រាជធានីភ្នំពេញ ៖ ពិតដូចការរំពឹងទុកមែន ទីបំផុតកីឡាករ នី សុភី មកពីក្លិបសាលវ័ន កីឡា បានក្លាយជាម្ចាស់ខ្សែក្រវាត់ជើងឯកប៉ះគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម អមជាមួយប្រាក់រង្វាន់៤ពាន់ដុល្លារ បន្ទាប់ពីយកឈ្នះកីឡាករ រឿង សោភ័ណ្ឌ មកពីក្លិបមកុដរាជសីហ៍នៅវគ្គប្រកួតផ្ដាច់ព្រ័ត្រដោយពិន្ទុ នៅលើសង្វៀនស្ថានីយទូរទស្សន៍ស៊ីអិនស៊ីកាលពីថ្ងៃសៅរ៍ទី១៤ ខែកញ្ញា ។
គួររំឭកថា គូនេះធ្លាប់ជួបប្រកួតគ្នា២លើករួចមកហើយ ដែលលទ្ធផលចាញ់ឈ្នះម្ដងម្នាក់ដូចគ្នា ។ ប៉ុន្តែសម្រាប់ការប្រកួតលើកទី៣នេះ លោក នី សាលវ័ន ដែលជាគ្រូបង្ហាត់របស់កីឡាករ ឡុង សុភី ធ្លាប់អះអាងថា សិស្សរបស់លោកត្រូវតែឈ្នះដើម្បីដណ្ដើមយកប្រាក់រង្វាន់៤ពាន់ដុល្លារចាយក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ។ ទីបំផុត នី សុភី ពិតជាធ្វើបានសម្រេចដូចបំណងមែន។
តាមលោក មាស វណ្ណឌី មន្ត្រីគណៈកម្មការរៀបចំការប្រកួតសម្រាប់ការជួបប្រកួតគ្នាលើកនេះ រឿង សោភ័ណ្ឌ ធ្វើបានល្អត្រឹមតែ១ទឹកដំបូងប៉ុណ្ណោះ ឯ នី សុភី ឈ្នះការប្រកួត៤ទឹកដាច់តែម្ដង ។ ដូចជាការលើកឡើងនៅមុនពេលប្រកួតអ៊ី ចឹង រឿង សោភ័ណ្ឌ ចាញ់ប្រៀបខាងកម្ពស់ នី សុភី ដូច្នេះទាល់តែចូលកៀកទើបមានឱកាសយកឈ្នះបាន តែបើវាយជាប្រយោលមិនអាចយកឈ្នះ នី សុភី បានឡើយ ។
ចំណែកគូប្រកួតមិត្តភាពវិញ ឡៅ ចន្ទ្រា មកពីក្លិបកងទ័ពពិសេសឆត្រយោង៩១១ យកឈ្នះកីឡាករថៃ Khun Krong Thap ដោយវាយឱ្យខូចដៃនៅត្រឹមទឹកទី៤ ។
រីឯ ព្រំ សំណាងមកពីក្លិបកងទ័ពពិសេសឆត្រយោង៩១១ យកឈ្នះកីឡាករប្រេស៊ីល Pereira Jean Carlos នៅត្រឹមទឹកទី២ ។ ចំណែកកីឡាករ ប៉ុក វិបុល មកពីក្លិបកងទ័ពពិសេសឆត្រយោង៩១១យកឈ្នះកីឡាករ អេលីត សុវណ្ណម៉ាយ មកពីក្លិបឆ្មាសសែនសុខគុនខ្មែរដោយពិន្ទុ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ