ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​នេសាទ​ឈ្លើង​…លក់​ឱ្យ​ឈ្មួញ​នាំ​ទៅ​ស្រុក​ចិន

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តស្វាយរៀង ៖ ខណៈ​រដូវវស្សា​ចូលមក​ដល់ ក្រោយ​ពី​ការងារ​ធ្វើស្រែ​ចម្ការ​រួច ប្រជាពលរដ្ឋ​នៅ​ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប បាននាំ​គ្នា​ដើរ​នេសាទ​ឈ្លើង​លក់​ឲ្យ​ឈ្មួញ ដើម្បី​រក​កម្រៃ​បន្ថែម​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ លោក…

ខេត្តស្វាយរៀង ៖ ខណៈ​រដូវវស្សា​ចូលមក​ដល់ ក្រោយ​ពី​ការងារ​ធ្វើស្រែ​ចម្ការ​រួច ប្រជាពលរដ្ឋ​នៅ​ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប បាននាំ​គ្នា​ដើរ​នេសាទ​ឈ្លើង​លក់​ឲ្យ​ឈ្មួញ ដើម្បី​រក​កម្រៃ​បន្ថែម​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

លោក មាន សាន អាយុ​៤២​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​ខ្នុរ ឃុំ​រមាំង​ថ្កោល បាន​ប្រាប់​កោះសន្តិភាព​ថា ក្រៅពី​ការងារ​ធ្វើស្រែ​ចម្ការ​ពួក​គាត់​ដើរ​នេសាទ​ឈ្លើង តាម​វាលស្រែ​និង​តាម​បឹង​ដែល​មានទឹក អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ។ កសិករ​រូប​នេះ​ និយាយ​ថា ការ​នេសាទ​ឈ្លើងនេះ​មិន​ងាយស្រួល​ដូច​មុខរបរ​ផ្សេង​ៗ​ទេ ដោយ​ត្រូវធ្វើ​ដំណើរ​ទៅ​រក​កន្លែង​ដែល​មានទឹក និង​សម្បូរ​ទៅ​ដោយ​ក្របី​ដេក​នៅ​តាម​មាត់បឹង តាម​វាលស្រែ ។

ម្យ៉ាងទៀត ត្រូវ​ចុះ​កូរទឹក​ឬ​គោះ​ទឹក​ធ្វើ​ឲ្យ​ឈ្លើង​ចេញ​មក​ទើប​ដង​យក ឬ​ឲ្យ​ឈ្លើង​ទាម​ទើប​ចាប់​យក​ដាក់​ប៊ីដុង ។ ការ​ទុកដាក់​ឈ្លើង​មិន​ពិបាក​ទេ គ្រាន់តែ​ដាក់​ប៊ីដុង​និង​យក​ក្រូចឆ្មារ​មក​ជូត​តាម​មាត់​ប៊ីដុង​ធ្វើ​ឲ្យ​ឈ្លើង​វារ​ចេញ​មិន​រួច ហើយរ​ស់បាន​យូរ ។

គាត់​បញ្ជាក់​ថា ការ​នេសាទ​ឈ្លើង​លក់​ក្នុងឆ្នាំ​នេះ​មានការ​ធ្លាក់​ថ្លៃ​ជាង​ឆ្នាំ​មុន​ៗ ដែល​ឆ្នាំ​មុន​ៗឈ្លើង​១​គីឡូ ក្រាម​​​បាន​ពី​៦​ម៉ឺន​ទៅ​៧​ម៉ឺន​រៀល ប៉ុន្តែ​ឆ្នាំ​នេះ​ឈ្មួញ​ទទួល​ទិញ​១​គឺ​ឡូ​ក្រាម តម្លៃ​ត្រឹមតែ​២៥.០០០​រៀល ។ ពួក​គាត់​ខំ​រក​ទាំង​ក្រោម​កម្តៅថ្ងៃ​និង​ភ្លៀង​យ៉ាង​លំបាក និង​ត្រូវ​ចេញពីផ្ទះ​ទៅ​នេសាទ​ឈ្លើង​នៅ​តាម​ស្រុកភូមិ​ឆ្ងាយ​ៗ ដែល​ល្បី​ថា​មាន​ឈ្លើង​ច្រើន ។ គាត់​ថា​ក្នុង​មួយ​ថ្ងៃ​ៗ​អាច​រក​ឈ្លើង​បានប្រមាណ​ពី​កន្លះ​គីឡូក្រាម​ទៅ​២​គីឡូក្រាម​ប៉ុណ្ណោះ​ក្នុង​ម្នាក់​ៗ ។ ឈ្លើង​អាច​ប្រស់​ទុក​បាន​២​ទៅ​៣​ថ្ងៃ​នៅ​រស់​រវើក ។

ចំណែក​ស្ត្រី​ឈ្មោះ ស៊ូ ដែល​ជា​អ្នកនេសាទ​ឈ្លើង​ម្នាក់​ក្នុង​ចំណោម​ពួក​គាត់​ដែល​មាន​គ្នា​៦ទៅ​៧​នាក់​និយាយ​ថា ក្នុង​ការ​ដើរ​នេសាទ​ឈ្លើងគឺ​មាន​គ្នា​ជា​ក្រុម​៧​ទៅ​៨​នាក់ ដោយ​ចែក​កន្លែង​គ្នាដើរ​រក​តាម​ទីវាល​មាត់បឹង និង​វាលស្រែ​ដែល​មានទឹក​ចម្ងាយ​ពី​គ្នា​៤០០​ទៅ​៥០០​ម៉ែត្រ ។ ពួក​គាត់​នាំ​គ្នា​ចេញពីផ្ទះ​តាំងពី​ព្រលឹម ទៅ​នេសាទ​ឈ្លើង​លុះដល់​ម៉ោង​២​ឬ​៣​រសៀល​ទើប​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​មាន​ម៉ូយ​មក​ចាំ​ទទួល​ទិញ​នឹង​ថ្លឹង​យក​ទូទាត់​ប្រាក់​ភ្លាម​ៗ​មាន​ប៉ុន្មាន​ក៏​ទិញ​ទាំងអស់ ។

បើ​តាម​លោក ប្រាក់ សា​រឿ​ន រស់នៅ​ភូមិ​ស្វាយ​ធំ ឃុំ​ស្វាយ​រំពា ស្រុក​ស្វាយ​ទាប ដែល​ជា​អ្នក​ទទួល​ទិញ​ឈ្លើង និយាយ​ថា មុខរបរ​ទិញ​ឈ្លើង​នេះ គាត់​រកស៊ី​រយៈពេល​៥​ទៅ​៦​ឆ្នាំ​មក​ហើយ យក​ទៅ​លក់​បន្ត​ឱ្យ​ឈ្មួញ​ទទួល​ទិញ​នៅ​ភ្នំពេញ និង​គ្រាន់តែ​ដឹង​ថា​គេ​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​ចិន ។

គាត់​បន្ត​ថា រូប​គាត់​ក៏​ដូច​ពលរដ្ឋ​ជា​អ្នក​ដើរ​នេសាទ​ឈ្លើង​ដែរ អំពាវនាវ​ចង់​ឲ្យ​មាន​ទីផ្សារ​ច្បាស់លាស់​បន្តិច ពីព្រោះ​សព្វថ្ងៃ​គ្មាន​ទីផ្សារ​ច្បាស់លាស់​ទេ គឺ​តាម​ឈ្មួញ​នៅ​ភ្នំពេញ​ជា​អ្នក​កំណ​ត់ថ្លៃ ដូច្នេះ​លក់​មិនសូវ​បាន​ចំណេញ​ទេស្រេច​គេ​ថា ៕​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ