ការផ្សព្វផ្សាយផលិតផល ឬសេវាមានការផ្លាស់ប្តូរយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ស្របទៅនឹងកំណើននៃការប្រើប្រាស់ស្មាតហ្វូន និងអ៊ីនធើណែតក្នុងប្រទេសកម្ពុជា ។ ដោយសារតែភាពងាយស្រួល និងចំនួនមនុស្សដែលប្រើប្រាស់ប្រព័ន្ធសង្គមច្រើន ក្រុមហ៊ុន និងអាជីវកម្មបានចាប់ផ្តើមពឹងផ្អែកលើការផ្សព្វផ្សាយបែបថ្មី ដើម្បីបង្កើនការលក់។
ប៉ុន្តែនៅមានមនុស្សជាច្រើន ដែលមិនទាន់យល់ដឹងច្បាស់ពីការផ្សព្វផ្សាយតាមប្រព័ន្ធសង្គមនៅឡើយ ដែលបង្កឲ្យពួកគេខាតបង់ថវិកា និងឱកាសជាច្រើន ។ ដូច្នេះដើម្បីជៀសវាងករណីនេះ ចូរអ្នកជៀសវាងកំហុសឆ្គងខាងក្រោមដែលមនុស្សភាគច្រើនមើលរំលង ៖
១. ការ Post
គោលបំណងសំខាន់នៃប្រព័ន្ធសង្គម គឺការបង្កើតការសន្ទនាបន្តបន្ទាប់ ដូច្នេះប្រសិនបើអ្នកមិនមានអ្វីដែលអាចចាប់ផ្តើមការសន្ទនាទេនោះ អ្នកបានបរាជ័យហើយ ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកធ្វើការ Post ឲ្យតែបាន Post ជារៀងរាល់ថ្ងៃទេនោះ វាអាចប៉ះពាល់ដល់ប្រេនរបស់អ្នកទៅវិញ ។
ដូច្នេះមុនពេលធ្វើការ Post នីមួយៗ អ្នកត្រូវតែធានាថា អ្នកមានគោលបំណងច្បាស់លាស់ និងមានយុទ្ធសាស្ត្រល្អផងដែរ ។ អ្នកគួរតែមានផែនការមុនពេល និងបង្កើតជាប្រតិទិនមួយជាដើម ។ ពេលដែលគិតពីអ្វីដែលគួរចែករំលែក អ្នកគួរសួរខ្លួនឯងថា តើការ Post បែបណាដែលអាចធ្វើឲ្យអ្នកឈប់ និងអានសិន?
២. ផ្សព្វផ្សាយពីផលិតផល ឬសេវាច្រើនពេក
ប្រាកដណាស់ អ្នកជ្រើសរើសការផ្សព្វផ្សាយតាមប្រព័ន្ធសង្គម ព្រោះអ្នកចង់លក់ផលិតផលឬសេវារបស់អ្នក ប៉ុន្តែពួកគេនឹងដើរចេញប្រសិនបើអ្នកបន្តចែករំលែកតែផលិតផលឬសេវារបស់អ្នក។ លោក Gary Vaynerchuck បានចែករំលែកក្នុងសៀវភៅ Jab, Jab, Jab, Right Hook ថា ជំហានដំបូង គឺត្រូវកសាងទំនាក់ទំនងជាមួយអ្នកអានរបស់អ្នកជាមុនសិន តាមរយៈការបង្កើតភាពទុកចិត្ត ។ ដើម្បីបង្កើនភាពទុកចិត្ត អ្នកគួរតែផ្តល់តម្លាភាពដល់អតិថិជន និងផ្តោតស្មារតីលើអ្វីដែលអ្នកអាចឲ្យដល់អតិថិជនរបស់អ្នក ។
អ្នកជំនាញផ្តល់យោបល់មកថា រាល់ការ Post ដែលសប្បាយៗនិងគួរឲ្យចាប់អារម្មណ៍ ៤ដង គួរមាន១ដងជាការផ្សព្វផ្សាយពីផលិតផល ឬសេវារបស់អ្នក
៣. ប្រេន
តើប្រេនរបស់អ្នកមានភាពខុសគ្នាពីប្រេនដទៃយ៉ាងដូចម្តេច ? តើអ្វីដែលអ្នកចែករំលែកមានឆ្លុះបញ្ចាំងពីតម្លៃពិតរបស់ប្រេនរបស់អ្នកទេ ? តើអ្វីដែលអ្នកចែករំលែកផ្ញើជាសារដូចៗគ្នាពីប្រេនរបស់អ្នកទេ?
សារដូចៗគ្នាមិនមែនមានន័យថា អ្នកត្រូវយកអ្វីដែលបានចែករំលែកហើយទៅចែករំលែកម្តងហើយម្តងទៀតទេ។ តែវាមានន័យថាវាមានការឆ្លុះបញ្ចាំងពីគោលដៅរបស់ប្រេនអ្នក រូបភាព ការសរសេរ និងសូម្បីតែអក្សរដូចគ្នាជាដើម៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ