រាជធានីភ្នំពេញ ៖ នៅទីបំផុត ការប្រកួតជ្រើសរើសជើងឯកនៅប៉ុស្តិ៍លេខ៥ នៅសង្វៀនព្រែកកំពិស កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ឈានដល់ការប្រកួតជម្រុះពីអ្នកខ្លាំងទាំង១៦នាក់យក៨នាក់ហើយ ដោយកីឡាករ វ៉ែន រាជ បង្គោលក្រហម ជាអ្នកទទួលបានកៅអីនោះមុនគេ។
កីឡាកររូបនេះ បង្ហាញការតាំងចិត្តយ៉ាងខ្លាំងក្នុងការយកឈ្នះឱ្យខានតែបាន ដោយលោកប្រកាសថា បើឈ្នះមួយប្រកួតទៀត គឺពិតជាឡើងដល់វគ្គ១ភាគ៤។ ការប្រកួតដែលទើបតែបញ្ចប់យ៉ាងក្ដៅៗនេះ គឺសប្ដាហ៍បើកឆាករវាងអ្នកឈ្នះក្នុងជុំទី១ទាំង១៦នាក់ ដោយតម្រូវឱ្យអ្នកទាំង១៦នាក់ ចាប់គូគ្នាប្រកួតចាញ់ធ្លាក់ៗ ស្វែងរកអ្នកឈ្នះតែ៨នាក់ ដើម្បីឡើងទៅជុំបន្ត។
បង្គោលក្រហម វ៉ែន រាជ មកពីក្លិបអង្គរមានជ័យ ខេត្តសៀមរាប គឺជាអ្នកធ្វើបានល្អយ៉ាងខ្លាំង ក្នុងការវាយបំបាក់កីឡាករបង្គោលខៀវ លន់ សៀកឡេង មកពីក្លិបថ្នល់ទទឹងគុនខ្មែរ។ ការប្រកួត៣ទឹករបស់គូនេះ ជក់ចិត្តមិនចាញ់គូអន្តរជាតិនោះទេ ជាពិសេសនៅពេលកីឡាករទាំងពីរបញ្ចេញអស់បច្ចេកទេស ដើម្បីដណ្ដើមកៅអី៨នាក់ ដែលជាកៅអីសំខាន់សម្រាប់ការប្រកួតទៅវគ្គបន្ត។
កីឡាករ វ៉ែន រាជ រំភើបចិត្តយ៉ាងខ្លាំង បន្ទាប់ពីប្រកាសថា ឈ្នះគូប្រកួតហើយ បានឡើងទៅវគ្គ៨នាក់។ យ៉ាងណាមិញ លោកក៏បង្ហាញអារម្មណ៍មិនទុកចិត្តងដែរ នៅពេលគិតដល់ការប្រកួតជម្រុះពីអ្នកត្រូវឈ្នះ៨នាក់ យកតែ៤នាក់ ទៅវគ្គ១ភាគ៤។ កីឡាករ វ៉ែន រាជ ប្រកាសថា ខ្លួននឹងប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីបន្តពង្រីកឱកាសទៅកាន់មួយវគ្គទៀត ដែលគេនឹកស្រម៉ៃ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ