ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ជនសង្ស័យចំនួន១រូប ត្រូវបានមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមេម៉ង់ចាប់ឃាត់ខ្លួនបានភ្លាមៗនៅក្នុងលំនៅឋាន ពាក់ព័ន្ធនឹងករណីបរបាញ់សត្វខ្ទីងដោយខុសច្បាប់ ។ ហេតុការណ៍នេះកើតឡើង កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ នៅចំណុចផ្ទះជនសង្ស័យ ឋិតក្នុងភូមិពូចារ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ចប់ ហាញ ភេទប្រុស ជាជនជាតិព្នង មានទីលំនៅបច្ចុប្បន្នភូមិពូងោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាឪពុកក្មេករបស់ជនដៃដល់ដែលបានរត់គេចខ្លួនបាត់ ។
ចំពោះវត្ថុតាងដែលដកហូតបានរួមមាន ៖ ១- អាវុធអាកាស្វ័យបត់ចំនួន០១ដើម និងគ្រាប់ចំនួន០៩គ្រាប់ ២- សាច់សត្វខ្ទីងស្រស់ចំនួន៣០គីឡូក្រាម ៣- សាច់ខ្ទីងចម្អិនឆ្អិនចំនួន០១ឆ្នាំង ៤- អាវុធកែច្នៃ (កាំភ្លើងខ្យល់) ចំនួន២ដើម ។ បច្ចុប្បន្នមន្ត្រីជំនាញកំពុងសាកសួរជនសង្ស័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី និងកំពុងស្វែងរកជនដៃដល់ និងបក្ខពួកយកមកផ្តន្ទាទោសតាមច្បាប់ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ