ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពតាម៉ៅស្រុកព្រែកប្រសព្វបាននិយាយថា ក្រុមគ្រូពេទ្យជំនាញ និងផ្នែកឆ្មបរបស់មណ្ឌលបានជួយសម្រាលកូនដល់ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ នៅលើទូកដរ កណ្តាលបឹងខាងក្រោយភូមិ ខណៈដែលក្រុមគ្រួសារកំពុងបញ្ជូនដឹកតាមទូកដរ សម្តៅមកមណ្ឌលសុខភាពតែបានត្រឹមពាក់កណ្តាលផ្លូវ ។
លោកឈា្នង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តបានប្រាប់ឲ្យដឹងថា ស្ត្រីឈ្មោះ ឈឹន ជូរ អាយុ២៥ឆ្នាំ រស់នៅភូមិខ្សាត់ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ដែលបានឈឺពោះសម្រាលកូនកាល ពីថ្ងៃទី១៤ ខែកញ្ញានោះត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលនៅលើទូកដរ រហូតបាន ជោគជ័យ ហើយសុខភាពទាំងម្តាយទាំងកូនមានភាពល្អប្រសើរ ។ ហើយនេះជាកូនទី៣ ។ លោកថានេះជាស្ត្រីទី១ ដែលបានសម្រាលកូននៅពាក់កណ្តាលផ្លូវពេលកំពុងបញ្ជូនមកមណ្ឌលសុខភាព ឬមន្ទីរពេទ្យក្នុងរដូវទឹកជំនន់ជន់ឡើងខ្លាំងនេះ ។
ប្រធានមណ្ឌលសុខភាពតាម៉ៅ លោក សេង គឹមលេង បានប្រាប់ឲ្យដឹងដែរថាមុន និងចាត់បញ្ជូនមកមណ្ឌលក្រុមគ្រួសាររបស់គាត់បានទាក់ទងមកមណ្ឌល ។ តែដោយសារការបារម្ភពីសុវត្ថិភាពរបស់ស្ត្រីមានផ្ទៃពោះគ្រប់ខែនេះលោកក៏បាននាំពេទ្យឆ្មបរបស់មណ្ឌលចំនួនរូបរួមទាំងសម្ភារសម្រាប់សម្រាលចេញទូកទៅជាមួយ ដើម្បីទទួលយកគាត់ដែលក្រុមគ្រួសារកំពុងបញ្ជូនគាត់មកមណ្ឌលតាមទូកដរ ។
លោកបញ្ជាក់ថា ពេលទៅដល់ស្ត្រីរូបនេះត្រូវដល់ពេលសម្រាលកូន ហើយក្រុមគ្រូពេទ្យ របស់លោកក៏ជួយសម្រាលនៅលើទូកដរកណ្តាលបឹងតែម្តង ។ ដោយសារតែលំនៅឋានរបស់ស្ត្រីមានផ្ទៃពោះរូបនេះនៅឆ្ងាយពីភូមិប្រមាណជិត១០គីឡូមែត្រ ។ ម្យ៉ាងតាមតំបន់ដែលគាត់រស់នៅនោះ គឺត្រូវបានជន់លិចដោយទឹកជំនន់ធ្វើឲ្យការដឹកបញ្ជូនគាត់មកកាន់មណ្ឌលសុខភាពតាមទូកមិនបានឆាប់រហ័សដូចផ្លូវគោកនោះទេ ។
លោកប្រធានមណ្ឌលបានបញ្ជាក់ថា ក្រោយការជួយសម្រាលនៅលើទូកដររួចទាំងម្តាយ និងទារក ត្រូវបានក្រុមគ្រូពេទ្យនាំមកសម្រាកនៅមណ្ឌល ហើយសុខភាពរបស់ពួកគេទាំងពីរមានភាពល្អប្រសើរធម្មតា ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ