រាជធានីភ្នំពេញ ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានអះអាងថា លោកវិលស្រុកខ្មែរវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាមិនអាចចាប់ខ្លួនលោកបានទេ ព្រោះលោកប្រើប្រាស់សញ្ជាតិបារាំង ។ យោងតាមកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពេលថ្មីៗកន្លងមកនេះ លោកសម រង្ស៊ី បានបញ្ជាក់ថា៖ « ហ៊ុន សែន អត់មានឥទ្ធិពលណាឲ្យគេចាប់ខ្លួនខ្ញុំទេ ព្រោះថា បើខ្ញុំប្រើបាស្ព័របារាំង មានតែរដ្ឋាភិបាលបារាំងទេដែលមានសមត្ថកិច្ច ទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់ខ្ញុំ ។ ហើយយល់ច្បាស់ថាខ្ញុំគ្មានទោសអ្វីនោះទេគឺ ហ៊ុន សែនទេ ដែលប្រឌិតទោស ហើយទោសនយោបាយនឹងគឺជាកិត្តយស ចំពោះតស៊ូ ដើម្បីល ទ្ធិប្រជាធិបតេយ្យដែលការពារសិទ្ធិសេរីភាពប្រជារាស្ត្រ»។
សូមជម្រាបថាលោកសម រង្ស៊ីបានរងបណ្តឹងប្រមាណជា១០បណ្តឹងហើយនៅកម្ពុជា ក្នុងនោះក៏មានដីការចាប់ខ្លូនពីតុលាការផងដែរ ។ ប៉ុន្តែលោក សម រង្ស៊ី មិនបានចូលមកទទួលទោសនោះទេ ។ ផ្ទុយទៅវិញលោកបានចោទតុលាការកម្ពុជា ស្ថិតក្រោមការបញ្ជារបស់រាជរដ្ឋាភិបាលថែមទៀត ។ លោក សម រង្ស៊ី ក៏បានអះអាងថា លោកមិនអាចពឹង ឬមានអន្តរាគមន៍ពីព្រះមហាក្សត្រដូចអតីតព្រះបរមរតនកោដ្ឋបានទេ ព្រោះថា ព្រះមហាក្សត្របច្ចុប្បន្នមិនអាចធ្វើអ្វីបាននោះទេ ។ យ៉ាងណាក្តី លោក សម រង្ស៊ី នៅតែអះអាងថា លោកនៅតែចូលមកស្រុកវិញតាមការកំណត់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ។
ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា ទណ្ឌិត សម រង្ស៊ី មេឧទ្ទាមក្រៅច្បាប់ ថ្ងៃអន្សាមកដល់ហើយព្រោះ ការប្រមាថព្រះចេស្តាព្រះមហាក្សត្របានបង្ហាញច្បាស់ថា ទណ្ឌិតរូបនេះពិតជាមានចរិតក្បត់ជាតិសាសនាព្រះមហាក្សត្រយ៉ាងប្រាកដ ដែលត្រូវមហាជនប្រជាជនកម្ពុជាថ្កោលទោសជុំទិស ។ សម្រាប់ការប្រកាសចូលស្រុករបស់លោក សម រង្ស៊ី ត្រូវបានលោក សុខ ឥសាន គូសបញ្ជាក់ថា ទោះចូលតាមច្រកណាក៏ដោយក៏ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជៀសមិនរួចពីត្រូវដាក់ខ្នោះដៃរុញបញ្ចូលគុកដែរ ។
យ៉ាងណាក្តី ចំពោះការលើកឡើងរបស់អតីតប្រធានគណបក្សប្រឆាំងនេះ ត្រូវបានអ្នកវិភាគនាំគ្នាលើកឡើងថា រដ្ឋសភាគួរធ្វើវិសោធនកម្មច្បាប់សញ្ជាតិពីអ្នកនយោបាយដែលឈរឈ្មោះជាបេក្ខជនជានាយករដ្ឋមន្ត្រី មានតែសញ្ជាតិខ្មែរតែមួយមិនអនុញ្ញាតឲ្យសញ្ជាតិពីរ ។ ព្រោះថា កន្លងមកលោក សម រង្ស៊ី ក៏ធ្លាប់មានគំនិតផ្តួចផ្តើមឲ្យធ្វើវិសោធនកម្មច្បាប់ ដើម្បីឲ្យនាយករដ្ឋមន្ត្រី និងអ្នកនយោបាយមានសញ្ជាតិតែមួយផងដែរ ។ តែមានអ្នកនយោបាយខ្លះមានសញ្ជាតិលើសពីមួយ ។
អ្នកវិភាគដដែលបន្តថា លោកសម រង្ស៊ី បានបង្ហាញថា លោកមកស្រុកខ្មែរមិនប្រើប៉ាស្ព័រខ្មែរទេ គាត់ប្រើប៉ាស្ព័របារាំង អីញ្ចឹងកន្លងទៅគាត់បានឃោសនាឲ្យខ្មែរស្រឡាញ់ខ្មែរ តែទីបំផុតប៉ាស្ព័របារាំងដោយបោះបង់សញ្ជាតិខ្មែរចោល ។ ដូច្នេះសភាគួរតែធ្វើវិសោធនកម្មច្បាប់ ដើម្បីកំណត់ថា ប្រធានគណបក្ស ឬក៏បេក្ខជននាយករដ្ឋមន្ត្រី ឬអ្នកនយោបាយដែលឈរជាបេក្ខជនអ្នកតំណាងរាស្ត្រ ឬបេក្ខជននាយករដ្ឋមន្ត្រីឲ្យមានសញ្ជាតិខ្មែរក្រៅពីនឹងមិនអនុញ្ញាតឡើយ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ