថា យើងស្គាល់អ្នកវាយប្រហារហើយយើងត្រៀមតបតទៅតាមការត្រួតពិនិត្យនានា ប៉ុន្តែយើងរង់ចាំមើលអារ៉ាប៊ីសាអូឌីតនិយាយមកកាន់យើងថា តើនរណាដែលប្រទេសនេះគិតថាជាអ្នកប្រព្រឹត្ត ហើយតើស្ថិតក្នុងរូបភាពបែបណាដែលយើងត្រូវបញ្ចេញប្រតិកម្មតប។ នេះជាលើកទីមួយដែលលោកត្រាំលើកពីការតបតខាងយោធាជាយថាហេតុមួយ។
តាមTWITTERលើកមុនប្រធានាធិបតីអាមេរិកបានអនុញ្ញាត ឲ្យប្រើប្រាស់ប្រេងស្តុកយុទ្ធសាស្ត្រប្រសិនបើចាំបាច់ តែបរិមាណនៅមិនទាន់កំណត់នៅឡើយ។
ពួកឧទ្ទាមហ៊ូធីយេម៉ែនគាំទ្រដោយអ៊ីរ៉ង់ ដែលប្រឈមមុខ ចាប់តាំងពី៥ឆ្នាំមកហើយ ជាមួយការវាយប្រហាររបស់ក្រុមចម្រុះអារ៉ាប់នាំមុខដោយអារ៉ាប៊ីសាអូឌីត បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារទាំងនោះ ប្រឆាំងបណ្ដាទីតាំងប្រេងកាតរបស់ក្រុមហ៊ុនយក្សអារ៉ាប៊ីសាអូឌីតARAMCO។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោកMIKE POMPEO បានធ្វើអត្ថាធិប្បាយកាលពីថ្ងៃទី១៤កញ្ញាថា ពុំមានភស្ដុតាងដែលថាការវាយប្រហារពុំធ្លាប់មានពីមុនមកនោះ ប្រឆាំងការផ្គត់ផ្គង់ថាមពលពិភពលោក ធ្វើចេញមកពីយេម៉ែនឡើយ ដោយលោកចោទប្រកាន់អ៊ីរ៉ង់ថា ជាប្រភពនៃការវាយប្រហាររួចអះអាងថា សហរដ្ឋអាមេរិកនឹងចាត់បណ្ដាវិធានការ ដើម្បីធានាដល់ការផ្គត់់ផ្គង់ប្រេងលើទីផ្សារ។
អ៊ីរ៉ង់ចាត់ទុកការចោទប្រកាន់ទាំងនោះថាពុំមានន័យ និងមិនអាចយល់បាន។ អ្នកនាំពាក្យក្រសួងកាបរទេសអ៊ីរ៉ង់ លោកអាប់បាស់មូសាវីនិយាយថា ការចោទប្រកាន់ទាំងនេះក្នុងគោលបំណងយកធ្វើជាលេស សម្រាប់បណ្ដាសកម្មភាពនាពេលខាងមុខប្រឆាំងអ៊ីរ៉ង់។
ចំណែកប្រទេសអ៊ីរ៉ាក់វិញបានបដិសេធ រាល់ទំនាក់ទំនងជាមួយការវាយប្រហារនោះ បន្ទាប់ពីកាសែតអាមេរិកWALL STREET JOURNALគូសបញ្ជាក់ថា បណ្ដាអ្នកទទួលខុសត្រូវអាមេរិកនិងអារ៉ាប៊ីសាអូឌីតសិក្សាពីលទ្ធភាពដែលថា មីសីុលនានាបាញ់មកលើបណ្ដាទីតាំងប្រេងទាំងនោះ សង្ស័យបាញ់ចេញមកពីអ៊ីរ៉ាក់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ