រាជធានីភ្នំពេញ ៖ ខណៈការពង្រីកនិងអភិវឌ្ឍន៍រាជធានីភ្នំពេញមានសន្ទុះហក់ឡើងខ្លាំងក្លាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសជាមួយនឹងកំណើននៃវិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិន តម្លៃដីនិងអចលទ្រព្យនៅតាមបណ្តាខណ្ឌមួយចំនួនជាយក្រុងក៏កំពុងកាក់កបនិងទាក់ទាញភ្នែកអ្នកវិនិយោគិនផងដែរ ។
ជាក់ស្តែងខណ្ឌ សែនសុខ ឬបងប្អូនយើងច្រើនតែហៅថា តំបន់សែនសុខ ត្រូវបានអ្នកជំនាញខាងអចលទ្រព្យមើលឃើញថា តំបន់នេះបាននិងកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីវាលស្រែស្ងាត់ជ្រងំ និងប្រែក្លាយពីតំបន់ដែលចាត់ទុកថានៅឆ្ងាយពីក្រុង ទៅជាតំបន់ពាណិជ្ជកម្មដ៏មានសក្ដានុពលនៅពេលបច្ចុប្បន្ន និងនៅពេលអនាគត ដោយក្នុងនោះ គេសង្កេតឃើញថា តំបន់នេះ មានផ្សារទំនើបៗជាច្រើនកំពុងដំណើរការនិងកំពុងសាងសង់បន្ថែមទៀត ។
បើតាមលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា ជាការពិតណាស់ បច្ចុប្បន្ននេះតំបន់សែនសុខបានក្លាយជាចាប់អារម្មណ៍ និងរីកចម្រើនបន្ទាប់ពីតំបន់បឹងកក់ ដោយសារតែតំបន់នោះ កាន់តែមានមនុស្សរស់នៅច្រើន ហើយមានការសាងសង់នូវផ្សារទំនើបធំៗជាច្រើនផងដែរ
អ្នកជំនាញខាងវិស័យអលចទ្រព្យរូបនេះបានបន្តថា « នៅភ្នំពេញ តំបន់បឹងកេងកង ជាតំបន់លេខ១ខាងពាណិជ្ជកម្ម និងលំនៅឋាន បន្ទាប់មកគឺតំបន់បឹងកក់ ហើយលេខ៣នោះគឺតំបន់សែនសុខនេះឯង តែយ៉ាងណាក៏ដោយ តំបន់សែនសុខនៅមិនទាន់មានអគារខ្ពស់ៗដូចតំបន់បឹងកេងកង និងបឹងកក់នៅឡើយទេ ដូច្នេះវាត្រូវការវិនិយោគបន្ថែមទៀត ដើម្បីអោយតំបន់នេះ កាន់តែមានសក្ដានុពល » ។ លោកបានបន្តថា នៅថ្ងៃអនាគត តំបន់សែនសុខ នឹងក្លាយជាតំបន់មួយ ដែលមានភាពទាក់ទាញជាក់ស្ដែង បច្ចុប្បន្ននេះ មានបុរីលំនៅឋានជាច្រើន រីកដុះដាលនៅតំបន់នោះ ហើយសុទ្ធតែអ្នកចំណូលខ្ពស់និងមធ្យម ដូច្នេះយើងរំពឹងថានៅពេលអនាគត ដ៏ខ្លីតំបន់សែនសុខ អាចជាតំបន់ពាណិជ្ជកម្មមួយដ៏មានសក្ដានុពល និងត្រូវការអភិវឌ្ឍន៍បន្តបន្ទាប់ទៀត ។ យ៉ាងណាក៏ដោយ ដើម្បីអោយតំបន់នេះ កាន់តែមានសក្ដានុពលថែមទៀតនោះ គេត្រូវទាក់ទាញអោយមនុស្សទៅរស់នៅអោយបានច្រើនជាមុនសិន ទើបត្រូវអភិវឌ្ឍន៍អគារខ្ពស់ៗនិងផ្សារទំនើបៗបន្ថែមទៀត ។
ចំណែកលោក ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ឡាក់គី ក៏បាននិយាយថា តាមពិតតំបន់ជាយៗរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ កំពុងមានការទាក់ទាញខ្លាំង ដោយសារតែតំបន់នៅកណ្ដាលរាជធានីបានឡើងថ្លៃខ្ពស់ ដែលធ្វើអោយអ្នកអភិវឌ្ឍន៍ល្មមៗ រកទីតាំងណាដែលមានតម្លៃសមរម្យសម្រាប់ការវិនិយោគរបស់ខ្លួន ។
លោកព្រឿង វិបុល ប្រធានផ្នែកជួលនៃ មជ្ឈមណ្ឌលពាណិជ្ជកម្ម B2B Park នៅបណ្ដោយផ្លូវហាណូយ ក្នុងតំបន់សែនសុខដែរនោះ បាននិយាយថា ការវិនិយោគលើមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ លោករំពឹងខ្ពស់ថានឹងទទួលបានជោគជ័យ ដោយសារតែនៅជុំវិញតំបន់ដែលខ្លួនវិនិយោគ សុទ្ធតែជាផ្សារទំនើប និងផ្ទះប្រជាពលរដ្ឋ ហើយសម្រាប់ផ្សារទំនើបដទៃ ការទាក់ទាញភ្ញៀវគឺខុសៗគ្នា ជាក់ស្ដែងផ្សារទំនើបផ្សេងទៀតដូចជាអ៊ីអន ជាដើម គេទាក់ទាញសម្រាប់ភ្ញៀវលំដាប់ខ្ពស់ មានន័យថាអ្នកមានប្រាក់ចំណូលខ្ពស់ ហើយមជ្ឈមណ្ឌលរបស់ខ្លួននឹងទាក់ទាញសម្រាប់ភ្ញៀវកម្រិតមធ្យម និងជាអ្នកជំនួញជាដើម ។
លោកបានបន្តថា ការវិនិយោគទៅលើផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅតំបន់សែនសុខនេះ នឹងជំរុញអោយតម្លៃអចលនទ្រព្យក្នុងតំបន់នេះ មានសន្ទុះឡើងខ្ពស់ជាងនេះទៀតនៅពេលខាងមុខដ៏ខ្លីនេះ ហើយក៏នឹងជំរុញអោយតំបន់នេះក្លាយជាតំបន់ពាណិជ្ជកម្ម ដូចតំបន់កណ្ដាលក្រុងភ្នំពេញដែរ ។
គួរបញ្ជាក់ថា នៅតំបន់សែនសុខបច្ចុប្បន្ននេះ មានផ្សារទំនើបល្បីៗជាច្រើនកំពុងដំណើរការ ដូចផ្សារទំនើបអ៊ីនអនទី២ ផ្សារទំនើប គ្លូបប៊ល ហៅស៍ ផ្សារម៉ាក្រូ មជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្ម ជាដើម ហើយនៅដើមឆ្នាំក្រោយនេះ មជ្ឈមណ្ឌលពិព័រណ៍និងពាណិជ្ជកម្ម ផ្សារទំនើបមួយទៀត នឹងលេចរូបរាងឡើយនៅតាមផ្លូវ ហាណូយផងដែរ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ