មិនមែនមនុស្សគ្រប់រូបសាកសមធ្វើជាសហគ្រិន ឬម្ចាស់អាជីវកម្មទេ ។ ការចាប់ផ្តើមអាជីវកម្មមួយដោយខ្លួនឯង គឺពោរពេញទៅដោយភាពស្មុគស្មាញ និងស្ត្រេសជាប្រចាំ ហើយអ្នកមិនអាចធានាថា ខ្លួនទទួលបានជោគជ័យថែមទៀត ។
លើសពីនេះទៅទៀត អ្នកអាចជាសហគ្រិន តែក៏មិនប្រាកដថា អ្នកជាអ្នកគ្រប់គ្រងមនុស្សល្អម្នាក់ដែរ ។ ហើយការធ្វើជាអ្នកដឹកនាំល្អមួយរូបជាកត្តាសំខាន់ដែលចូលរួមធ្វើឲ្យអាជីវកម្មរបស់អ្នកជោគជ័យ ។ កំហុសឆ្គងមួយដែលសហគ្រិនប្រព្រឹត្ត គឺការសន្មត់ខុសលើបុគ្គលិករបស់ខ្លួនដែលអ្នកគួរជៀសវាងដូចខាងក្រោមនេះ ៖
១. បុគ្គលិកអ្នកតែងតែចូលរួមជួយដល់អាជីវកម្ម
តថភាព គឺបុគ្គលិកទាំងអស់នឹងមិនមានទំនួលខុសត្រូវដូចដែលអ្នកប្រាថ្នាចង់បានទេ ។ ដូច្នេះអ្នកមិនគួររំពឹងឲ្យបុគ្គលិករបស់អ្នកធ្វើការថែមម៉ោងសម្រាប់អ្នក ឬឲ្យពួកគេនិយាយប្រាប់អ្នកថា ពួកគេសប្បាយចិត្តដែលបានធ្វើការជាមួយអ្នកដែរ ។
២. លុយជាកត្តាជំរុញរបស់បុគ្គលិក
សហគ្រិនមួយចំនួនគិតថា បុគ្គលិករបស់ពួកគេមិនខិតខំ ឬយកចិត្តទុកដាក់នឹងការងារ ព្រមទាំងប្តូរការងារព្រោះតែកត្តាលុយ ។ ប៉ុន្តែមិនមែនបុគ្គលិកទាំងអស់គិតតែពីលុយទេ ។ មនុស្សមួយចំនួនអាចនឹងចង់ចាកចេញពីអ្នក ព្រោះតែចំនួនម៉ោងធ្វើការដែលបង្កការប៉ះពាល់ដល់ទំនាក់ទំនងពួកគេមានជាមួយក្រុមគ្រួសារ ឬមកពីចំនួនថ្ងៃឈប់សម្រាកដែលពួកគេលះបង់ដើម្បីអាជីវកម្មរបស់អ្នកជាដើម ។
៣. បុគ្គលិកមិនភ័យខ្លាចហានិភ័យ ឬការផ្លាស់ប្តូរទេ
ការផ្លាស់ប្តូរតែងតែកើតមានឡើងមិនថា អ្នកធ្វើការក្នុងវិស័យណាទេ ។ ប៉ុន្តែវាមិនមែនមានន័យថា បុគ្គលិករបស់អ្នកតែងតែត្រៀមចិត្តរួចរាល់សម្រាប់រាល់ការផ្លាស់ប្តូរក្នុងអាជីវកម្មអ្នកទេ ។ ការមិនពិភាក្សាហ្វឹកហាត់ ឬរៀបចំពួកគេសម្រាប់ការផ្លាស់ប្តូឬធំៗអាចធ្វើឲ្យបុគ្គលិកមិនអាចទទួលយកបាន និងមានអារម្មណ៍ថា អ្នកមិនឲ្យតម្លៃពួកគេជាដើម ។
៤. បុគ្គលិកអាចទ្រាំទ្របញ្ហាដែលកើតមានក្នុងក្រុមហ៊ុន
សហគ្រិនភាគច្រើនពូកែគិតឃើញអ្វីមួយ ប៉ុន្តែពួកគេមិនតែងតែជោគជ័យក្នុងការសម្រេចវាឡើយ ។ ការបរាជ័យក្នុងការគិតទុកមុនអាចប៉ះពាល់ដល់ក្រុមការងាររបស់អ្នកបានព្រោះមិនមាននរណាពេញចិត្តក្នុងការចាំដោះស្រាយបញ្ហាដែលអ្នកបានបង្កឡើងឡើយទោះជាអ្នករកបុគ្គលិកមកជួយបំពេញការងារពិតមែន។
មិនមែនមនុស្សគ្រប់រូបសាកសមធ្វើជាសហគ្រិនទេ ហើយមិនមែនគ្រប់សហគ្រិនពូកែគ្រប់គ្រងមនុស្សដែរ ប៉ុន្តែដោយទុកពេលដើម្បីគិតពីការសម្មត់ដែលអ្នកមានលើក្រុមការងាររបស់អ្នកអាចជូយឲ្យអ្នកស្វែងយល់ដឹងបន្ថែមពីបុគ្គលិករបស់អ្នកបាន ដែលជាជំហានដំបូងក្នុងការខិតជិតទៅរកភាពជោគជ័យ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ