ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ​សម រ​ង្ស៊ី កំពុង​យល់សប្តិ​វិល​ចូល​ស្រុក​​កាន់​ប៉ា​ស្ព័​របា​រាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រៅពី​បណ្តឹង​ពី​បទ​«​ប្រមាថ​ព្រះមហាក្សត្រ​» លោក​សម រ​ង្ស៊ី កំពុង​រង​បណ្តឹង​បរិហារ​កេរ្តិ៍​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ផង​ដែរ ដោយ​ក្រុម​មេធាវី​រាជរដ្ឋាភិបាល បាន​ដាក់​ពាក្យ​បណ្តឹង​នេះ​រួច​ហើយ…

រាជធានី​ភ្នំពេញ ៖ ក្រៅពី​បណ្តឹង​ពី​បទ​«​ប្រមាថ​ព្រះមហាក្សត្រ​» លោក​សម រ​ង្ស៊ី កំពុង​រង​បណ្តឹង​បរិហារ​កេរ្តិ៍​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ផង​ដែរ ដោយ​ក្រុម​មេធាវី​រាជរដ្ឋាភិបាល បាន​ដាក់​ពាក្យ​បណ្តឹង​នេះ​រួច​ហើយ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ កញ្ញា ។

បណ្ដឹង​ទាំងនេះ​ស្រប​ពេល​មាន​ប្រតិកម្ម​ចម្រុះ​ពី​ក្រសួង ស្ថាប័នរដ្ឋ និង​ឯកជន ថ្កោលទោស​លោក​សម រ​ង្ស៊ី ដែល​បាន​ផ្ដល់​បទ​សម្ភាស​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ ។ ពាក្យបណ្តឹង​របស់​ក្រុម​មេធាវី​រាជរដ្ឋាភិបាល​កម្ពុជា​នេះ គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​កែវ សុធា កាលពី​ថ្ងៃ​ទី​១៣ កញ្ញា បាន​ចេញ​ដីកា​ចោទប្រកាន់​លោក​សម រ​ង្ស៊ី ពី​បទ​«​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​» ។

ការ​ចោទប្រកាន់​នោះ ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ប្រតិកម្ម​ពី​ក្រសួងព្រះបរមរាជវាំង និង​អធិបញ្ជា​ពី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក​អង្គ​វង្ស វ​ឌ្ឍា​នា ។ ក្រៅពី​រង​បណ្តឹង​ទាំង​ពីរ​នោះ លោក​សម រ​ង្ស៊ី ក៏​កំពុង​រង​ប្រតិកម្ម​ចម្រុះ​ដូច​ព្យុះ​ពី​ស្ថាប័នរដ្ឋ​នានា​រហូត​ដល់​គណបក្ស​នយោបាយ​ផង​ដែរ ។

លោក​បណ្ឌិត ​គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ត្រូវ​បាន​ស្រង់​មតិ​ដោយ​វិទ្យុ​បារាំង​អន្តរជាតិ​ថា «​ការ​លើក​ឡើង​របស់​លោក​សម រ​ង្ស៊ី គឺជា​ចេតនា​មួយ​ដើម្បី​បន្ថែម​លេស ឬ​ហេតុផល ដើម្បី​ធ្វើ​ឲ្យ​លោក​មិន​ចូល​ស្រុក​តាម​ការ​គ្រោងទុក​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ខាង​មុខ​នេះ​តែ​ប៉ុណ្ណោះ​» ។
លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នៅ​តែ​សច្ចា​ថា​នឹង​វិល​ចូល​ស្រុក​វិញ​នោះ​បាន​អះអាង​ថា លោក​វិល​ចូល​ស្រុក​ខ្មែរ​វិញ​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ គេ​មិន​អាច​ចាប់ខ្លួន​លោក​បាន​ទេ ព្រោះ​លោក​ប្រើប្រាស់​សញ្ជាតិ​បារាំង ។

យោង​តាម​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​កាល​ពេល ថ្មី​ៗ​កន្លង​មកនេះ លោក​សម រ​ង្ស៊ី បាន​បញ្ជាក់​ថា​៖ «​ហ៊ុន សែន អត់​មាន​ឥទ្ធិពល​ណា​ឲ្យ​គេ​ចាប់ខ្លួន​ខ្ញុំ​ទេ ព្រោះ​ថាបើ​ខ្ញុំ​ប្រើ​ប៉ា​ស្ព័​របា​រាំង មាន​តែ​រដ្ឋាភិបាល​បា​រាំង​ទេ​ដែល​មាន​សមត្ថកិច្ច​ទទួលខុស​-​ត្រូវ​ចំពោះ​សុវត្ថិភាព​របស់ខ្ញុំ ។ ហើយ​យល់​ច្បាស់​ថា​ខ្ញុំ​គ្មាន​ទោស​អ្វី​នោះ​ទេ គឺ​ហ៊ុន សែន ទេ ដែល​ប្រឌិត​ទោស ហើយ​ទោស​នយោបាយ​ហ្នឹង គឺជា​កិ​តិ្ត​យស ចំពោះ​ការ​តស៊ូ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដែល​ការពារ​សិទ្ធិ​សេរីភាព​ប្រជារាស្ត្រ »​។

លោក​សម រ​ង្ស៊ី បាន​រង​បណ្តឹង​ប្រមាណ​១០​ហើយ​នៅ​កម្ពុជា ក្នុង​នោះ​ក៏​មាន​ដីកាចាប់ខ្លួន​ពី​តុលាការ​ផង
​ដែរ ប៉ុន្តែ​លោក​មិន​បាន​ចូល​មក​ទទួលទោស​ទេ ។ ផ្ទុយ​ទៅ​វិញ​លោក​បាន​ចោទ​តុលាការ​កម្ពុជា​ស្ថិត​ក្រោម​ការ​បញ្ជា​របស់​រាជរដ្ឋាភិបាល​ថែម​ទៀត ។ លោក​សម រ​ង្ស៊ី បាន​អះអាង​ថា​លោក​មិន​អាច​ពឹង ឬ​មាន​អន្តរា​គមន៍​ពី​ព្រះមហាក្សត្រ​ដូច​អតីត​ព្រះ​បរម​រតន​កោដ្ឋ​បាន​ទេ ព្រោះថា​ព្រះមហាក្សត្រ​បច្ចុប្បន្ន​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ ។

យ៉ាងណា​ក្តី​ លោក​សម រ​ង្ស៊ី នៅ​តែ​អះអាង​ថា​លោក​ចូល​មក​ស្រុក​វិញ​តាម​ការ​កំណត់​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។ចំណែក​លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា ទណ្ឌិត​សម រ​ង្ស៊ី មេ​ឧទ្ទាម​ក្រៅច្បាប់​ថ្ងៃ​អង្សា​មក​ដល់​ហេ​ី​យ ព្រោះ​ការ​ប្រមាថ​ព្រះ​ចេស្តា​ព្រះ​មហាក្សត្រ​បាន​បង្ហាញ​ច្បាស់​ថា​ទណ្ឌិត​រូប​នេះ​ពិតជា​មាន​ចរិត​ក្បត់ជាតិ​សាសនា ព្រះមហាក្សត្រ​យ៉ាង​
ប្រាក​ដដែល​ត្រូវ​មហាជន ប្រជាជន​កម្ពុជា​ថ្កោលទោស​ជុំ​ទិស ។

សម្រាប់​ការ​ប្រកាស​ចូល​ស្រុក​របស់​លោក​សម រ​ង្ស៊ី ត្រូវ​លោក​សុខ ឥ​សាន បញ្ជាក់​ថា​ទោះ​ចូល​តាម​ច្រក​ណា​ក៏​ដោយ ក៏​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់​ចៀស​មិន​រួច​ពី​ត្រូវ​ដាក់​ខ្នោះដៃ​រុញ​បញ្ចូល​គុក​ដែរ ។ ចំពោះ​ការ​លើក​ឡើង​របស់​អតីត​ប្រធាន​គណបក្សប្រឆាំង​លោក​សម រ​ង្ស៊ី ត្រូវ​អ្នកវិភាគ​នាំ​គ្នា​លើក​ឡើង​ថា​រដ្ឋសភា​គួរ​ធ្វើ​វិសោធនកម្ម​ច្បាប់​សញ្ជាតិ​ពី​អ្នកនយោបាយ ដែល​ឈរឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី ត្រូវ​មាន​តែ​សញ្ជាតិ​ខ្មែរ​តែ​មួយ មិន​អនុញ្ញាត​ឲ្យ​មាន​សញ្ជាតិ​ពីរ​ទេ ។ ព្រោះថា​កន្លង​មក​លោក​សម រ​ង្ស៊ី ក៏​ធ្លាប់​មានគំនិត​ផ្តួចផ្តើម​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​ឲ្យ​នាយក​រដ្ឋមន្ត្រី និង​អ្នកនយោបាយ​មាន​សញ្ជាតិ​តែ​មួយ​ដែរ ។ តែ​មាន​អ្នកនយោបាយ​ខ្លះ​មាន​សញ្ជាតិ​លើស​ពី​មួយ ។

អ្នកវិភាគ​ដដែល​បន្ត​ថា​«​លោក​សម រ​ង្ស៊ី បាន​បង្ហាញ​ថា លោក​មក​ស្រុក​ខ្មែរ​មិន​ប្រើ​ប៉ា​ស្ព័​រ​ខ្មែរ​ទេ គាត់​ប្រើ​ប៉ា​ស្ព័​របា​រាំង អុ​ី​ចឹ​ង​កន្លង​ទៅ​គាត់​បាន​ឃោសនា​ឲ្យ​ខ្មែរ​ស្រឡាញ់​ខ្មែរ តែ​ទីបំផុត ប្រើ​ប៉ា​ស្ព័​របា​រាំង ដោយ​បោះបង់​សញ្ជាតិ​ខ្មែរ​ចោល ។ ដូច្នេះ​ សភា​គួរតែ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ដើម្បី​កំណត់​ថា​ប្រធាន​គណបក្ស ឬ​ក៏​បេក្ខជន​នាយក​រដ្ឋ មន្ត្រី ឬ​អ្នកនយោបាយ​ដែល​ឈរ​ជា​បេក្ខជន​អ្នកតំណាង​រាស្ត្រ ឬ​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ ក្រៅពី​នេះ​មិន​អនុញ្ញាត​ឡើយ​» ៕​

អត្ថបទសរសេរ ដោយ