ផ្ទះ​ជិត​១​ពាន់​ខ្នង ដំណាំ​ជា​ច្រើន​ហិ​កតា​ក្នុងស្រុក​ចំនួន​៥…​ទឹក​ជន់​លិច​អស់​ហើយ


ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែកញ្ញា​ ឆ្នាំ​២០១៩នេះ ទឹកជំនន់​បាន​ជន់​លិច​ចូល​ដល់​ក្នុងស្រុក​ចំនួន​៥ នៃ​ខេត្តព្រៃវែង​ហើយ គឺ​ស្រុក​ស៊ី​ធរ​កណ្តាល ស្រុក​ពារាំង ស្រុក​ពោធិ៍​រៀង ស្រុក​ពាម​រក៍ និង​ស្រុក​ស្វាយ​អ​ន្ទ​រ ដែល​ស្មើនឹង​២៨​ឃុំ និង​១៧៤​ភូមិ​។

សេចក្តីរាយការណ៍​បន្ត​ថា ការ​ហក់​ឡើង​នៃ​ទឹកជំនន់​នេះ បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ចំនួន​១៥៦៥​គ្រួសារ ក្នុង​នោះ​គ្រួសារ​ដែល​កំពុង​ខ្វះខាត​ស្បៀង​មាន​ចំនួន​២២៩​គ្រួសារ​។ ហើយ​ប៉ះពាល់​ដល់​លំនៅ​ឋាន​របស់​ពលរដ្ឋ​ចំនួន​៦៣១​ខ្នង ស្រូវ​វស្សា​ចំនួន​៣៧២០​ហិ​កតា ក្នុង​នោះ​ខូចខាត​អស់​ចំនួន​៣៨​ហិ​កតា​។ ប៉ះពាល់​ផ្លូវ​កៅស៊ូ​ប្រវែង​១០០​ម៉ែត្រ ផ្លូវលំ​ប្រវែង​៥៥៤០០​ម៉ែត្រ ក្នុង​នោះ​ខូចខាត​អស់​ប្រវែង​១៩៦៥​ម៉ែត្រ និង​ប៉ះពាល់​សាលារៀន​ចំនួន​៥​កន្លែង អណ្តូង​ទឹក​​ចំនួន​៦៨​អណ្តូង បង្គន់​អនាម័យ​ចំនួន​៦៧​បង្គន់ ប្រឡាយ​និង​ទំនប់​ប្រវែង​១៣៨២៦៥​ម៉ែត្រ ក្នុង​នោះ​ប្រឡាយ​ខូចខាត​ប្រវែង​៣០០​ម៉ែត្រ​។

ដោយឡែក​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង​តែងតែ​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក ជំនន់​ដែល​កំពុង​ហក់​ឡើង និង​បាន​ណែនាំ​ពលរដ្ឋ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​សុខភាព និង​អនាម័យ​ក្នុង​ការ​រស់នៅ ជា​ពិសេស​គឺ​កូន​តូច​ៗ​មិន​ត្រូវ​បណ្តោយ​ឱ្យ​ចុះ​លេង​ទឹក​ផ្តេសផ្តាស​នោះ​ទេ​។

បន្ថែម​លើ​នេះ​ទៅ​ទៀត លោក​អភិបាលខេត្ត​ក៏​បាន​ជម្រុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ក្នុង​ការ​ត្រៀមលក្ខណៈ ដើម្បី​ជួយ​សង្គ្រោះ​ប្រជាជន និង​ស្វែងរក​ទីទួល​មាន​សុវត្ថិភាព​ជូន​ពួក​គាត់​ផង​ដែរ​បើ​ចាំបាច់​។ ជា​ពិសេស​តំបន់​ដែល​គ្រោះថ្នាក់ ឬ​ហាម​មិន​ឱ្យធ្វើ​ដំណើរ​ឆ្លងកាត់ ត្រូវ​ដាក់​ស្លាក​សញ្ញា​សម្គាល់​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បានដឹង ហើយ​​អាជ្ញាធរ​ទាំងអស់​ត្រូវ​ដាក់​កម្លាំង​វេន​ប្រចាំការ​នៅ​តាម​កន្លែង​ដែល​ប្រឈម​នឹង​ការ​លិចលង់​ខ្លាំង ដើម្បី​ធានា​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ