ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​រក​ឃើញ​ទីតាំង​លក់​វត្ថុ​អនុស្សាវរីយ៍27​កន្លែង​អាចលក់​ចម្លាក់​ភ្លុក​ដំរី​​-កុយរមាស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីជូនដំណឹង​របស់​ក្រសួងបរិស្ថាន បាន​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​លក់​វត្ថុ​អនុ​ស្សាវរីយ៍​ចំនួន​២៧​កន្លែងនៅ​រាជធានី​ភ្នំពេញ ដែល​សង្ស័យ​ថាអាច​លក់ដូរ​គ្រឿង​ចម្លាក់​ធ្វើ​ពី​ភ្លុក​ដំរី និង​កុយរមាស ឬ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​រូបភាព​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​សត្វព្រៃ ត្រូវ​បញ្ឈប់​ជា​បន្ទាន់ ព្រោះ​ខុស​នឹង​ច្បាប់​ព្រៃឈើ និង​ច្បាប់​ស្តី​ពី​«​តំបន់ការពារធម្មជាតិ​»…

រាជធានី​ភ្នំពេញ ៖ សេចក្តីជូនដំណឹង​របស់​ក្រសួងបរិស្ថាន បាន​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​លក់​វត្ថុ​អនុ​ស្សាវរីយ៍​ចំនួន​២៧​កន្លែងនៅ​រាជធានី​ភ្នំពេញ ដែល​សង្ស័យ​ថាអាច​លក់ដូរ​គ្រឿង​ចម្លាក់​ធ្វើ​ពី​ភ្លុក​ដំរី និង​កុយរមាស ឬ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​រូបភាព​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​សត្វព្រៃ ត្រូវ​បញ្ឈប់​ជា​បន្ទាន់ ព្រោះ​ខុស​នឹង​ច្បាប់​ព្រៃឈើ និង​ច្បាប់​ស្តី​ពី​«​តំបន់ការពារធម្មជាតិ​» ។

លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​១៣ កញ្ញា បាន​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ​ក្រសួងបរិស្ថាន​បាន​ជូនដំណឹង​ដល់​ម្ចាស់​អាជីវកម្ម​លក់​វត្ថុ​អនុស្សាវរីយ៍​ចំនួន​៥៩​កន្លែង​ហើយ ក្នុង​នោះ​មាននៅ​រាជធានី​ភ្នំពេញ​ចំនួន​២៧​កន្លែង ខេត្តសៀមរាប​ចំនួន​៣០​កន្លែង និង​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​២​កន្លែង ។

លោក​នេត្រ ភក្ត្រា បាន​ថ្លែង​ថា​៖ «​ប្រសិនបើ​ម្ចាស់​អាជីវកម្ម​មាន​លាក់​ទុក ឬ​លក់​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​ភ្លុក​ដំរី និង​កុយរមាស​នេះ សូម​ប្រញាប់​ប្រគល់​ជូន​ដល់​សមត្ថកិច្ច ហើយ​ប្រសិនបើ​សមត្ថកិច្ច​រក​ឃើញ និង​ចាប់​បាន​នឹង​ចាត់វិធានការ​ចំពោះ​ជនល្មើស​តាម​ច្បាប់​ជា​ចាំបាច់​» ។

បើ​តាម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូប​នេះ ការ​លក់ដូរ​គ្រឿង​ចម្លាក់​ធ្វើ​ពី​ភ្លុក​ដំរី និង​កុយរមាស ឬ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​រូបភាព​ផ្សេង​ទៀត ពាក់ព័ន្ធ​នឹង​សត្វព្រៃ ផ្សេង​ៗ គឺ​ល្មើសច្បាប់​ត្រង់​មាត្រា​៩៧ (​ចំណុច​ទី​១០) និង​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ ត្រង់​មាត្រា​៥៩ (​ចំណុច​ទី​៥) ដែល​ប្រសិនបើ​រក​ឃើញ​ថា​មាន​កំហុស​នោះ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផាកពិន័យ​យ៉ាង​ធ្ងន់ និង​ប្រឈម​មុខ​នឹង​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ថែម​ទៀត​ផង ។

លោក​នេត្រ ភក្ត្រា បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ និង​លើក​ឡើង​ថា គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវធ្វើ​ការងារ​រួម​គ្នា ដើម្បី​លុប​បំបាត់​ការ​ជួញដូរ​ខុសច្បាប់​នេះ ។ តួយ៉ាង​កម្ពុជា​បាន​រៀបចំ​យន្តការ ក៏​ដូច​ជា​មានច្បាប់ និង​អនុវត្ត​ជា​ប្រចាំ​ដើម្បី​បង្ការ ទប់ស្កាត់ និង​ប្រឆាំង​ការ​ជួញ​ដូច​សត្វព្រៃ​ខុសច្បាប់​នេះ ដោយ​បាន​បង្ក្រាប​លើ​បទល្មើស​ជា​ច្រើន ហើយ​រំដោះ​សត្វព្រៃ​ជា​ច្រើន​ពី​ក្រញាំ​ដៃ​នៃ​ក្រុម​ជនល្មើស ព្រមទាំង​បាន​ចាប់ខ្លួន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់ ក៏​ដូច​ជា​ការ​ផាកពិន័យ​ជា​ប្រាក់​ជាដើម ។

កន្លង​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា បាន​ចាប់​ឃាត់​ភ្លុក​ដំរី កុយរមាស និង​គ្រឿង​ចម្លាក់​ពី​ភ្លុក​ដំរី កុយរមាស ដែល​លួច​នាំ​ចូល​ក្នុង​ប្រទេស​កម្ពុជា និង​លួច​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ច្រើន​ករណី ។ យោង​តាម​តួលេខ​ដែល​ទទួល​បាន​ចាប់ពី​ឆ្នាំ​២០១៦ រហូត​មក​ទល់​នឹង​ចុងឆ្នាំ​២០១៨ ភ្លុក​ដំរី និង​កុយរមាស​ជា​ច្រើន​ពាន់​ដុំ​មាន​ទម្ងន់​សរុប​ប្រមាណ​ជាង​៥​តោន ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បង្ក្រាប ។ ក្រៅពី​នោះ​ក៏​មាន​ស្រកាពង្រូល និង​ឆ្អឹង​សត្វព្រៃ​ផ្សេង​ទៀត​ដែល​អាជ្ញាធរ​បង្ក្រាប​បាន​ផង​ដែរ ។

បរទេស​មួយ​ចំនួន​បាន​ស្នើ​សុំ​ឱ្យ​ដុត​បំផ្លាញ​ចោល​នូវ​វត្ថុ​ដ៏​មាន​តម្លៃ​ទាំងនេះ ប៉ុន្តែ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​សមត្ថកិច្ច​ត្រូវ​រក្សា​ទុក​នូវ​ភ្លុក​ដំរី កុយរមាស និង​សំណាក​សត្វ​កម្រ​ដទៃ​ទៀត ដែល​កម្លាំង​សមត្ថកិច្ច​កម្ពុជា​បង្ក្រាប​បាន ។ រក្សា​ទុក​ដើម្បី​ដាក់​តាំងពិព័រណ៍​សម្រាប់​សាធារណជន​ទស្សនា និង​សម្រាប់​បម្រើ​ឱ្យ​ការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ផង​ដែរ ។ ព្រោះ​នេះ​គឺជា​របស់​កម្រ ហើយ​វា​ជា​របស់​ដែល​ជិត​ដាច់​ពូជ​ទៀត​ផង ។

បច្ចុប្បន្ន​ ភ្លុក​ដំរី និង​កុយរមាស រួម​នឹង​សំណាក​សត្វ​កម្រ​ផ្សេង​ទៀត ត្រូវ​បាន​រក្សា​ទុក នៅ​កន្លែង​មាន​សុវត្ថិ​ភាព ៕

អត្ថបទសរសេរ ដោយ