​ត្រូវ​ប្រុង​ប្រយ័ត្ន​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ​និង​រលក​សមុទ្រ


រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និងឧតុនិយម បាន​ឲ្យ​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​មានការប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ទឹកជំនន់​និង​រលក​សមុទ្រ ខណៈ​មាន​ភ្លៀង​បន្ត​ធ្លាក់​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​១៩ ខែ​កញ្ញា។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា អនុលោម​តាមសារាចរ​របស់​រាជរដ្ឋាភិបាល​លេខ​០៩ ចុះ​ថ្ងៃ​ទី​១០
ខែ​កញ្ញា ឆ្នាំ​២០១៩ ស្តី​ពី​ការ​បន្ត​វិធានការ​ត្រៀមទប់ទល់​នឹង​គ្រោះ​ទឹកជំនន់ ។

ផ្អែក​លើស​ភាពការណ៍​ជាក់ស្តែង​នៃ​កា​រវិ​វត្ត​អាកាសធាតុ ពាក់ព័ន្ធនឹង​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែលបាន​អូស​បន្លាយ​កាត់​លើ​ប្រទេស​ថៃ ឡាវ និង​វៀតណា​ម ហើយ​ដែល​បច្ចុប្បន្ន បាន​រំកិល​ចុះ​មក
ក្រោម កាត់​លើ​កម្ពុជា​ក្នុង​រយៈពេល ២-៣ ថ្ងៃ​ខាង​មុខ​នេះ ។ ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ ៖

១-​ចាប់ពី​ថ្ងៃ​ទី​១៦-១៩ ខែកញ្ញា នឹង​មានភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​បរិមាណ​កើនឡើងជា​លំដាប់ ក្នុង​ក្រប​ខណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស​ដែលអាច​បណ្តាល​ឲ្យ​បណ្តា​ខេត្ត​មួយ​ចំនួន​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ។ ២-​ចាប់ពី​ថ្ងៃ​ទី​១៥-១៩ ខែកញ្ញា បណ្តា​រាជធានី​-​ខេត្ត​ដែល​អាច​ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង​មាន រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ពោធិ៍សាត់ ព្រៃវែង ស្វាយ​រៀង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និង​ខេត្ត​នៅ​ជាប់មាត់​សមុទ្រ ។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត ផ្គរ រន្ទះ ទឹកជំនន់ និង​រលក​សមុទ្រ ។

គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា បានបើក​កិច្ចប្រជុំ​ពេញអង្គ​ក្រោម​អធិបតីភាព​សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ មុន​បើក​កិច្ចប្រជុំ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា ថ្ងៃនេះ​សម្ដេចចៅហ្វា​វាំង គង់ សំ​អុល បាន​នាំ​យក​អំណោ​យ​ទៅ​ចែក​និង​ចុះ​ទៅ​សួរសុខទុក្ខ​ប្រជា​ពលរដ្ឋ​នៅ​ខេត្តក្រចេះ ។ ដូច្នេះ​ ខេត្តស្ទឹងត្រែង ក្រចេះកំពង់ចាម លោក​អភិបាលខេត្ត​មិនបាច់​មាន​ក៏បាន​ដែរ គឺ​នៅ​ខាងលើ​ប្រចាំការ​សម្រាប់​សភាពការណ៍ ។

យោង​តាម​ការ​ព្យាករ ឆ្នាំ​នេះ​អាច​នឹង​មាន​ជំន​ន់​ធំ ឥឡូវនេះ​នៅ​ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ទឹក​ស្ថិត​នៅ​លើ​កម្រិត​ប្រកាស​អាសន្ន ហើយ​អាច​នឹង​មានការ​ធ្លាក់​ចុះ តែ​ការ​ធ្លាក់​ចុះ​នេះ​ក៏​មិន​ច្រើន​ដែរ នឹង​អាច​ហក់​ឡើង​វិញ​ក្លាយទៅជា​ជំនន់​ធំ ។ ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ នៅ​ខេត្តស្ទឹងត្រែង គឺ​ទឹក​ឡើង​ដល់​កម្រិត​ត្រូវ​ប្រកាស​អាសន្ន ក៏​ប៉ុន្តែដោយសារ​នៅ​ខាងលើ​តាម​បណ្តា​ព្រែក​វា​មិន​ទាន់ចូល ដូច្នេះ​មក​ដល់​មុខ​ព្រះ​បរមរាជវាំង​ទឹក​មានកម្ពស់​ជាង​៩ ម៉ែត្រ ។

ប៉ុន្តែ​បើ​ទឹក​ហូរ​មក​លើកក្រោយ នៅ​ពេល​ដែល​ខាងលើ​ចូល​ពេញ​គឺ​ទឹកបាន​គំរាមកំហែង​នៅ​តាម​បណ្តា​ខេត្ត​តាម​ដង​ទន្លេមេគង្គ ដង​ទន្លេបាសាក់ ដង​ទន្លេសាប និង​តាម​ដង​ទន្លេ​ទាំងអស់ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន និង​ត្រៀម​រៀបចំ​ជួយ​យកអាសា ត្រូវ​រៀបចំ​ខ្លួន​ព្រោះ​ស្ថានភាព​ទឹកជំនន់​ធំ ។ ទឹក​នេះ​មិន​ដល់​ឆ្នាំ​២.០០០​ទេ ក៏​ប៉ុន្តែ​វា​អាចដូច​ឆ្នាំ​២.០១៤​ដែល​យើង​អាច​ចាត់​ទុក​ថា ជា​ទឹកជំនន់​មួយ​ដែល​មាន​ទំហំ​ធំ ។

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា ប៉ុន្តែ​បើ​សម្រាប់​អ្នក​រស់នៅ​តាម​ដង​ទន្លេ បើ​ទឹក​មិន​លិច​អ្នក​ទន្លេ​ព្រួយចិត្ត​ណាស់ បើ​ទឹក​លិច​គឺ​ល្អ ។ ប៉ុន្តែ​បើ​ទឹក​លិច​យូរ​ពេក​ក៏​វា​មិនកើត ។ កន្លង​ទៅ​នេះ​យើង​មិន​ទាន់​មាន​បញ្ហា​អំពី​ទឹកទន្លេ​ទេ តែ​ទោះជា​យ៉ាងណា​យើង​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ជាប់ ចំពោះ​បញ្ហា​បាក់​ច្រាំង ទឹកជំនន់ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ពី​ជំងឺ​តម្កាត់​ផ្សេង​ៗ និង​សត្វ​ធាតុ ត្រូវ​រក​កន្លែង​ទួល​សុវត្ថិភាព គឺ​យើង​ត្រូវ​គិតគូរ​គ្រប់​ផ្នែក​ទាំងអស់ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ