ភ្លៀងធ្លាក់កណ្តាលយប់មក​ទល់ព្រឹក​អត់​ព្រមរាំង​…តំបន់ក្នុងក្រុងជន់លង់លិច


ខេត្ត​ព្រះ​សីហ​នុ ៖ ចាប់ពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៤ កញ្ញា ព្រះ​ពិរុណ​បាន​បង្អុរ​ចុះ​យ៉ាង​ខ្លាំង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បាន​វាយលុក​គ្របដណ្តប់​មក​លើ​ខេត្ត​ព្រះ​សីហ​នុ រហូត​មក​ដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​១៥ កញ្ញា នៅ​តែ​មិន​ទាន់​មានការ​ថយ​ចុះ​នៅឡើយ​ធ្វើ​ឲ្យ​វិ​ថី​នានា​និង​ទីប្រជុំជន គ្រឹះ​ស្ថានសិក្សា​និង​លំនៅ​ឋាន ហាង​តូច​ធំ​ទាំងឡាយ​នៅ​សង្កាត់​លេខ​១ សង្កាត់​លេខ​២ សង្កាត់​លេខ​៣ និង​សង្កាត់​លេខ​៤ ចំណុច​ស្ពាន​L.V កណ្តាល​ក្រុងព្រះសីហនុ រង​ការ​លិចលង់​យ៉ាង​ខ្លាំង លើស​ពី​ជំនន់​លើក​ទី​១ ដែល​បាន​កើតឡើង​នា​ខែសីហា ឆ្នាំ​២០១៩​កន្លង​មក​ទៅ​ទៀត ។

ទោះបីជា​បែប​ណា​ក្តី ជំនន់​ទឹកភ្លៀង​ជា​លើក​ទី​២​នេះ មិន​មាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​រង​របួស​ឬ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ណា​ម្នាក់​ទេ ។យោង​តាម​ប្រព័ន្ធ​(whatsapp)​លោក សោ លី​ម ប្រធាន​អង្គភាព​អគ្គិសនី​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ កញ្ញា អគ្គិសនី​ខេត្ត បាន​ធើ្វ​ការ​ផ្អាក​ការ​ផ្គត់ផ្គង់​ចរន្ត​ជា​បណ្តោះអាសន្ន ពី​អនុ​ស្ថានីយ​ក្រុងព្រះសីហនុ មូលហេតុ​ដេ​ី​ម្បី​ការ​ពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ចៀសវាង​ការ​ឆ្លង​ចរន្តអគ្គិសនី​ដោយសារ​ជំនន់​ទឹកភ្លៀង​បង្ក​ជា​គ្រោះ​ថ្នាក់​ជាយថាហេតុ ។ ការ​ផ្តាច់​ចរន្ត​នេះ​បណ្តាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​នៅ​ទីតាំង​មួយ​ចំនួន​ស្ថិត​នៅ​ផ្នែក​ខ្លះ​នៃ សង្កាត់​​លេខ​១ សង្កាត់​លេខ​២ សង្កាត់​លេខ​៣ សង្កាត់​លេខ​៤ ដែល​ទឹក​ជន់​លិច ។

លោក​ថា ក្រុមការងារ​បច្ចេកទេស​នឹង​ធើ្វ​ការ​ភ្ជាប់​ចរន្ត​ជូន​អតិថិជន​ឲ្យ​មាន​ប្រើប្រាស់​ឡើង​វិញ​ពេល​ដែល​ជំនន់​ទឹកភ្លៀង​ស្រក​ចុះ ។ លោក ហេង សោ​ភ័​ណ្ឌ​រិ​ទ្ធ ប្រធាន​ធនធានទឹក​និង​ឧតុនិយម​ខេត្ត បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ថា​បន្ទាប់​ពី​ភ្លៀង​បាន​ចាប់ផ្តើម​ធ្លាក់​យ៉ាង​ខ្លាំង​តាំងពី​វេលា​រំលង​អធ្រាត្រ​តាម​ពេលវេលា​ខាងលើ ធ្វើ​ឲ្យ​លំនៅ​ឋាន ទីប្រជុំជន​វាលទំនាប ត្រូវ​បាន​ជន់​លិច បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ ។

លោក​បន្ត​ឲ្យ​ដឹង​ទៀត​ថា​យោង​តាម​សេចក្តី​ប្រកាស​បន្ថែម​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ផ្អែក​លើ​សភាពការណ៍​ជាក់ស្តែង និង​កា​រវិ​វត្ត​អាកាសធាតុ​ពាក់ព័ន្ធ​និង​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​(ITCZ) ដែល​អូស​បន្លាយ​កាត់​លើ​ប្រទេស​ថៃ ឡាវ និង​វៀតណាម ហើយ​ដែល​បច្ចុប្បន្ន​រំកិល​ចុះ​មក​ក្រោម​កាត់​លើ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃ​ខាង​មុខ​នេះ ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​ចាប់ពី​ថ្ងៃ​ទី​១២​ដល់ទី​១៩ ខែកញ្ញា នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត បរិមាណ​កើន​ឡើងជា​លំដាប់​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស ដែល​អាច​បណ្តាល​ឲ្យ​បណ្តា​ខេត្ត​មួយ​ចំនួន​ប្រឈម​និង​ជំនន់​ទឹកភ្លៀង ។

លោក គួ​ច ចំរើន ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ជន់​លិច​កណ្តាល​ក្រុង

លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា បាន​ដឹកនាំ​មន្ត្រី​ជំនាញ​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ពិនិត្យ​តាម​ទីតាំង​ដែល​មាន​ជំនន់​ទឹកភ្លៀង​ជន់​លិច ។ទឹកភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ពាក់កណ្តាល​យប់​ថ្ងៃ​ទី​១៤ ឆ្លង​ចូល​ថ្ងៃ​ទី​១៥ កញ្ញា បណ្តាល​ឲ្យ​តំបន់​ទំនាប​ក្នុង​ក្រុងព្រះសីហនុ​មួយ​ចំនួន​ត្រូវ​លិចលង់ ។ផ្តើម​ពី​បញ្ហា​នេះ​លោក គួ​ច ចំ​រេ​ី​ន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទចុះ​ពិនិត្យ និង​ដោះ​ស្រាយ​បញ្ហា​ជា​បន្ទាន់ ព្រមទាំង​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​អាង​ប្រតិកម្ម​ទឹក​ស្អាត ។

ជំនន់​ទឹកភ្លៀង​នេះ តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​មាន​លំនៅ​ឋាន​រស់នៅ​តំបន់​ទំនាប និង​តំបន់​ក្បែរ​អូរ​-​ប្រឡាយ ស្ថិត​នៅ​តាម​សង្កាត់​មួយ​ចំនួន​ក្នុង​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ផ្ទះ របស់​ពួក​គាត់​ត្រូវ​បាន​ជន់​លិច​ដ៏​អាក្រក់​ជា​ថ្មី​ម្តងទៀត កាលពី​យប់​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​ទី​១៤ ឆ្លង​ចូល​ថ្ងៃ​ទី​១៥ កញ្ញា ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ ។

ភ្លៀង​មួយ​មេ​ធំ​នេះ បាន​បណ្តាល​ឲ្យ​ផ្លូវថ្នល់​សាធារណៈ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ និង​ផ្លូវ​ធ្វើ​ដំណើរ​មួយ​ចំនួន ត្រូវ​ទឹក​ជន់​លិច​ហូរ​លើ​ផ្លូវ និង​ហូរ​ចូល​ដល់​ក្នុងផ្ទះ ព្រមទាំង​បំផ្លាញ​ទ្រព្យសម្បត្តិ​ថែម​ទៀត​ផង ។ ក្នុង​នោះ​ក៏​មាន​ទីតាំង​ខ្លះ ទឹកបាន​ហូរ​ច្រោះ​ដី​បាក់​រលំ​របង​ផ្ទះ​មួយ​ចំនួន​ផង ប៉ុន្តែ​មិន​មាន​មនុស្ស​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ ។ សូម​បញ្ជាក់​ថា ការ​ជន់​លិច​លើក​ទី​១ គឺ​មាន​មនុស្ស​៣​នាក់​ស្លាប់ ក្នុង​នោះ​ជនជាតិ​ចិន​ម្នាក់​និង​ខ្មែរ​២​នាក់​ប្តី​-​ប្រពន្ធ ។

ជំនន់​ទឹកភ្លៀង​លើក​ទី​២​នេះ គេ​សង្កេត​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ជា​ពិសេស​កម្លាំង​កងរាជអាវុធហត្ថ​ជាដើម បាន​បញ្ចេញ​កម្លាំង​ចុះ​ជួយ​សម្រួល​ចរាចរណ៍ និង​ជួយ​សង្គ្រោះ ប្រជាពលរដ្ឋ និង​ដោះស្រាយ​ការ​ងារ​​ចាំបាច់​មួយ​ចំនួន ជូន​ប្រជាពលរដ្ឋ តាម​ទីកន្លែង​ដែល​មានទឹក​ជន់​លិច​ខ្លាំង ។

ជុំវិញ​ការ​ជន់​លិច ក្រុងព្រះសីហនុ ដែល​ធ្វើ​ឲ្យ ប្រជាពលរដ្ឋ រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នោះ ត្រូវ​បាន​ប្រភព​ប្រជាពលរដ្ឋ អះអាង​ថា គឺ​បណ្ដាល​មក​ពី ការ​ចាក់​លុប​អូរ ការ​ទន្ទ្រាន​ចំណី​អូរ ការ​ចាក់​លុប​ប្រភព​ផ្ទុក​ទឹកភ្លៀង និង​បឹង​មួយ​ចំនួន​នៅ​ក្នុង​ក្រុងព្រះសីហនុ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ចរន្តទឹក ហូរ​មិន​ទាន់​បង្ក​ជា​ការ​ជន់​លិច​បែប​នេះ​តែ​ម្ដង។

ប្រភព​ដដែល​បាន​កត់​សម្គាល់ថា ពេល​ភ្លៀង​ជន់​លិច​កាលពី​ថ្ងៃ​ទី​៨ ខែសីហា​កន្លង​ទៅ គេ​សង្កេត​ឃើញ លោក​អភិបាលខេត្ត គួ​ច ចំរើន បាន​ចុះ​ធ្វើការ​កាយ​សំរាម​តាម​ប្រព័ន្ធ​លូ​មួយ​ចំនួន ប៉ុន្តែ​គេ​ពុំ​ទាន់​ឃើញ​វិធានការ​ក្តៅ​ទៅ​លើ​ទីតាំង​ដី ដែល​បាន​រំលោភ​ចំណី​អូរ របស់​ក្រុម​អ្នកមាន​អំណាច មានបុណ្យ​សក្តិ​នៅឡើយ​ទេ ដូច្នេះ​ក្រុម​ប្រជាពលរដ្ឋ​សូម​អំពាវនាវ​ដល់​លោក​អភិបាលខេត្ត​មេត្តា​ចាត់វិធានការ​ចំពោះ​ចំណុច​នេះ​ផង បើ​ពុំ​ដូចនេះ​ទេ ការ​ជន់​លិច​នឹង​បន្ត​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត​ជា​ពុំខាន ។

សូម​បញ្ជាក់​ថា គិត​មក​ត្រឹម​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា​នេះ ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​មិន​ទាន់​រាំង​នោះ​ទេ ប៉ុន្តែ​ទឹក​ដែល​ជន់​លិច​កណ្តាល​ក្រុង​ក៏​បាន​ស្រក​អស់​ដែរ​ដោយសារ​ភ្លៀង​រាំង ។ អាជ្ញាធរ​ឃុំ​សាមគ្គី​ប្រកាស​ផ្អាក​ចរាចរណ៍​លើ​ផ្លូវ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣ ។

ដោយឡែក​ស្រុក​ព្រៃ​នប់ បើ​តាម​អាជ្ញាធរ​ឃុំ​សាមគ្គី បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា​ថា កំណាត់​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣(​វាល​រេញ​-​កំពត​)​ចូល​ទៅ​ភូមិ​ព្រែក​ក្រាញ់​ឃុំ​សាមគ្គី ចំណុច​កំពង់​ផ្កា ស្ថិត​ក្នុងភូមិ​បឹង​រាំង ត្រូវ​ទឹក​ជន់​លិច​ហូរ​លើ​ផ្លូវ​។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ឃុំ​អំពាវនាវ​សុំ​ឱ្យ​ផ្អាក​រថយន្ត​ធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន​សិន ហើយ​សម្រាប់​អ្នក​ថ្មើរជើង មុន​ឆ្លងកាត់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​ទឹក​ហូរ​កាត់​ផ្លូវ​មាន​កម្ពស់​ប្រមាណ​កន្លះ​ម៉ែត្រ និង​ប្រវែង​ជា​៧០​ម៉ែត្រ ។

អាជ្ញាធរ​បញ្ជាក់​ថា ការ​ដែល​ទឹក​ជន់​លិច​ហូរ លើ​ផ្លូវ​នៅ​ចំណុច​នេះ ជា​លើក​ទី​៣​ហើយ​សម្រាប់ឆ្នាំ​នេះ ទោះជា​យ៉ាងណា​មិន​បះ​ពាល់​ដល់​លំនៅ​ឋាន​ទេ តែ​បះ​ពាល់​ដល់​ដំណាំ​ស្រូវ​ខ្លះ​ដែរ ។ចំណែក​អាកាសធាតុ​នៅ​តែ​បន្ត​មាន​ភ្លៀងរលឹម ធ្វើ​ឱ្យ​ផ្លូវ​ចូល​ព្រែក​ក្រាញ់​បន្ត​មានទឹក​លិច​ហូរ​កាត់​ផ្លូវ​កើនឡើង​ប្រវែង​ជាង​៣០០​ម៉ែត្រ និង​កម្ពស់​ឡើង​ជាង​កន្លះ​ម៉ែត្រ ហើយ​អាជ្ញាធរ​ឲ្យ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ទាំងស្រុង ។

លោក នេន ចំរើន ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​សាមគ្គី បានឱ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង​លើក​នេះ​មាន​កម្រិត​ខ្លាំង​ជាង​លើក​មុន ដែល​ការ​លិច​មាន​ប្រវែង​ជិត​៤០០​ម៉ែត្រ កម្ពស់​ជាង​កន្លះម៉ែត្រ ហើយ​អាជ្ញាធរ​ត្រូវ​បង្ខំ​ចិត្ត​ផ្អាក​ការ​ធ្វើ​ច​រាចរណ៍​ដោយ​ខ្លួនឯង ។

លោក​បន្ត​ថា ជា​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ​ត្រូវ​តែ​ឆ្លងកាត់​ខាង​អាជ្ញា​ធរ និង​ក្រុមការងារ​បាន​ដាក់​ទូក​ចម្លង​ទៅ​មក​ជូន​ពលរដ្ឋ តែ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៥ ខែកញ្ញា​ទឹកបាន​ស្រក​ខ្លះ ចម្លង​ទូក​លែង​បាន តែ​ត្រូវ​នៅ​បន្ត​ជួយ​ដឹក​ចម្លង​ឆ្លងកាត់​រហូត​ទឹក​រីង និង​បន្ត​ប្រចាំការ​នៅ​ចំណុច​នោះ​ទាល់តែ​មាន​ភាព​ធូរស្បើយ​ឡើង​
វិញ ។

យោង​តាម​អាកាសធាតុ​នេះ សម្រាប់​កំណាត់​ផ្លូវជាតិ​លេខ​៤​ចំណុច​ងាយ​រង​នូវ​ការ​ជន់​លិច​គឺចំណុច​ស្ពាន​ស្ទឹង​សំរោង និង​ស្ពាន​អូរ​គគីរ​ក្នុងស្រុក​កំពង់​សិលា តែ​ពេល​នេះ​មិន​មាន​រង​ការ​ប៉ះពាល់​ពី​អាកាសធាតុ​នេះ​ឡើយ ទោះបីជា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏​ដោយ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ