ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាកប្រតិបត្តិ​ការ​អូសសាឡាងនេះសិន..!

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ទីបំផុត​ ប្រតិបត្តិការ​ទាញ​សា​ឡង់​ដឹក​ខ្សាច់​ចេញពី​សសរស្ពាន​ព្រែក​តា​មា​ក់ ​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន រង់ចាំ​ទឹក​ស្រក​ទៅ​វិញ​ ទើប​បន្ត​ការ​ទាញ​យកសា​ឡង់​នោះ​ជា​ថ្មី​ឡើង​វិញ ។ យប់​ថ្ងៃ​ទី​១៤ កញ្ញា…

ខេត្តកណ្តាល ៖ ទីបំផុត​ ប្រតិបត្តិការ​ទាញ​សា​ឡង់​ដឹក​ខ្សាច់​ចេញពី​សសរស្ពាន​ព្រែក​តា​មា​ក់ ​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន រង់ចាំ​ទឹក​ស្រក​ទៅ​វិញ​ ទើប​បន្ត​ការ​ទាញ​យកសា​ឡង់​នោះ​ជា​ថ្មី​ឡើង​វិញ ។ យប់​ថ្ងៃ​ទី​១៤ កញ្ញា លោក ស៊ុន ចាន់​ថុ​លទេស​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​បាន​ដឹកនាំ​និង​ត្រួតពិនិត្យ​ការ​ព្យាយាម​ទាញ​សា​ឡង់​ចេញពី​សសរស្ពាន​មាន​ប្រសាសន៍​ថា ប្រតិបត្ដិការ​អូស​ទាញ​សា​ឡង់​ដឹក​ខ្សាច់ ដែល​គឿ​ង​ជាប់​ថាស​សសរស្ពាន​ទី​៣ ស្ពាន​ព្រែក​មា​ក់ នោះ​ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន ក្រោយ​ប្រើ​គ្រប់​មធ្យោបាយ​នៅ​តែ​មិន​បាន​ទទួល​ជោគជ័យ ។ សូមរំលឹកថា៖ សា​ឡង់​ដឹក​ខ្សាច់​បុក​សសរស្ពាន​ព្រែក​តា​មា​ក់ នៅ​មិន​ទាន់​អាច​យក​ចេញ​បាន

លោក​ទេស​រដ្ឋមន្ដ្រី ស៊ុន ចាន់​ថុ​ល បាន​គូសបញ្ជាក់​ថា ចំពោះ​ថ្ងៃ​ដែល​ត្រូវ​ចាប់ផ្តើម​ប្រតិបត្តិការ​ឡើង​វិញ​នោះ មិន​ទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ ព្រោះថា​ក្រុមការងារ​បច្ចេកទេស និង​អ្នកជំនាញ ដែល​មក​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​រង់ចាំ​ស្ថានភាព​ទឹក​ស្រក​សិន ទើប​អាច​បំពេញការងារ​បន្ដ​ទៀត​បាន ព្រោះ​ពេល​នេះ​ទឹក​ហូរ​ខ្លាំង ។

លោក​ទេស​រដ្ឋមន្ដ្រី ស៊ុន ចាន់​ថុ​ល ដែល​ប្រចាំការ​ដឹកនាំ​បញ្ជា​ផ្ទាល់ តាំងពី​ថ្ងៃ​ដំបូង​មាន​ប្រសាសន៍​ថា ការ​សម្រេច​ផ្អាក​សកម្មភាព​នេះ ធ្វើ​ឡើង​តាម​ការ​ណែនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ច្បាស់​ហើយ ហាម​ដាច់ខាត​មិន​ឲ្យ​ក្រុមការងារ​ប្រើប្រាស់​នូវ​វិធីសាស្ដ្រ​ចុះ​កាត់​សា​ឡង់​ដឹក​ខ្សាច់​នេះ​ជា​ពីរ​នោះ​ទេ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ក្រុម​ប្រតិបត្តិការ​ជាយថាហេតុ ។

បើ​តាម​លោក ស៊ុន ចាន់​ថុ​ល ហេតុផល​មួយទៀត ដែល​នាំ​ឲ្យ​ក្រុមការងារ​បច្ចេកទេស​សម្រេច​ផ្អាក​សកម្មភាព​នេះ​ក៏​ដោយសារ​មានការ​បញ្ជាក់​ពី​ក្រុមហ៊ុន​សៀង​ហៃ ដែល​ជា​អ្នក​ទទួល​ស្ថាបនា​ស្ពាន​ព្រែក​តា​មា​ក់ បាន​ចុះ​មក​ពិនិត្យ​ផ្ទាល់​នៅ​ទីតាំង​កើតហេតុ ហើយ​បាន​អះអាង​ថា មិន​មានការ​ប៉ះពាល់​ណាមួយ​ដល់​សសរស្ពាន​ឬ​តួ​ស្ពាន​ទាំងមូល​ដោយសារ​សា​ឡង់​បុក​នោះ​ឡើយ ។

លោក​ទេស​រដ្ឋមន្ដ្រី​បាន​លើក​ឡើង​ដែរ​ថា សម្រាប់​ប្រតិបត្ដិការ​៧​ថ្ងៃ​មកនេះ ក្រុមការងារ​ជំនាញ បាន​ប្រើប្រាស់​ស្ទើរ​គ្រប់​វិធីសាស្ដ្រ ទាំង​ប្រើ​នាវា​ទាញ និង​រុញ​នៅ​តែ​មិន​ចេញ ។ លោក​ថា ការ​ដែល​ទាញ​មិន​ចេញ​ដោយសារ​តែ​សា​ឡង់​មាន​ទម្ងន់​ធ្ងន់ បើ​ទោះបី​បូម​ខ្សាច់​ចេញ​អស់​ក៏​ពិតមែន ព្រោះ​សា​ឡង់​មាន​ប្រវែង​ជាង​៤៣​ម៉ែត្រ ទទឹង​៨​ម៉ែត្រ បូក​រួម​ចរន្ដទឹក​ហូរ​ខ្លាំង​គឺជា​ឧបសគ្គ​ធំ សម្រាប់​ប្រតិបត្តិការ​ទាំងមូល ។ ហេតុ ការណ៍​សា​ឡង់​ដឹក​ខ្សាច់​បុក​សសរស្ពាន​ព្រែក​តា​មា​ក់ កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៧ កញ្ញា បណ្តាល​ឲ្យ​កៀប​ជាប់​នៅ​នឹង​ថាស​សសរស្ពាន​ទី​៣ ។ រហូត​មក​ដល់​ថ្ងៃ​ទី​១៤ កញ្ញា​នេះ មាន​រយៈពេល​៧​ថ្ងៃ​ហើយ ដែល​អ្នកជំនាញ​នៅ​មិន​ទាន់​អាច​យកសា​ឡង់​នេះ​ចេញ​បាន​នៅឡើយ ។

ទោះបីជា​បែប​ណា កាលពី​ថ្ងៃ​ទី​១២ កញ្ញា មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​បាន​ប្រកាស​បិទ​ចរាចរណ៍​នាវា ជលយាន ជលយាន​យន្ត​គ្រប់​ប្រភេទ​តាម​ផ្លូវទឹក​ទន្លេមេគង្គ ចំណុច​ស្ពាន​ព្រែក​តា​មា​ក់ ស្ថិត​ក្នុងស្រុក​ខ្សាច់កណ្តាល និង​ស្រុក​មុខកំពូល ខេត្តកណ្តាល ។

ការ​ប្រកាស​បាន​បន្ត​ទៀត​ថា ដោយ​មាន​ឧបទ្ទវហេតុ​សា​ឡង់​ដឹក​ខ្សាច់​ជាប់​គាំង​នៅ​សសរស្ពាន​ព្រែក​តា​
មា​ក់ ហើយ​ក្រុមការងារ​ខាង​បច្ចេកទេស​កំពុងធ្វើការ​ជួយ​សង្គ្រោះ ដូចនេះ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត កណ្តាល សូម​ធ្វើការ​បិទ​សារា​ចរណ៍​នាវា ជលយាន ជលយាន​យន្ត​គ្រប់​ប្រភេទ​តាម​ផ្លូវទឹក​ទន្លេមេគង្គ ចំណុច​ស្ពាន​ព្រែក​តា​មា​ក់​ស្ថិត​ក្នុងស្រុក​ខ្សាច់កណ្តាល និង​ស្រុក​មុខកំពូល ខេត្តកណ្តាល​ជា​បណ្តោះអាសន្ន​ចាប់ពី​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា ២០១៩ រហូត​ដល់​មាន​សេចក្តីជូនដំណឹង​ជា​ថ្មី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ