ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​នៅ​ពី​ក្រោយ​ដែល​ចម្លាក់​ជន​បរទេស​​លើ​ប្រាសាទខ្មែរ

4 ឆ្នាំ មុន
  • សៀមរាប

ឯកសារ​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ ពណ៌នា​ថា រហូត​ដល់​បច្ចុប្បន្ន ចម្លាក់​មួយ​ចំនួន​នៅ​លើ​ប្រាសាទបុរាណ​ខ្មែរ នៅ​តែ​ពុំ​ទាន់​មានការ​ពន្យល់ ឬ​បកស្រាយ​នៅឡើយ​ពី​អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ខេ​មរ​វិទ្យា ពិសេស​ផ្ទាំង​រូបតំណាង​បុរស​មួយ​ក្រុម​ពាក់អាវ​វែង ហើយ​នៅ​លើ​ក្បាលមាន​ពាក់​កាតឹប ឬ​មួក​ម្យ៉ាង​មាន​រាង​កោង…

ឯកសារ​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ ពណ៌នា​ថា រហូត​ដល់​បច្ចុប្បន្ន ចម្លាក់​មួយ​ចំនួន​នៅ​លើ​ប្រាសាទបុរាណ​ខ្មែរ នៅ​តែ​ពុំ​ទាន់​មានការ​ពន្យល់ ឬ​បកស្រាយ​នៅឡើយ​ពី​អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ខេ​មរ​វិទ្យា ពិសេស​ផ្ទាំង​រូបតំណាង​បុរស​មួយ​ក្រុម​ពាក់អាវ​វែង ហើយ​នៅ​លើ​ក្បាលមាន​ពាក់​កាតឹប ឬ​មួក​ម្យ៉ាង​មាន​រាង​កោង ព្រមទាំង​មាន​បន្ដោង​ខ្សែ​.​ក​ផង ។ រូប​ទាំងនេះ​ស្ថិត​នៅ​ជ្រុង​មួយ​នៃ​ប្រាសាទបាយ័ន ។

តើ​មនុស្ស​ទាំងនោះ​ជា​ជនជាតិ​អ្វី ? ហេតុ​ដូច​ម្ដេច​បានជា​មាន​វត្តមាន​របស់​ពួក​គេ នៅ​ជាប់​នឹង​ជញ្ជាំង​ប្រាសាទ​ថ្ម​ខ្មែរ​ទៅ​វិញ ? ចូរ​យើង​សាកល្បង​ពិនិត្យ​លើ​ចម្លាក់​បុរាណ​ទាំងនោះ ដោយ​ព្យាយាម​បកស្រាយ ។ ជាបឋម ដើម្បី​បញ្ជាក់​ការ​ពាក់ព័ន្ធ​នឹង​វត្តមាន របស់​ជនបរទេស​នៅ​លើ​ទីក្រុង​អង្គរធំ យើង​សូម​លើក​កំណត់ហេតុ របស់​លោក​ជីវ តា​កួន នៅ​ឆ្នាំ​១២៩៧ មក​បង្ហាញ​ជា​ភស្តុ​តាង ។

កំណត់ហេតុ​មាន​ចែង​ថា «​នៅ​ខែកក្កដា គេ​ដុត​អង្គរ​(​ដាល់អំបុក​) នៅ​ពេល​ស្រូវ​ទុំ ដើម្បី​ជា​តង្វាយ​ចំពោះ​ព្រះពុទ្ធ​អង្គ គេ​ច្រៀង​រាំ​រាល់ថ្ងៃ​នៅ​ព្រះ​បរមរាជវាំង ដោយ​មាន​រាជទូត​បរទេស​ចូលរួម​យ៉ាង​កុះករ ដែល​អញ្ជើញ​មក​មើល​ការ​ជល់​ជ្រូក ដំរី មាន់ ព្រមទាំង​ល្បែង ផ្សេង​ៗ​ទៀត​» ។

ខាងលើ​នេះ គឺជា​តឹកតាង​មួយ ប្រកបដោយ​លក្ខណៈ​ប្រវត្តិសាស្ត្រ ដែល​វិចិត្រករ​ខ្មែរ​បុរាណ​ចង់​បង្ហាញ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ជ្រាប ដោយ​ឲ្យ​តម្លៃ​យ៉ាង​ខ្ពស់​ចំពោះ​វត្តមាន​របស់​ប្រទេស​ទាំង​នោះ ដែល​ភាគច្រើន​គឺជា​រាជទូត ដែល​ចូលរួម​ក្នុង​ពិធីបុណ្យ​ទាន​ជាតិ ក្នុង​ទឹកដី​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា​របស់​ខ្លួន ។

ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ថា មនុស្ស​ទាំងនោះ​ជា​ជនជាតិ​បរទេស ពោល​គឺ​មិនមែន​ជា​ខ្មែរ វិចិត្រករ​ខ្មែរ​នា​សម័យ​នោះ​បាន​បង្ហាញ​នូវ​លក្ខណៈ​ខុស​គ្នា​ខាង​រូបរាង​កាយ ដូច​ជា ខាង​ស្លៀកពាក់ ឬ​ការ​តុបតែង​ខ្លួន​ជាដើម ។ ក្នុង​ផ្នែក​នេះ​ជនជាតិ​ចិន និង​ចាម​ទៀត​សោត ក៏​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ខ្មែរ​ដែរ ។ ហើយ​តាម​រយៈ​ការ​ស្រាវជ្រាវ​កន្លង​មក​យើង​បាន​រក​ឃើញ​ថា មាន​ភស្តុ​តាង​ជា​ច្រើន​ដែល​ចង្អុលបង្ហាញ​ថា ជនជាតិ​ទាំងនោះ​គឺជា​ជនជាតិ​ស៊ី​ត ឬ​អ៊ី​រ៉ា​ន ។

ករណី​ដូច​គ្នា គេ​ក៏​បាន​ជួប​ប្រទះ​ចម្លាក់​ប្រភេទ​មនុស្ស​បែប​នេះ ក្នុង​ស្ថានីយ​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​​នា​សម័យ​បុ​រេ​អង្គរ ដូច​ជា នៅ​កម្ពុជា​ក្រោម នៅ​ទីក្រុង​អ៊ូ​ថង និង​នៅ​ទីក្រុង​មន​ឈ្មោះ ទ្វារ​វ​តី នៅ​ម្ដុំ​នគរ​បឋម​ប្រទេស​សៀម ព្រមទាំង​នៅ​សម្បូរ​ព្រៃ​គុក ឬ​ឦសាន​បុ​រៈ ។

ក៏​ប៉ុន្ដែ​ក្នុង​ចំណោម​បណ្ដា​ចម្លាក់​ទាំងនោះ គេ​ឃើញ​ថា តឹកតាង​ដែល​ចាស់​ជាងគេ គឺ​ចម្លាក់​នៅ​លើ​កាក់​ដែល​មាន​ប្រភព​ពី​អ៊ី​រ៉ា​ន ដែល​ស្ថិត​នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី​២-៣ នៃ​គ​.​ស ។ ដូច្នេះ​វត្តមាន​របស់​ពួក​គេ ក៏​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ពីព្រោះ​ខ្មែរ​ធ្លាប់​ស្គាល់​ពួក​អ៊ី​រ៉ា​ន​នេះ តាំងពី​ដើម​សម័យ​ប្រវត្តិសាស្ត្រ​ម្ល៉េះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ