សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ អះអាងកាលពីថ្ងៃទី១៤កញ្ញាពីការស្លាប់របស់កូនប្រុស អូសាម៉ាប៊ីនឡាដេនឈ្មោះហាមហ្សា ដែលគេចាត់ទុកថាជាអ្នកស្នងមរតករបស់ឪពុកគេ ជាប្រមុខអាល់កៃដា។ ប៉ុន្តែតួនាទីរបស់កូនប្រុសដែលប៊ីនឡាដេនស្រឡាញ់ជាងគេនោះ ក្នុងផ្ទៃអង្គ្ការជីហាដនេះគេពុំដឹងច្បាស់ឡើយ។
ក្នុងសេចក្ដីប្រកាសមួយលោកត្រាំថ្លែងថា ហាមហ្សាប៊ីនឡាដេន ត្រូវបានស្លាប់ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មមួយ ធ្វើឡើងដោយសហរដ្ឋអាមេរិក ក្នុងតំបន់ព្រំដែនរវាងអាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន តែពុំមានការបញ្ជាក់ច្បាស់ពីកាលបរិច្ឆេទនៃប្រតិបត្តិការនេះទេ។ លោកត្រាំបន្តថា ការស្លាប់របស់ជននោះមិនត្រឹមតែជាការបាត់បង់រូបកាយរបស់គេប៉ុណ្ណោះទេ តែក៏ជាការបាត់បង់អ្នកបន្តវេនពីឪពុកគេផងដែរ។
ម្យ៉ាងទៀតវាបំផ្លាញសកម្មភាពប្រតិបត្តិការសំខាន់ៗរបស់ក្រុមអាល់កៃដា។ ៣ថ្ងៃបន្ទាប់ពីខួបលើកទី១៨នៃការវាយប្រហារភេរវកម្មថ្ងៃទី១១កញ្ញា រៀបចំឡើងដោយអាល់កៃដានិងមេដឹកនាំរបស់ខ្លូនអូសាម៉ាប៊ីនឡាដេន បណ្ដាលឲ្យមនុស្សស្លាប់ជិត៣០០០នាក់ ប្រមុខសេតវិមានអះអាងថា ហាមហ្សាប៊ីនឡាដេនជាអ្នករៀបចំផែនការនិងធ្វើការជាមួយក្រុមភេរវកម្មផ្សេងៗ។
បណ្ដាសារព័ត៌មានអាមេរិកបានលាតត្រដាងកាលពីដំណាច់ខែកក្កដាថា ហាមហ្សាប៊ីនឡាដេន មានអាយុប្រមាណជា៣០ឆ្នាំបានស្លាប់ហើយ ដោយកាសែតញូវយ៉កថែមថាអាចក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ កាលពីដំណាច់ខែសីហា រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោកMARK ESPERធ្លាប់អះអាងដោយចុងមាត់ចុងក ពីការស្លាប់របស់ជននោះ។
ទោះបីយ៉ាងណាក្រុមអាល់កៃដាពុំុំដែលធ្វើអត្ថាធិប្បាយពីការស្លាប់របស់កូនប្រុសប៊ីនឡាដេននេះឡើយ។ ជាកូនទី១៥ក្នុងចំណោមកូនប៊ីនឡាដេនទាំង២០នាក់ ហាមហ្សាជាកូនរបស់ភរិយាទី៣របស់គេ។ ហាមហ្សាកើតនាថ្ងៃទី៩ឧសភាឆ្នាំ១៩៨៩នៅក្រុងDJEDDAH អារ៉ាប៊ីសាអូឌីត តែត្រូវបានដកសញ្ជាតិអារ៉ាប៊ីសាអូឌីតកាលពីខែមីនា។ ហាមហ្សាមានឈ្មោះក្នុងបញ្ជីខ្មៅអាមេរិក នៃបណ្ដាមនុស្សដែលជាប់ចោទពីបទភេរវកម្មហើយរងការដាក់ទណ្ឌកម្មរបស់អ.ស.ប៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ