ម្នាក់​ចូលបន្ទប់ជួល ២នាក់មើលផ្លូវ ចប់ត្រឹម​អ្នកជិត​ខាងស្រែកឆោឡោ (មានវីដេ​អូ)


រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ជួល​មួយ​កន្លែង​ដើម្បី​លួច​យក​ទ្រព្យសម្បត្តិ ដោយ​ជនសង្ស័យ​ម្នាក់​ជា​អ្នក​ធ្វើ​សកម្មភាព​គាស់​បន្ទាប់ ចំណែក​ជនសង្ស័យ​២​នាក់​ទៀត​ជា​អ្នក​ចាំ​មើលផ្លូវ ។ ខណៈនោះ​ត្រូវ​បាន​អ្នក​ជិតខាង​ប្រទះ​ឃើញ​ទាន់​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​នគរបាល​កំពុង​ល្បាត​ជិត​នោះ​នាំ​គ្នា​ជួយ​ដេញចាប់​បាន​ជនសង្ស័យ​ម្នាក់​ដែល​ជា​អ្នក​ចូល​គាស់ រីឯ​ជនសង្ស័យ​ជា​អ្នក​ចាំ​មើលផ្លូវ​ចំនួន​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​អស់​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ ហយ ចំរើន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ចំណែក​បក្ខពួក​ចំនួន​២​នាក់​ទៀត​ដែល​រត់គេច​ខ្លួន​បាត់ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ម្ចាស់​បន្ទប់​ជួល​បាន​បិទទ្វារ​ចាក់សោ ព្រោះ​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ខាងក្រៅ ស្រាប់តែ​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​គាស់​ទ្វារ​បន្ទប់​ដើម្បី​លួច​ទ្រព្យសម្បត្តិ ដោយ​ជនសង្ស័យ​ឈ្មោះ ហយ ចំរើន ជា​អ្នក​ធ្វើ​សកម្មភាព​គាស់ ចំណែក​បក្ខពួក​ចំនួន​២​នាក់​ទៀត​គឺជា​អ្នក​ចាំ​មើលផ្លូវ​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ខណៈ​ពេល​កំពុង​ធ្វើ​សកម្មភាព​នោះ ក៏​ត្រូវ​អ្នក​ជិតខាង​ប្រទះ​ឃើញ​ហើយ​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់​ផ្អើ​ដល់​នគរបាល​កំពុង​ល្បាត​នៅ​ជិត​កន្លែង​កើតហេតុ និង​មាន​អ្នក​ភូមិ​បាន​នាំ​គ្នា​ជួយ​ដេញ​តាម​ចាប់​បាន​ជនសង្ស័យ​ឈ្មោះ ហយ ចំរើន រីឯ​ជនសង្ស័យ​ជា​អ្នក​មើលផ្លូវ​ចំនួន​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​បាន​នាំ​ជនសង្ស័យ​ខាងលើ​ទៅ​កាន់​ប៉ុស្តិ៍​កា​កាប​២​ដើម្បី​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ